ខេត្តបាត់ដំបង ៖ កូនសិស្សសាលាអាយុចន្លោះពី៧ ទៅ១១ឆ្នាំចំនួន០៥នាក់បានលង់ទឹកស្លា.ប់យ៉ាងអាណោចអាធម័នៅក្នុងស្រះទឹក ហើយត្រូវអាណាព្យាបាលរកឃើញនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣០ មីនា នៅចំណុចទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ក្រោយពីបាត់មិនឃើញក្រុមយុវសិស្សទាំងនេះទៅដល់ផ្ទះ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា គេមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យកូនសិស្សទាំង០៥នាក់នោះ នាំគ្នាទៅហែលទឹកស្រះរហូតលង់ស្លាប់ទាំងអស់គ្នាបែបនេះទេ ព្រោះបើតាមការអះអាងពីក្រុមគ្រួសារថា ពួកគេមិនចេះហែលទឹកទេ ។ កុមារីរងគ្រោះទាំង០៥នាក់នេះមាន១-ឈ្មោះ វុធ អី អាយុ០៧ឆ្នាំ ២-ឈ្មោះ ជា ស្រីឌឿន អាយុ១១ឆ្នាំ ៣-ឈ្មោះ លួង លីតា អាយុ៩ឆ្នាំ ៤-ឈ្មោះធឹម
ម៉េងលី អាយុ៩ឆ្នាំ និង៥-ឈ្មោះ វ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ ពួកគេជាសិស្សរៀននៅបឋមសិក្សាស្រឡៅទង ស្ថិតនៅក្បែរកន្លែងកើតហេតុខាងលើ ។
នាយប៉ុស្ដិ៍រដ្ឋបាលឃុំកំរៀង លោកហ៊ាន សុភិន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង០៥នាក់នេះ បានជួបឧប្បត្តិហេតុដ៏រ.ន្ធ.ត់នេះ ក្រោយពេលពួកនាងចេញពីសាលា ។ ប៉ុន្តែគេមិនដឹងថា ក្រោយចេញពីសាលាពួកនាងនាំគ្នាទៅហែលទឹកស្រះខាងក្រោយសាលានោះទេ ។ លោកមេប៉ុស្តិ៍រូបនេះបានបញ្ជាក់ថា ដំបូងពុំមានអ្នកដឹងថា មានកូនសិស្សលង់ទឹកស្រះស្លា.ប់យ៉ាងអាណោចអធ័មបែបនេះទេ តែគេមានការភ្ញាក់ផ្អើល ក្រោយពីអាណាព្យាបាលរបស់នាងរកសពពួកនាងឃើញនៅក្នុងទឹកស្រះ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនសិស្សបានចេញពីសាលាទៅផ្ទះ តែគេមិនបានដឹងថា កុមារីរងគ្រោះទាំង០៥នាក់នោះនាំគ្នាទៅលេងទឹកស្រះ នៅខាងក្រោយសាលារៀនទេ លុះមានបញ្ជាកើតឡើង ទើបមានការភ្ញាក់ផ្អើល ។ ប៉ុន្តែបើតាមការស្រង់សំដីអាណាព្យាបាលក្មេងស្រីទាំងនោះបាននិយាយថា ក្រោយសិស្សចេញពីសាលា អាណាព្យាបាលកុមារីរងគ្រោះបាត់មិនឃើញកូនៗទៅដល់ ដោយមានការសង្ស័យ អាណាព្យាបាលខ្លះបានដើរសួរនាំគេឯងរកកូន។
ជាមួយនឹងការស្វែងរករបស់អាណាព្យាបាលសិស្សទាំងនេះ មានសាក្សីខ្លះបានប្រាប់ថា ក្រោយចេញពីសាលាគេបានឃើញកុមារីរងគ្រោះទាំង០៥នាក់នោះ បណ្ដើរគ្នាទៅស្រទឹកខាងក្រោយសាលា ។ អាណាព្យាបាលក៏ដើរទៅមើលស្រះទឹកឃើញសម្ភារកូន ហើយមានការសង្ស័យក៏នាំគ្នាចុះរាវរកក្នុងស្រះទឹកនោះក៏ប្រទះឃើញសាកសពកូន ហើយរាវរកឃើញសាកសពកុមារីទាំង០៥នាក់ជាបន្តបន្ទាប់ ទើបផ្អើលឆោឡោតែម្ដង ។

លោក ហ៊ាន សុភិន នាយប៉ុស្ដិ៍រដ្ឋបាលបាននិយាយថា បើតាមអាណាព្យាបាលកុមារីរងគ្រោះទាំង០៥នាក់ គឺ ពួកនាងមិនចេះហែលទឹកទេ ។ លោកថា បើតាមចម្លើយក្រុមគ្រួសារ ដំបូងគេរាវរកឃើញសាកសពក្មេងស្រីម្នាក់ លុះក្រោយមកស្រាប់តែរាវរកឃើញសាកសពកុមារីចំនួន០៤នាក់ទៀតជាបន្តបន្ទាប់ដែលមើលទៅរន្ធត់ចិត្តក្រៃលេងនៅពេលស្រង់ក្មេងស្រីរងគ្រោះទាំងនោះចេញពីក្នុងទឹកស្រះ ។
ប៉ុន្តែយ៉ាងណា លោកមេប៉ុស្ដិ៍រូបនេះ ហាក់មិនទាន់ហ៊ានសន្និដ្ឋានអំពីមូលហេតុ ដែលនាំឲ្យកុមារីទាំង០៥នាក់ នាំគ្នាទៅហែលទឹកស្រះ ក្រោយចេញពីសាលានោះទេ ដោយគ្រាន់តែបញ្ជាក់ថា
«កូនសិស្សទាំង០៥នាក់នេះ មិនចេះហែលទឹកទេ»។ ពេលនេះ មន្ត្រីបច្ចេកទេស បាននិងកំពុងចុះទៅពិនិត្យចំណុចកើតហេតុហើយ៕
ចែករំលែកព័តមាននេះ