ខេត្តបាត់ដំបង៖ ជនអនាថាជនញៀនថ្នាំ និងជនសរសៃប្រសាទ ដែលតែងអុកឡុក និងបង្កបញ្ជានៅក្នុងមូលដ្ឋានយ៉ាងតិចជិត៣០នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកថ្មគោល ប្រមូលនាំយកទៅដាក់នៅមណ្ឌលកែប្រែ និងមួយចំនួនទៀតនាំយកទៅប្រគល់ជូន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសប្បទាខេត្ត កាលពីព្រឹកថ្ងៃទី៣១ មីនា ។

អធិការស្រុកថ្មគោល លោក សេង លុច បានឲ្យដឹងថា ជនអនាថា ដែលកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកចុះប្រមូលបាននេះ គឺប្រមូលពីតាមបណ្ដាមូលដ្ឋាននានា និងនៅក្នុងទីប្រជុំជនស្រុកថ្មគោល។ ពួកគេជាជនអនាថា ជនញៀនថ្នាំ និង ជនមានសតិមិនប្រក្រតី សរុបចំនួន២៧នាក់។ លោកអធិការបានបញ្ជាក់ថា ជនអនាថា និងជនញៀនថ្នាំ និងសរសៃប្រសាទទាំងនេះ តែងតែបង្កការអុកឡុកតាមមូលដ្ឋាន តាមទីប្រជុំជន ដែលយើងពិបាកក្នងការគ្រប់គ្រង ទើបអាជ្ញាធរស្រុក សម្រេចស្នើសុំគោលការថ្នាក់លើ ដើរប្រមូលពួកគេដើម្បីចាត់ការតាមនីតិវិធី ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមមនុស្សចំនួន២៧នាក់ មាន០៤នាក់មានជំងឺសរសៃប្រសាទ ។ បើតាមគោលការណ៏គណៈបញ្ជាការកងឯកភាពស្រុកថ្មគោល ជនអនាថាចំនួន២៣នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ(ពិភពនៃក្ដីសង្ឃឹម) ស្រុកបវេល រីឯចំនួន០៤នាក់ដែលមានរោគសរសៃប្រសាទ នឹងត្រូវបញ្ជូនទៅប្រគល់ឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្ត ដើម្បីចាត់ការបន្ត ។

លោក សេង លុច បានបញ្ជាក់ថា នេះជាលើកទី១ ដែលគណៈបញ្ជាការកងឯកភាពស្រុកថ្មគោល ដើរប្រមូលជនអនាថាតាមមូលដ្ឋាន បញ្ជូនទៅមណ្ឌលកែប្រែ ហើយយើងនឹងស្នើសុំគោលការថ្នាក់លើជាថ្មីទៀត ប្រសិនបើមានជនអនាថា និងជនសរសៃប្រសាទនៅតាមមូលដ្ឋាន ៕

ចែករំលែកព័តមាននេះ