ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់អំណោយដល់អ្នកស្រេកឃ្លាន​​ជាទានមានផលច្រើន

6 ឆ្នាំ មុន

កាលបើ​អំណោយ​របស់​អ្នក​ផ្តល់​ទៅ​ឱ្យ​អ្នកអត់ អ្នក​ស្រេកឃ្លាន ចាស់ជរា ជន​ទុរគត​…​ទាន​របស់​អ្នក​នឹង​មាន

កាលបើ​អំណោយ​របស់​អ្នក​ផ្តល់​ទៅ​ឱ្យ​អ្នកអត់ អ្នក​ស្រេកឃ្លាន ចាស់ជរា ជន​ទុរគត​…​ទាន​របស់​អ្នក​នឹង​មាន​ផល​ច្រើន​ពេក​ក្រៃ ឬ​ហៅ​ថា​អបមាណ​ផល គឺ​ផល​រក​បា​៉​ន់​ប្រមាណ​មិន​បាន​។ ព្រោះថា អ្នក​អត់ អ្នក​ស្រេកឃ្លាន​កាលបើ​បាន​ទទួលទាន​ពី​សប្បុរស​រូប​ណា​ហើយ ទោះ​តិច​ក្តី​ឬ​ច្រើន​ក្តី​រមែង​មានចិត្ត​រីករាយ​ត្រេកអរ​ខ្លាំង​ណាស់ ខុស​ពី​អ្នកមាន​លុយ​ពេញ​ក្នុង​ដៃ​មិនសូវ​ជា​ត្រេកអរ​នឹង​អំណោយ​របស់​គេ​ទេ ព្រោះ​គ្រប់គ្រាន់​ហើយ ។

ខាងក្រោម​នេះ​ជា​គុណធម៌​ដែល​អ្នកប្រាជ្ញចាត់​ថា​ជា​កំពូល​នៃ​សេចក្តី​ល្អ​ហៅ​ថា សប្បុរិស​ប្បញ្ញត្តិ ការ​បញ្ញត្តិ​របស់​សប្បុរស​៣​យ៉ា​ង​គឺ៖
១-​ទាន ឱ្យ​វត្ថុ​របស់​ខ្លួន​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​ពិតប្រាកដ
២-​បព្វជ្ជា កាន់​ភេទ​ជា​អ្នកបួស​ដើម្បី​ជា​ឧបាយ វៀរចាក​ការ​បៀតបៀន​គ្នា​និង​គ្នា
៣-​មាតាបិតុបដ្ឋាន ប្រតិបត្តិ​ចិញ្ចឹម​មាតាបិតា​តាម​គន្លង​ធម៌ ។

បុគ្គល​ឯណា​មិន​អើពើ​យកចិត្តទុកដាក់ ប្រព្រឹត្ត​នូវ​គុណធម៌​ទាំង​៣​ប្រការ​នេះ​ទេ បុគ្គល​នោះ​រមែង​យោងខ្លួន​មិន​រួច រស់នៅ​មិន​បាន​ទទួល​សេចក្តីសុខ​ក្សេមក្សាន្ត​ភ្លឺស្វាង​ក្នុង​ជីវិត​ឡើយ ។ ចំណែក​បុគ្គល​ឯណា​បាន​តាំង​មាំ​ក្នុង​គុណធម៌​ទាំង​៣​ប្រការ​នេះ​ហើយ បុគ្គល​នោះ​រមែង​ចម្រើន​ដោយ​ឥដ្ឋមនុញ្ញផល​ដែល​សាមញ្ញ​ជន​គប្បី​ប្រាថ្នា​គឺ​លាភ យស សរសើរ និង​មេត្រីភាព​ចាត់​ថា​ជា​អ្នក​តាំងខ្លួន​បាន​ក្នុង​អត្តភាព​នេះ​យ៉ាង​ប្រពៃ និង​មាន​តែ​សេចក្តីសុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​រហូត​ពេញ​មួយ​ជីវិត​របស់​ខ្លួន ។
ការ​ឱ្យទាន​ក្នុង​សប្បុរិស​ប្បញ្ញត្តិ​ពោល​ថា ជា​ការ​ឱ្យ​ដើម្បី​ជា​ផលប្រយោជន៍​ដល់​អ្នក​ទទួល​ពិត​ៗ អ្នក​ឱ្យ​ត្រូវ​សម្លឹង​រំពៃមើល​អ្នក​ទទួល​ជា​មុន​សិន​ទើប​ឱ្យ​ជា​ខាងក្រោយ​ពិសេស​គឺ​ឱ្យ​ដល់​អ្នក​អត់ អ្នក​ស្រេកឃ្លាន អំណោយ​របស់​អ្នក​នឹង​មាន​ផល​ច្រើន​ណាស់​។ តែបើ​ឱ្យ​ដល់​មនុស្ស​ដែល​បរិបូណ៌​ដោយ​ធនធាន​ស្រាប់ អំណោយ​របស់​អ្នក​មិនសូវ​ជា​មាន​ផល​ប៉ុន្មាន​ទេ ព្រោះ​អ្នក​ទទួល​មិនសូវ​មាន​ទឹកចិត្ត​ត្រេកអរ​ចំពោះ​ទេយ្យទាន​នោះ ហើយ​ការ​ឱ្យ​របៀប​នេះ​មិន​ចាត់​ថា​ជា​ទាន​ក្នុង​បញ្ញត្តិ​របស់​សប្បុរស​ទេ​។
អ្នកបួស​ត្រូវ​បាន​ចាត់​ថា​ជា​បុគ្គល​ស្អាតស្អំ​ជា​អ្នក​គ្មាន​ផ្ទះសម្បែង គ្មាន​ទ្រព្យសម្បត្តិ ជា​អ្នក​លះបង់​ខ្ពស់​…​រួម​ទាំង​ជា​អ្នក​ថែរក្សា​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ប្រទេស​ជាតិ​ផង ។ លើស​ពី​នេះ អ្នកបួស​មិន​ត្រឹមតែ​អប់រំ​ខ្លួនឯង ឱ្យ​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អប់រំ​ដល់​អ្នក​ទាំងពួង​ទាំងឡាយ​ឱ្យ​ស្ថិត​ក្នុង​អំពើ​ល្អ ប្រព្រឹត្ត​សុចរិត ដើម្បី​បាន​សុខ​ជា​នឹង​គ្នា​ទៀត​ផង ។

អ្នក​ទាំងពួង​សឹងតែ​បាន​ជ្រាប​អស់​ទៅ​ហើយ​ថា មាតាបិតា​មានគុណ​លើ​បុត្រ​ធីតា​ជា​អនេក ជា​អនន្តគុណ ជា​អបមាណ​គុណ ពោល​គឺ​មិន​អាច​បា​៉​ន់​ប្រមាណ​នៃ​គុណ​របស់​លោក​ថា​ប៉ុន្មាន​បាន​ឡើយ ។ ព្រោះហេតុនោះ​ការ​ចិញ្ចឹម​មើលថែ​ទាំ​តបគុណ​លោក​វិញ ជា​ភារៈ​របស់​យើង​ជា​បុត្រ​ធីតា​ហ្នឹងហើយ​ដែល​ត្រូវ​ប្រតិបត្តិ​នោះ គប្បី​ឧបត្ថម្ភ​ទំនុកបម្រុង​តាម​សមគួរ​ដល់​គុណ​បំណាច់​របស់​លោក​ដែល​មាន​មក​លើ​យើង​ជា​កូន​គ្រប់ពេលវេលា ៕
(​ឈ្វេងយល់​ឱវាទ​ព្រះពុទ្ធ​សាសនា​ចេញផ្សាយ​រៀងរាល់ថ្ងៃ​សីល​)