រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់តំណែង និងឋានៈបុណ្យស័ក្តិ វា គឺបង្ហាញអំពីតួនាទីរបស់បុគ្គលម្នាក់ៗដែលយើងត្រូវបំពេញនៅកន្លែងធ្វើការប៉ុណ្ណោះ ។ ពោលមានន័យថា តំណែង និងឋានៈបុណ្យស័ក្តិ គឺជារបស់ក្រៅខ្លួន និងបណ្តោះអាសន្នតែប៉ុណ្ណោះ។
រូបតំណាងយ៉ាងណាមិញ ក៏មានពុទ្ធបរិស័ទមួយរូបបានកើតជាចម្ងល់ និងបានសាកសួរទៅលោកម្ចាស់គ្រូ សាន សុជា ជុំវិញបញ្ហានៃការជាប់ជំពាក់របស់មនុស្សជាមួយនឹងតំណែង និងឋានៈបុណ្យស័ក្តិ ។ ចម្ងល់របស់ពុទ្ធបរិស័ទបានសួរទៅលោកម្ចាស់គ្រូ សាន សុជា ថា ពេលដែលយើងមានតំណែងទៅ យើងតែងតែជាប់ជំពាក់ ធ្វើឲ្យខ្ញុំករុណានឹកឃើញទៅដល់ជីវិតជាក់ស្តែង។

ពុទ្ធបរិស័ទ ដដែលបានបន្តថា ការពិតទៅខ្ញុំករុណាគ្មានតំណែងអីទេ គឺសូន្យតែម្តង តែធ្វើឲ្យមានអារម្មណ៍នឹកឃើញញាតិមិត្ត បងប្អូន មិត្តភក្តិ ហើយពួកគាត់មិនមែនសុទ្ធតែជាប់ជំពាក់ទាំងអស់នោះទេ ។ ចឹងហើយខ្ញុំករុណាចង់ទួលសួរតេជគុណថា ខ្ញុំករុណាយល់បានគ្រាន់បើ ពីការជាប់ជំពាក់នេះវាមានទុក្ខ មានវាយ៉ាងម៉េច?ចឹងហើយយល់ពីហានិភ័យនោះខ្លាំងណាស់ វាមិនមែនសម្រាប់តែបច្ចុប្បន្នទេ តែវាអាចទៅដល់អនាគតទៀតករុណា ។ អ៊ីចឹងក្នុងនាមជាពុទ្ធបរិស័ទ ករុណាចង់ទួលសួរតេជគុណ តើអាចមានតាមឱវាទដែលខ្លី ខ្លឹមជាសារដាស់តឿន ជាពិសេសពុទ្ធបរិស័ទខ្មែរយើងរួមទាំងញាតិមិត្តខ្ញុំករុណាទាំងអស់ បើសិនជាគាត់មានការជាប់ជំពាក់នឹងតំណែង។

ដើម្បីឲ្យដឹងកាន់តែច្បាស់នោះ លោកម្ចាស់គ្រូ សាន សុជា បានបកស្រាយនៅក្នុងហ្វេសប៊ុកផេក លោកគ្រូ នាថ្ងៃទី៣០ ខែមីនានេះ ដោយបញ្ជាក់ថា ៖ ដូចអាត្មាថាអ៊ីចឹង តំណែងអត់អាក្រក់ទេ អ្វីដែលអាក្រក់ គឺចិត្តជំពាក់ ប៉ុន្តែដើម្បីកាត់បន្ថយ តាំងពីយើងចង់បានតំណែងហ្នឹងមេស ត្រូវសួរថា តើយើងធ្វើដើម្បីអី ហើយពីមុនយើងចង់អស្ចារ្យដោយសារមានតំណែងហ្នឹងក៏ដោយ ប៉ុន្តែមិនទាន់ហួសពេលក្នុងការពិចារណាទេ។ ឲ្យខ្លីខ្លឹមនោះ គ្រាន់តែប្រាប់ខ្លួនឯងថា តំណែងនេះគ្រាន់តែជារបស់បណ្តោះអាសន្ន សម្រាប់ការងារប៉ុណ្ណោះ ដាស់តឿនខ្លួនឯងញឹកៗថា តំណែងនេះមិនអាក្រក់ទេ គ្រាន់តែថាប្រើវាដើម្បីការងារប៉ុណ្ណោះ (ខ្លីមានតែប៉ុណ្ណឹង) ។
ជាមួយគ្នានោះដែរ លោកម្ចាស់គ្រូ សាន សុជា បានមានសង្ឃដីកា ៖ ព្រោះចុងក្រោយ វាមិនខុសពីល្ខោនទេ ចង់ស្តេច ចង់មន្ត្រី ចង់សេដ្ឋីអី តែភ្លឺឡើងដោះអាហ្នឹងចេញហើយ ឲ្យមានស្មារតីថា តំណែងមិនអាក្រក់ទេ តែយើងនឹងប្រើតំណែងហ្នឹងធ្វើការងារឲ្យបានល្អ ។ អ៊ីចឹងអធ្យាស្រ័យផង ក្រែងលោមានអ្នកមានតួនាទី មានអីហ្នឹងថា អាត្មាកំពុងតែបង្អាប់អីនោះមិនមានទេ។ ឧទាហរណ៍ ដូចកាលសម្តេចសង្ឃជួនណាត លោកមានតំណែងដែរ លោកជាស្តេចសង្ឃធំជាងគេនៅសម័យនោះ ប៉ុន្តែតំណែងនោះអត់អាក្រក់ទេ បើសិនលោកប្រើឲ្យបានប្រយោជន៍ លោកក្លាយទៅជាបិតាអក្សរសាស្ត្រ ការងាររបស់លោកអាចក្រសួងវប្បធម៌ ឬទូទាំងប្រទេសទទួលស្គាល់ថា ជាស្នាដៃសម្រាប់ជាតិក៏អាស្រ័យលើតំណែងរបស់លោកដែរ បើលោកតូចតាច វាមិនងាយបញ្ជ្រាបអាហ្នឹងទៅទូទាំងប្រទេសបានទេ ។

លោកម្ចាស់គ្រូ សាន សុជា មានសង្ឃដីកា ៖ អ៊ីចឹងសួរថា តំណែងហ្នឹងអាក្រក់ទេ ថាអត់ទេ តែបើមានវាហើយប្រើវាឲ្យបានល្អ វាជាឱកាសមាស ឱកាសប្រាក់របស់យើងទៅវិញ។ អាត្មាមិនមែនកំពុងតែតិះ ដៀលតំណែងទេ ថា បើមានហើយ ទោះបីពីមុនមានដោយសារអីអាត្មាអត់ខ្វះទេ មែននិយាយថា ចឹងពីមុនអញ់ដាក់លុយផង អីផងដើម្បីបានទេ(តំណែង) អាហ្នឹងយើងអត់ដឹង ធ្វើម៉េចវាចឹងហើយជីវិត ប៉ុន្តែឥឡូវហ្នឹងរបស់វាមាន គឺចាប់ផ្តើមប្រើវាបានប្រយោជន៍ពីលូវទៅ។ ឧទាហរណ៍មេគ្រប់គ្រងក្នុងសហគមន៍មួយ ឬក៏តំបន់មួយអ៊ីចឹង ថាតើយើងប្រើយ៉ាងម៉េច ឲ្យបានជាប្រយោជន៍ដល់កូនចៅក្នុងបង្គាប់របស់យើងហ្នឹង ព្រោះបើយើងអត់មានតំណែងហ្នឹងក៏យើងអត់ធ្វើអីបានប្រយោជន៍ច្រើនដែរ។

ទន្ទឹមនោះដែរ លោកម្ចាស់គ្រូ សាន សុជា បានបន្ថែមថា អាត្មាថា វាអត់អាក្រក់ទេ តែកុំភ្លេចថាតំណែងនេះ គឺជារបស់ដែលយើងយកមកដើម្បីធ្វើការងារឲ្យមានប្រយោជន៍តែប៉ុណ្ណោះ មិនមែនជារឿងមែនទែនទេ។ ភាពល្អឥតខ្ចោះ ដែលជាតួល្អរបស់មនុស្សមិនមែនជារឿងតំណែងទេ គឺជាមនុស្សដែលប្រើតំណែងឲ្យបានល្អបំផុត ។ តំណែងមិនមែនជាកត្តាកំណត់តម្លៃរបស់មនុស្សទេ កត្តាដែលកំណត់តម្លៃរបស់មនុស្ស គឺមនុស្សនោះចេះប្រើតំណែងនោះឲ្យបានល្អអ៊ីចឹងឯង។

លើសពីនេះទៅទៀត លោកគ្រូ សាន សុជា ក៏បានមានសង្ឃដីកា ៖ អ៊ីចឹងចង់ធ្វើធំតទៅទៀត ធ្វើទៅអត់មានអីទេ អត់មានបញ្ហាទេ សូម្បីសាសនានេះ ព្រះពុទ្ធក៏កាន់តំណែងជាព្រះសម្មាសម្ពុទ្ធដែរ ប៉ុន្តែព្រះអង្គធ្វើកិច្ចការក្នុងនាមជាព្រះពុទ្ធល្អឥតខ្ចោះ ។ ពីមុនយើងអត់មានតួនាទីអី តូចតាចពេក ចង់ធ្វើនេះ ធ្វើនោះពិបាក ឥឡូវបើមានអាហ្នឹងហើយធ្វើទៅធ្វើនៅក្រមខណ្ឌរបស់យើងឲ្យល្អទៅ៕
ចែករំលែកព័តមាននេះ