ខេត្តកែប ៖ ប្រជាកសិករអ្នកប្រកបមុខរបរដាំដំឡូងជ្វា ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្កើរ ខេត្តកែបជាច្រើនគ្រួសារបានត្អូញត្អែរថា ដំឡូងជ្វារបស់បងប្អូនដែលដាំបានដល់ខែប្រមូលផលនៅពេលនេះដំឡូងស្រស់ត្រូវតម្លៃធ្លាក់ចុះមិនដូចឆ្នាំកន្លងទៅនោះទេ ។

ប្រភពពីប្រជាកសិករឲ្យដឹងទៀតថា មូលហេតុនៃការធ្លាក់ចុះនូវតម្លៃដំឡូងជ្វាស្រស់ខាងលើ គឺបណ្តាលមកពីធាតុអាកាសរដូវប្រាំងឆ្នាំនេះក្តៅខ្លាំង ពុំមានភ្លៀងកក់ខែទេ ហើយម្យ៉ាងវិញទៀត ម៉ូយដែលធ្លាប់ចុះមកទទួលទិញយកទៅលក់ចែកចាយបន្តតាមស្រុកនិងខេត្តមួយចំនួនបានត្អូញត្អែរថា ដោយសារតែរដូវក្តៅខ្លាំងធ្វើឲ្យម៉ូយទិញទៅបន្តហាក់ដូចជាគ្មានទីផ្សារលក់មិនសូវដាច់ដូចនាពេលកន្លងមកទើប ដំឡូងជ្វាស្រស់ធ្លាក់តម្លៃយ៉ាងនេះ ។

កាលពីរសៀលថ្ងៃទី២៨ មីនា ឆ្នាំ២០២៣នេះ ស្ត្រីជាប្រជាកសិករដាំដំឡូងនៅភូមិឃុំខាងលើម្នាក់ ឈ្មោះឈុន រ៉ាត់បានប្រាប់អ្នកយកព័ត៌មានយើងថា តម្លៃដំឡូងជ្វាស្រស់ នៅក្នុងឆ្នាំ២០២៣នេះ បានធ្លាក់តម្លៃចុះបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ។

ឆ្នាំមុនៗដំឡូងជ្វាស្រស់ម៉ូយចុះមកប្រមូលទិញដល់កន្លែក្នុងមួយគីឡូក្រាមតម្លៃពី២៥០០រៀល ទៅ២៨០០រៀល។ ប៉ុន្តែឥឡូវនេះ ដំឡូងជ្វាស្រស់តម្លៃធ្លាក់ចុះមកនៅត្រឹមតែ១គីឡូក្រាមថ្លៃ១៨០០រៀលតែប៉ុណ្ណោះឃើញថាតម្លៃធ្លាក់ចុះ៥០%ទៅហើយ ។

ប៉ុន្តែទោះបីការធ្លាក់ចុះនូវតម្លៃកសិផលដំឡូងជ្វាស្រស់យ៉ាងនេះក្តី ក៏បងប្អូនប្រជាកសិករយើងភូមិឃុំខាងលើ ក្នុងខេត្តកែបនេះ នៅតែខិតខំបង្កបង្កើនផលកសិកម្មរបស់បងប្អូនដោយមិនគិតពីរដូវកាលនោះឡើយ គឺចប់ពីរដូវកាលដាំដំឡូងជ្វាបងប្អូនដាំពោត ឬឪឡឹកនិងដំណាំកសិកម្មផ្សេងៗទៀត ដោយមិនទុកដីឲ្យនេរចោលឡើយ៕


ចែករំលែកព័តមាននេះ