យោងតាមសារព័ត៌មាន Daily Mail លោក Shou Zi Chew អាយុ៤០ឆ្នាំ នាយកប្រតិបត្តិ TikTok បានបង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខសភាសហរដ្ឋអាមេរិក ដើម្បីចូលរួមផ្តល់សក្ខីកម្មដែលមានរយៈពេលជាង ៥ម៉ោង។ ក្រោយពីការបង្ហាញខ្លួនរបស់ នាយកប្រតិបត្តិ TikTok រូបនេះបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំងមកលើរូបលោក និងចង់ដឹងបន្ថែមអំពីជីវប្រវត្តិរបស់លោក Shou Zi Chew។

លោក Shou Zi Chew ធ្លាប់ជាទាហាន អ្នកហាត់ការ Facebook និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Xiaomi ។ នៅក្នុងខែឧសភា ឆ្នាំ២០២១ បុរសសង្ហាររូបនេះបានក្លាយជា CEO របស់ TikTok ជាផ្លូវការ ដែលជាកម្មវិធីដែលមានអ្នកទាញយកច្រើនជាងគេបំផុតនៅក្នុងពិភពលោក។
យោងតាម កាសែត The Wall Street Journal លោក Shou Chew កើតនៅឆ្នាំ១៩៨៣ នៅប្រទេសសិង្ហបុរី ក្នុងគ្រួសារមួយដែលមានឪពុកធ្វើការក្នុងឧស្សាហកម្មសំណង់ និងម្តាយជាគណនេយ្យករ។ គាត់អាចប្រើប្រាស់ភាសាអង់គ្លេស និងចិនកុកងឺបានយ៉ាងស្ទាត់ជំនាញ។ រូបលោកបានចូលរៀននៅវិទ្យាល័យនៅអាយុ១២ឆ្នាំ ដោយសារពិន្ទុខ្ពស់របស់គាត់ក្នុងការប្រឡងថ្នាក់ជាតិ។
គួរកត់សម្គាល់ថា លោក Chew មានរយៈពេលចូលបម្រើយោធាក្នុងប្រទេសសិង្ហបុរីរយៈពេលពីរឆ្នាំកន្លះ។ គាត់បានចែករំលែកថា មានពេលមួយដែលធ្វើជាកងទ័ពត្រូវបំពេញបេសកម្មនៅព្រៃក្នុងប្រទេសប្រ៊ុយណេ គឺជាអ្វីដែលលំបាកបំផុតក្នុងជីវិតរបស់គាត់។ នៅទីនេះ គាត់ត្រូវសង់ខ្ទម ញ៉ាំតែដំឡូង និងដើរចម្ងាយ ៨៨.៥គីឡូម៉ែត្រ។
បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា នៅឆ្នាំ២០០៦ លោក Chew បានចូលរៀននៅសាកលវិទ្យាល័យ College London ជាមួយនឹងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និង២០០៨ ទទួលបាន MBA ពីសាលា Harvard Business School ពេលនោះហើយជាពេលដែលនៅគាត់បានធ្វើការនៅ Facebook ។
បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានធ្វើការនៅក្រុមហ៊ុនវិនិយោគមួយដែលមានឈ្មោះថា DST Global ដែលជាក្រុមហ៊ុនបណ្តាក់ទុនដែលដំណើរការដោយអ្នកជំនួញជនជាតិរុស្សី Yuri Milner។
នៅអាយុ៣២ឆ្នាំ គាត់ត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនស្មាតហ្វូនយក្សរបស់ចិនគឺ Xiaomi ។ បន្ទាប់ពីធ្វើការ ៥ឆ្នាំជាមួយ Xiaomi គាត់បានផ្លាស់ទៅធ្វើជាប្រធានផ្នែកហិរញ្ញវត្ថុ (CFO) នៅក្រុមហ៊ុន ByteDance ក្នុងឆ្នាំ២០២១។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានត្រឹមតែ២ខែ លោក Chew បានចាកចេញពីតំណែងរបស់គាត់នៅ ByteDance ដើម្បីផ្តោតលើ TikTok និងទួលតួនាទីជា CEO។
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Shou Zi Chew មិនដែលត្រូវបានប្រកាសជាផ្លូវការទេ ប៉ុន្តែច្បាស់ថានឹងមានចំនួនរាប់រយលានដុល្លារ។ គេហទំព័រមួយចំនួនបានប៉ាន់ប្រមាណថានាយកប្រតិបត្តិ TikTok មានទ្រព្យសម្បត្តិសុទ្ធប្រហែលជា ២០០លានដុល្លារ។ CEO របស់ TikTok រូបនេះក៏ត្រូវបានគេនិយាយថាមានភាគហ៊ុន និងការវិនិយោគនៅក្នុងក្រុមហ៊ុនផ្សេងៗ។
លោក Chew បានបង្កើតគណនី TikTok ផ្ទាល់ខ្លួនមួយដែលមានឈ្មោះ @shou.time កាលពីឆ្នាំមុន។ បច្ចុប្បន្នគាត់មានអ្នកតាមដានច្រើនជាង ១៨,៧០០នាក់ ហើយចំនួននេះកំពុងកើនឡើងឥតឈប់ឈរ។
នៅលើគណនី TikTok របស់គាត់ អ្នកដឹកនាំវ័យក្មេងរូបនេះ តែងតែបង្ហោះពេលវេលាដែលខ្លួនបានចូលរួមព្រឹត្តិការណ៍កីឡា និងវប្បធម៌ ដោយមានទំនាក់ទំនងជាមួយតារាល្បីៗ និងរូបភាពប្រចាំថ្ងៃ។
សម្រាប់ជីវិតឯកជន Chew លោកបានរៀបការជាមួយអ្នកនាង Vivian Kao ជា ជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់ ។ ពួកគេបានជួបគ្នាក្នុងឆ្នាំ ២០០៨ ពេលកំពុងសិក្សានៅសាលា Harvard Business School។ ប្តីប្រពន្ធនេះមានកូនពីរនាក់ និងរស់នៅក្នុងប្រទេសសិង្ហបុរី៕




ចែករំលែកព័តមាននេះ