រាជធានីភ្នំពេញ ៖ សំណង់អត់ច្បាប់ និងការចាក់ដីបំពានយកចំណីទន្លេជាកម្មសិទ្ធជាច្រើនទីតាំង នៅតាមបណ្តោយកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ អភិបាលរងខណ្ឌច្បារអំពៅ២រូប ថាសុទ្ធសឹងតែគ្មានច្បាប់ទម្លាប់ត្រឹមត្រូវអ្វីទាំងអស់ ប៉ុន្តែអ្វីជាក់ស្តែងសំណង់មួយចំនួនធំ បានសាងសង់រួចរាល់ជាបណ្តើរៗហើយ ពិសេសនោះការចាក់ដីបំពានយកចំណីទន្លេ គឺត្រូវបានចាក់លុបយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានការហាមឃាត់ ទោះបីដឹងថាខុសច្បាប់ក្ដី ព្រោះឃើញអាជ្ញាធរស្ងៀមស្ងាត់ល្អ ។
ជាទូទៅ ការសាងសង់សំណង់ គឺពុំត្រូវបានអនុញ្ញាតឲ្យមានការសាងសង់ជាសំណង់រឹងមាំក្បែរមាត់ទន្លេឡើយ ពិសេសនោះការសាងសង់សំណង់ធំស្កឹមស្កៃ ដែលអាចបង្កជាស្ថានទម្ងន់ធ្ងន់រហូតបង្កជាការបាក់ច្រាំងទន្លេ ក៏ថាបាន ។ លើសពីនេះ បើមានការសាងសង់ ក៏ត្រូវតែជាប្រភេទសំណង់ធម្មតា ពិសេសនោះ គឺត្រូវមានគម្លាតឆ្ងាយពីមាត់ទន្លេផងដែរ ។ ប៉ុន្តែបច្ចុប្បន្ននេះ សំណង់ជាច្រើនតាមបណ្តោយមាត់ទន្លេ នៃកោះនរា ខណ្ឌច្បារអំពៅ គឺសុទ្ធសឹងជាសំណង់ធំៗរឹងមាំ ហើយអ្វីដែលពិសេសនោះ គឺគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ។
អភិបាលរងខណ្ឌច្បារអំពៅ ទទួលបន្ទុកសំណង់ លោក ថេង សុថុល បានប្រាប់កោះសន្តិភាពតាមរយៈទូរស័ព្ទ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅឲ្យដឹងថា សំណង់ស្ទើរជាង៨០ភាគរយ នៃតំបន់កោះនរា ដែលនៅជាប់ដងទន្លេ គឺសុទ្ធសឹងជាសំណង់ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ព្រោះជាទូទៅរាល់សណ្ឋានដីដែលនៅជាប់មាត់ទន្លេ គឺពុំអនុញ្ញាតឲ្យមានជាសំណង់សង់ក្បែរមាត់ទន្លេឡើយ ពិសេសនោះជាប្រភេទសំណង់រឹងមាំតែម្តង ។ ផ្ទុយពីការលើកឡើងរបស់អភិបាលរងខណ្ឌទទួលបន្ទុករូបនេះ គេសង្កេតឃើញមានសំណង់ជាច្រើន ត្រូវបានសាង់ឡើងបណ្តើរៗហើយ ដោយខ្លះត្រូវបានរួចរាល់ជាស្ថាពរ និងមួយចំនួនបានសាងសង់ស្ទើរ តែ៥០ភាគរយ ។
អភិបាលរងរូបនេះបន្តថា សំណង់ជាច្រើនទាំងនោះ លោកពុំបានអនុញ្ញាតច្បាប់ឲ្យសាងសង់ឡើយ ប៉ុន្តែម្ចាស់ទីតាំងបានលួចលបចាក់ដីបំពេញដោយខ្លួនឯង លុះពេលលោកដឹង គឺសំណង់បានសាងសង់ បានខ្លះបណ្តើរៗទៅហើយ ៕











ចែករំលែកព័តមាននេះ