ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ពេល​វេលា​ដែល ​អ.ស.ប ចាត់​វិធាន​ការ​ចំពោះ​សៀម​ឈ្លាន​ពាន​

12 ឆ្នាំ មុន

ពេល​វេលា​​ដល់​ហើយ​​សម្រាប់ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ចាត់​វិធាន​ការ​ចំពោះ​​អំពើ​ឈ្លាន​ពាន​របស់ថៃ​មក​លើ​កម្ពុជា គឺ​មិន​គួរ​បណ្តោយ​ឱ្យ​​ថៃ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​តាម​តែ​អំពើ​ចិត្ត​ដោយ​អាង​ថា ខ្លួន​ជា​ប្រទេស​ធំ​នោះ​ទេ ​​ពីព្រោះ​​ចាប់​តាំងពី​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១១​មក​ទាហាន​ថៃ​បាន​បា.ញ់​​ផ្លោង​ដោយ​គ្រាប់​កាំភ្លើង​​ជា​ច្រើន​ប្រភេទ

ពេល​វេលា​​ដល់​ហើយ​​សម្រាប់ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ចាត់​វិធាន​ការ​ចំពោះ​​អំពើ​ឈ្លាន​ពាន​របស់ថៃ​មក​លើ​កម្ពុជា គឺ​មិន​គួរ​បណ្តោយ​ឱ្យ​​ថៃ​ធ្វើ​ព្យុះ​ ធ្វើ​ភ្លៀង​តាម​តែ​អំពើ​ចិត្ត​ដោយ​អាង​ថា ខ្លួន​ជា​ប្រទេស​ធំ​នោះ​ទេ ​​ពីព្រោះ​​ចាប់​តាំងពី​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​២០១១​មក​ទាហាន​ថៃ​បាន​បាញ់​​ផ្លោង​ដោយ​គ្រាប់​កាំភ្លើង​​ជា​ច្រើន​ប្រភេទ ដូច​ជា ដេកា​៧៥​មិល្លី​ម៉ែត្រ ​ដេកា​៨៣​​មិល្លី​ម៉ែត្រ ​កាំភ្លើង​​ធំ​១០៥​​មិល្លី​ម៉ែត្រ ​និង​កាំភ្លើង​ធំ​១៥៥​មិល្លី​ម៉ែត្រ ចូល​ក្នុង​តំបន់​ប្រាសាទ​​តា​ក្របី រហូត​ដល់​ជប់​គគីរ និង​ចូល​ជ្រៅ​ចម្ងាយ​​២១​គីឡូ​ម៉ែត្រ ក្នុង​ទឹក​ដី​កម្ពុជា​ ខេត្ត​ឧត្តរ​មាន​ជ័យ ។

​ទង្វើ​ដ៏​ព្រៃ​ផ្សៃ​របស់​កង​ទ័ព​ថៃ គឺ​បាន​រំលោភ​​ទៅ​លើ​ស្មារតី​នៃ​សេច​ក្តី​ថ្លែង​ការណ៍​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ចុះ​ថ្ងៃ​ទី​១៤ ​កុម្ភៈ ​ឆ្នាំ​២០១១ និង​សេច​ក្តី​ថ្លែង​ការ​ណ៍​ប្រធាន​​អាស៊ាន ​ចុះ​ថ្ងៃ​ទី​២២ កុម្ភៈ ​ឆ្នាំ​២០១១ ។ ការ​ឈ្លាន​ពាន​ជា​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​មាន​​ការ​ស្លាប់​ និង​របួស​កង​ទ័ព​ និង​ពល​រដ្ឋ​ស៊ី​វិល​ជា​ច្រើន​នាក់ និង​ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ខូច​ខ្ទេច​ខ្ទី​អស់ ។ ​អ្នក​​ភូមិ​ប្រមាណ​​ជាង​៣​ម៉ឺន​នាក់  ​ក្នុង​ចំណោម​ពល​រដ្ឋ​ចំនួន​៥.៩២០​គ្រួសារ​​ត្រូវ​បាន​ជន្លៀស​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​លំនៅ​ឋាន​ ។

​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ថៃ​រ៉ាត់​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា រដ្ឋា​ភិបាល​​ថៃ​គាំទ្រ​កង​ទ័ព​យ៉ាង​ពេញ​ទំហឹង។ ​ប្រទេស​ថៃ​ជ្រើស​យក​ការ​បង្ក​​សង្គ្រាម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឆាំង​នឹង​កម្ពុជា​ដែល​វា​ជា​ការ​ហួស​​សម័យ​​ទៅ​ហើយ​​នៅ​ក្នុង​​សត​វត្ស​ទី ២១ នេះ ។

​ប្រទេស​ក្នុង​​តំបន់​ក៏​ដូច​ជា​ប្រទេស​​នានា​លើ​សាកល​លោក​រួម​ទាំង​សហ​រដ្ឋ​អាមេ​រិក ក៏​សម្តែង​ការ​ព្រួយ​បារម្ភ​​ខ្លាំង​ក្នុង​សង្គ្រាម​​ដែល​បង្ក​ឡើង​ដោយ​ថៃ​មក​លើ​កម្ពុជា​ដោយ​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​អំពាវនាវ​ជា​បន្ត​បន្ទាប់​ដើម្បី​បញ្ឈប់​​សង្គ្រាម​ជា​អចិ​ន្ត្រៃយ៍ ដូច​ជា​ប្រទេស​ចិន​ រុស្ស៊ី វៀត​​ណាម សិង្ហ​បុរី ​និង​លោក​​ស៊ូរិន ពិន​ស៊ូ​វណ្ណ ​អតីត​រដ្ឋ​មន្ត្រី ការ​បរទេស​ថៃ និង​ជា​អគ្គ​លេខា ធិការ​អាស៊ាន​​បាន​គាំទ្រ​ប្រសាសន៍​លោក​បាន​គី​មូន អគ្គ​លេខា​ធិការ​អង្គ​ការ​​​សហ​ប្រជា​ជាតិ​ថា «សូម​អំពា​វ​នាវ​ប្រទេស​ទាំងពីរ​បញ្ឈប់​ការ​វា​យ​ប្រហារ ​ដើម្បី​គិត​ដល់​អាយុ​ជីវិត​មនុស្ស​ពិភព​លោក​ និង​អាស៊ាន​​ដើម្បី​បញ្ចប់​​សង្គ្រាម​ និង​ដើម្បី​​ឱ្យ​បន្ថយ​​ភាព​តាន​តឹង​រវាង​​សមាជិក​អាស៊ាន​​របស់​យើង​ គឺ​ជម្រើស​​ចុង​ក្រោយ​​ចរចា​ជា​មួយគ្នា» ។

តាម​រយៈ​​ការ​ចុះ​ផ្សាយ​​របស់​សារ​ព័ត៌​មាន​បាង​កក​ប៉ុស្តិ៍​​ថ្ងៃ​ទី​២៥ មេសា ​ឆ្នាំ​២០១១ លោក​ជំទាវ​​ហ៊ីល ឡារី ឃ្លីន​តុន រដ្ឋ​មន្ត្រី​ការ​បរទេស​​សហ​រដ្ឋ​អាមេ​រិក​​បាន​មាន​ប្រសាសន៍​​ដោយ ជំរុញ​​ឱ្យ​ភាគី​ទាំង​ពីរ​បញ្ឈប់​​សង្គ្រាម​​ជា​បន្ទាន់​​នេះ​ជា​ជំហាន​​ដ៏​ចាំ​បាច់​ក្នុង​​ការ​កាត់​បន្ថយ​​ភាព​តាន​តឹង​ដើម្បី​បញ្ជៀស​សង្គ្រាម​​ទៅអនាគត​​…យើង​គាំទ្រ​​យន្តការ​សម្រប​សម្រួល​របស់​ប្រធាន​អាស៊ាន ។

សម្តេច​​អគ្គ​សេនាបតី​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​តែងតែ​​​ស្វាគមន៍​​ និង​អរគុណ​​ដល់​បណ្តា​ប្រទេស​ទាំង​នោះ​នូវ​គំនិត​​ចេះ​ឈឺ​​ឆ្អាល​ដល់​កម្ពុជា ស្រប​ជា​មួយ​នឹង​​គំនិត​​របស់​សម្តេច​​តែង​តែ​ប្រកាន់​​ជំហរ​ឈ្នះ=ឈ្នះ​ដោះ​ស្រាយ​តាម​មាគ៌​ា​ព្រះ​ពុទ្ធ​សាសនា​ជា​ធំ​ស្អប់​ខ្ពើម​សង្គ្រាម​ បាន​ឱ្យ​​កង​ទ័ព​កម្ពុជា ​អត់​ធ្មត់​មិន​បង្ក​សង្គ្រាម​មុន​ឡើយ គ្រាន់​តែ​​ធ្វើ​ការ​បាញ់​តប​ជា​ជម្រើស​ចុង​ក្រោយ​ក្នុង​គោល​បំណង ស្វ័យ​ការ​​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ ។ ​ក្នុង​​សភាព​​ការណ៍​នេះ​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​សន្តិ​​ភាព ស្ថេរ​​ភាព​នយោ​បាយ​​ពេញ​ផ្ទស​ប្រទេស​ខុស​ពី​ប្រទេស​ថៃ​ដែល​ដឹក​នាំ​ដោយ​លោក​អាប់​ភី​ស៊ីត នាយក​រដ្ឋ​មន្ត្រីថៃ​ចូល​ចិត្ត​សង្គ្រាម និង​​ធ្វើ​ឱ្យ​ប្រទេស​ថៃ​វឹក​វរ​ ចលា​ចល​ពេញ​ផ្ទៃ​ប្រទេស បែង​ចែក​ប្រជា​ជន​ថៃ​ជា​ច្រើន​ក្រុម ជា​ច្រើន​​​ចំណែក ដូច្នេះ​​កម្ពុជា​គ្មាន​​ហេតុ​ផល​ដែល​ខ្លួន​តូច​ទៅ​មាន​មហច្ឆិតា​​ណា​មួយ​ឈ្លាន​ពាន​ប្រទេស​ថៃ​នោះ​ឡើយ ។

​នៅ​ក្នុង​​​ក្រសែ​ភ្នែក​​ជាតិ អន្ត​រ​ជាតិ​បាន​កត់​សម្គាល់​ឃើញថា ​ប្រទេស​ថៃ​បាន​ព្យា​យាម​ប្រើ​ល្បិច​កលក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ គ្រប់​បែប​យ៉ាង​ដើម្បី​ឈ្លាន​ពាន​កម្ពុជា​ដូច​ជា​កាល​ពី​ថ្ងៃ​ទី​១៥​ កក្កដា ឆ្នាំ​២០០៨, ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០០៨, ​ថ្ងៃ​ទី​៣ មេសា ឆ្នាំ​២០០៩, ថ្ងៃទី​៤ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០១១ និង​​​​ព្រឹត្តិ​ការណ៍​​ចាប់​ពី​​ថ្ងៃ​ទី​២២ មេសា ឆ្នាំ​​២០១១ មក​នេះ គឺ​ជា​សង្គ្រាម​ដែល​ថៃ​បើក​ការ​បាញ់​ដោយ​​ទ្រង់​ទ្រាយ​​ធំ​មក​លើ​កម្ពុជា​ដោយ​សារ​តែ​ប្រទេស​ថៃ​ប្រើ​ប្រាស់​ផែន​ទី​ចោរ​លួច​គូរ​ដោយ​ឯក​តោ​ភាគីគ្មាន​​ការ​ទទួល​ស្គាល់​ពី​អន្តរ​ជាតិ ។

​កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ ឆ្នាំ​២០១១ ប្រទេ​ស​ថៃ​បាន​ឯក​​ភាព​យល់​ព្រម​​ទទួល​យក​​ការ​ឈប់​បាញ់​គ្នា​​ជា​អចិន្ត្រៃយ៍​​នៅ​មុខ​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​តែ​ចាប់​ពី​ពេល​នេះ​មក ថៃ​មិន​ដែល​យក​មក​​អនុ​វត្ត​តាម​បំណង​ដ៏​ល្អ​របស់​ក្រុម​ប្រឹក្សា​​សន្តិ​សុខ​អង្គ​​ការ​សហ​ប្រជា​ជាតិ​ម្តង​ណា​ឡើយ ថៃ​មិន​ត្រឹម​តែ​មាក់​ងាយ​​ប្រមាថ​​ប្រធាន​អាស៊ាន​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រំលោភ​លើ​ស្មារតី​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​​អង្គ​​ការ​​សហ​ប្រជា​ជាតិ​​ បើ​សិន​ជា​ថៃ​គោរព​ស្មារតី​អង្គ​ប្រជុំ​នោះ​ថៃ​ក៏​មិន​បង្ក​ជា​ថ្មី​ដើម្បី​​ឈ្លាន​ពាន​កម្ពុជា​ថ្មី​ទេ ។ ​ហេតុ​ដូច្នេះ​ក្រុម​ប្រឹក្សា​​សន្តិ​​​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គប្បី​ចាត់​វិធាន​ការ​​ជា​បន្ទាន់​​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា ។

បើ​សិន​​ជា​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​​ប្រជា​ជាតិ​មិន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​នោះ​ទេ មាន​ន័យ​ថា អង្គ​ការ​កំពូល​មួយ​នេះ​ទុក​ឱ្យ​ប្រជា​ជន​ស្លូត​ត្រង់​ទាំងពី​រ​ប្រទេស​ បាត់​បង់​អាយុ​ជីវិត​ជា​បន្ត​បន្ទាប់​ហើយ ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​​កំរោល​ដែល​បង្ក​ដោយ​កង​ទ័ព​ឈ្លាន​ពាន​ថៃ​ក្រោម​បញ្ជា​​របស់​នាយក​រដ្ឋ​មន្ត្រី​ថៃ អាប់​ភី​ស៊ីត​ វេចា​ជីវ៉ា ៕