ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ ក្រោយពេលស្ត្រីវ័យចំណាស់ម្នាក់ បានស្លា.ប់នៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងកាលពីពេលថ្មីៗ ដោយសារតែសត្វពស់វែកដំបូកទម្ងន់ជាង១គីឡូក្រាមខាំដៃខាងឆ្វេង ខណៈស្ត្រីរងគ្រោះលូកទៅចាប់កង្កែបដែលលោ.តចូលរន្ធមួយកន្លែង។ លុះពេលក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន លោកគ្រូពេទ្យឱ្យកូនចៅទៅស្វែងរកសត្វពស់ឱ្យឃើញ ទើបអាចដាក់ថ្នាំបន្សាបបាន។

សូមបញ្ជាក់ផងដែរថា មានករណីពស់វែកដំបូកខាំដៃឆ្វេងស្ត្រីវ័យចំណាស់ម្នាក់ ដែលកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចប្រឡាយរីងទឹកមួយកន្លែង ស្ថិតក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លុះក្រុមគ្រួសារដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាន២យប់ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ អាការៈស្ត្រីរងគ្រោះដៃកាន់តែហើមដៃខ្លាំងឡើងៗ និងឈឺចុកចាប់ពេញរាងកាយ ទើបគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយស្នាក់នៅព្យាបាលនៅទីនោះ រហូតដល់វេលាម៉ោង៣និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក៏បានស្លា.ប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងតែម្តង។

ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីវ័យចំណាស់រងគ្រោះស្លា.ប់ដោយសារពស់វែកដំបូកខាំ នោះឈ្មោះ រុន ម៉ាប់ អាយុ៦០ឆ្នាំ និងមានប្តីឈ្មោះ មួង កុយ ព្រមទាំងមានកូនស្រីចំនួន៤នាក់ រស់នៅក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ វែន មុំ អាយុ៣៣ឆ្នាំ ត្រូវជាកូនស្ត្រីរងគ្រោះ បានឱ្យដឹងទាំងមិនអស់ចិត្តថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ម្តាយរបស់នាងទៅរកចាប់ត្រី រាវរកក្តាម ខ្យង នៅតាមប្រឡាយរីងទឹកមួយកន្លែងជាមួយនឹងប្អូនស្រីពៅរបស់ខ្លួនឈ្មោះ វែន ណូន ដើម្បីយកមកធ្វើម្ហូបអាហារសម្រាប់គ្រួសារ ដោយចេញតាំងពីព្រឹក រហូតដល់រសៀល ក៏ចាប់បានកូនត្រីតូចៗ និងសត្វកង្កែប១ក្បាលផងដែរ។

កូនស្រីស្ត្រីរងគ្រោះបន្តថា ក្រោយមក សត្វកង្កែបមួយក្បាលនោះក៏លោ.តចូលទៅក្នុងរន្ធមួយក្បែរនោះ ហើយម្តាយរបស់នាងក៏លូកដៃទៅចាប់កង្កែប ស្រាប់តែត្រូវពស់ខាំដៃឆ្វេង បណ្តាលឱ្យឈា.មហូរជោកដៃតែម្តង ប៉ុន្តែមិនដឹងថា តើជាសត្វពស់អ្វីនោះទេ?។ នៅពេលពស់ខាំបានមួយសន្ទុះ គាត់ក៏ងងឹតមុខដួលនៅនឹងកន្លែង បន្ទាប់កូនស្រីបានគក់ច្របាច់ រហូតដឹងខ្លួនវិញ ហើយក៏ប្រញាប់ប្រញាល់ដឹកម្តាយយកទៅព្យាបាលនៅមណ្ឌលសុខភាពភ្នំស្ពង់ តែគ្រូពេទ្យគ្មានថ្នាំ និងសម្ភារ:គ្រប់គ្រាន់ ដើម្បីបន្សាបជាតិពិសនោះទេ។

កូនស្រីស្ត្រីរងគ្រោះបន្តថា បន្ទាប់មកក៏ប្រញាប់ដឹកម្តាយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យឱ្យលើកដាក់លើគ្រែ ហើយនាងប្រាប់ថា «ម្តាយរបស់ខ្លួនត្រូវពស់ពិសខាំ តែមិនស្គាល់ពស់អ្វីនោះទេ?»។ ពេលនោះគ្រូពេទ្យសួរនាំថា «តើមានប័ណ្ណក្រីក្រឬទេ?» នាងឆ្លើយថា «ម្តាយរបស់ខ្លួនមានប័ណ្ណក្រីក្រ» ក្រោយមកគ្រូពេទ្យក៏សរសេរចុះក្នុងបញ្ជី និងបូមឈា.ម តែមិនទាន់ឃើញធ្វើអ្វីនោះទេ? ស្រាប់តែភ្លាមៗនោះ មានរឿងចម្លែកមួយ គឺគ្រូពេទ្យឱ្យទៅស្វែងរកសត្វពស់ដែលខាំម្តាយរបស់ខ្លួន។

ប្រភពដដែលបន្តថា ភ្លាមៗនោះ នាងក៏ប្រញាប់ឱ្យបងប្អូនទៅស្រាវជ្រាវជីករន្ធរកពស់ រហូតដល់ល្ងាចទើបជីករកពស់ឃើញ ក៏ប្រញាប់ជិះម៉ូតូយករូបភាពពស់ទៅឱ្យគ្រូពេទ្យមើល ប៉ុន្តែជាអកុសលម៉ូតូក៏បែកកង់តាមផ្លូវថែមទៀត លុះរហូតដល់ម៉ោងប្រហែល៦និង៣០នាទីល្ងាចថ្ងៃដដែលបានទៅដល់មន្ទីរពេទ្យ ទើបគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសពស់វែកឱ្យ។

កូនស្រីរបស់ស្ត្រីរងគ្រោះបន្តទៀតថា ក្រោយពីពស់វែកខាំអស់រយៈពេលជិត៥ម៉ោង ទើបគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសឱ្យ តែអ្វីៗហាក់ដូចជាហួសពេលអស់ទៅហើយ ដោយម្តាយនាងកាន់តែចុកខ្លាំងឡើងៗ ហើយហើមម្រាមដៃរហូតដល់ក្លៀក ទើបគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តប៉ៃលិន ចាប់ផ្តើមរៀបចំបញ្ជូនបន្តទៀតទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងវិញ។ នៅពេលទៅដល់ គ្រូពេទ្យទីនោះបានព្យាបាលវះកាត់ត្រង់កន្លែងហើម ដើម្បីយកជាតិពិសចេញ និងកាត់ម្រាមដៃ១ចោលទៀត ប៉ុន្តែម្តាយរបស់នាងមិនបានធូរស្បើយនោះទេ គឺកាន់តែឈឺចុកចាប់ខ្លាំងឡើងៗ ហើយក៏ស្លា.ប់នៅទីនោះតែម្តង។

កូនស្រីខាងលើបន្តថា ហើយអ្វីដែលធ្វើឱ្យនាងហួសចិត្តបំផុតនោះ គឺគ្រូពេទ្យឱ្យទៅរកសត្វពស់ដែលខាំដៃម្តាយខ្លួនឱ្យឃើញសិន ទើបអាចដាក់ថ្នាំបន្សាបជាតិពិសបាន ចុះបើរកពស់មិនឃើញ តើគ្រូពេទ្យជំនាញអាចដាក់ថ្នាំបន្សាបដែរឬទេ?។ បើសិនជាធ្វើដូច្នេះ គ្រប់អ្នករងគ្រោះដោយសារពស់ពិសខាំ ឬសត្វអ្វីខាំនោះអាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតគ្រប់គ្នាជាក់ជាមិនខាន? ខណៈពេលដែលត្រូវទៅរកសត្វពស់ពិសដែលខាំនោះមិនឃើញ។

ចំណែកស្ត្រីឈ្មោះ វែន ណូន ជាកូនពៅរបស់ស្ត្រីរងគ្រោះ ឱ្យដឹងដែរថា ពេលម្តាយនាងឈឺចុកចាប់ខ្លាំង គ្រូពេទ្យបានសរសេរវេជ្ជបញ្ជាក្នុងក្រដាសឱ្យទៅដើររកទិញថ្នាំនៅគ្លីនិកខាងក្រៅដោយខ្លួនឯង ដើម្បីមកចាក់បំបាត់ការឈឺចាប់ ដោយប្រាប់ថា ក្នុងមន្ទីរពេទ្យនេះ អត់មានថ្នាំនេះទេ។ បន្ទាប់មកនាងក៏ប្រញាប់រត់ទៅទិញថ្នាំ១ប្រអប់តម្លៃ២២០០០រៀល លុះក្រោយពេលទិញបានហើយ យកមកឱ្យគ្រូពេទ្យចាក់ឱ្យម្តាយរបស់ខ្លួន ដោយបញ្ចូលក្នុងសេរ៉ូមបាន២ដង ក៏មិនធូរស្បើយអ្វីដែរ ព្រោះអ្វីៗយឺតពេលបាត់អស់ទៅហើយ។

បើតាមលោក មួង កុយ ត្រូវជាប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា គាត់ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រពន្ធរបស់ខ្លួនដែលត្រូវពស់វែកដំបូកខាំ ហើយខំប្រឹងយកទៅឱ្យគ្រូពេទ្យជួយសង្គ្រោះ បែរជាជួបបញ្ហាអកុសលបែបនេះ។ ខណៈពេលដែលអ្នករស់នៅក្បែរផ្ទះរបស់ខ្លួនត្រូវពស់ស្រកាចាស់ខាំដែរ លុះបញ្ជូនទៅមន្ទីរពេទ្យត្រូវគ្រូពេទ្យដាក់ថ្នាំបន្សាបជាតិពិសព្យាបាលទាន់ពេល ហើយត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក៏ជាសះស្បើយត្រឡប់មកផ្ទះវិញ។ រីឯប្រពន្ធរបស់គាត់ ត្រូវពិសជ្រាបចូលពេញក្នុងខ្លួន បណ្តាលឱ្យស្លា.ប់ ហើយគាត់ក៏អន់ចិត្តនឹងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននេះដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ករណីខាងលើនេះ សូមខាងសារព័ត៌មានទាក់ទងទៅលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសួរនាំបញ្ជាក់ឱ្យបានច្បាស់លាស់ ព្រោះសព្វថ្ងៃនេះ គ្រូពេទ្យហត់នឿយខ្លាំងណាស់។

ចំណែកលោកវេជ្ជបណ្ឌិត គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថា ករណីស្ត្រីវ័យចំណាស់រងគ្រោះខាងលើនេះ គឺត្រូវសាច់ញាតិបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តយឺតពេលបន្តិច។ ហើយលោកសូមបដិសេធចំពោះការលើកឡើងរបស់គ្រួសារគាត់ដែលថា មានការរើសអើងចំពោះអ្នកជំងឺមានប័ណ្ណក្រីក្រ ព្រោះពេទ្យត្រូវតែសួរនាំ បើមានប័ណ្ណក្រីក្រ គ្រូពេទ្យមិនយកថវិកាទេ ហើយធ្វើការព្យាបាលដូចគ្នានឹងអ្នកជំងឺទូទៅដែរ។

លោកវេជ្ជបណ្ឌិត បន្តទៀតថា ហើយការចោទប្រកាន់ថា គ្រូពេទ្យមិនយកចិត្តទុកដាក់នោះមិនពិតទេ គឺគ្រូពេទ្យបានខិតខំប្រឹងប្រែងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយចំពោះការដែលឱ្យកូនចៅទៅរកសត្វពស់ គឺគ្រូពេទ្យមិនអាចចាក់ថ្នាំផ្តេសផ្តាសដល់អ្នកជំងឺបានឡើយ ថ្នាំបន្សាបពិសពស់មានប្រភេទផ្សេងៗពីគ្នា។ ហើយពេលបូមឈា.មមើល ស្ត្រីរងគ្រោះខាងលើ មានឈា.មកកធម្មតា មិនមានអ្វីប្លែកនោះទេ ដោយខុសពីអ្នកជំងឺដទៃ ក្រោយពេលពស់ពិសខាំ គឺឈា.មគាត់ក្លាយជារាវ ហើយគ្រូពេទ្យក៏ដាក់ថ្នាំបន្សាបជាសះស្បើយឡើងវិញ។

លោកវេជ្ជបណ្ឌិតបន្តទៀតថា ម្យ៉ាងវិញទៀត ការដែលគ្រូពេទ្យឱ្យក្រុមគ្រួសារជនរងគ្រោះទៅរកទិញថ្នាំបំបាត់ហើមនៅខាងក្រៅ ដោយសារក្នុងមន្ទីរពេទ្យដាច់ស្តុក តែខាងពេទ្យជាអ្នកចេញថវិកាជំនួស។ ហើយស្ត្រីរងគ្រោះខាងលើ គាត់មានអាការៈរាករុស និងមានជំងឺផ្សេងៗទៀតប្រចាំកាយដែរ ទើបក្រោយមកក៏ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង គាត់មិនមានបញ្ហាអ្វីកើតឡើងនៅមន្ទីរពេទ្យខេត្តប៉ៃលិនទេ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ