រាជធានីភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់អនុសាសន៍ត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។


យោងតាមបណ្តាញសង្គមរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានគួរបញ្ជាក់ដែរថា កម្ពុជាបាននឹងកំពុងផលិតស្វាយចន្ទីមានគុណភាពប្រកួតប្រជែងនៅទីផ្សារជាតិ និងអន្តរជាតិដែលបានធ្វើការនាំចេញកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ និងតម្រូវការផលិតផលកសិកម្មនាំចេញមានការថយចុះយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ស្វាយចន្ទីនៅតែជាដំណាំឧហ្សាហកម្មនាំចេញលំដាប់ទី០៣ បន្ទាប់ពីស្រូវ និងដំឡូងមី។

នេះបើយោងតាមរបាយការណ៍សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទរយៈពេល០២ខែក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី សរុបចំនួន១១៤១៩៣,៩៣តោនទៅកាន់ប្រទេសចំនួន០៤ គឺប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន(២៧តោន) ប្រទេសថៃ(២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)។
ស្របតាមការចង្អុលបង្ហាញរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងកសិកម្មបានលើកផែនការអទិភាពចំនួន០៣សំខាន់ៗដែលផែនការអទិភាពទីបី គឺអនុវត្តគោលនយោបាយជាតិស្តីពីចន្ទី ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានប្តេជ្ញាយ៉ាងមោះមុតសហការជិតស្និតជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ដូចជា សមាគមន៍ និងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រសួងពាណិជ្ជកម្ម និងធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខានតែបាន ដើម្បីប្រែក្លាយកម្ពុជាជាអធិរាជចន្ទីនាពេលអនាគត។
បច្ចុប្បន្ននេះវិសាលភាពផ្ទៃដីដាំដុះស្វាយចន្ទីមានការកើនឡើងជាលំដាប់ស្របពេលតម្រូវការទីផ្សារកំពុងមានសន្ទុះកម្ពុជាបាននឹងកំពុងខិតខំពង្រីកទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើនជាងមុនផងដែរ ។

ទោះបីជាយ៉ាងណា កម្ពុជាមានធនធានកែច្នៃគ្រាប់ស្វាយចន្ទីនៅមានកម្រិតនៅឡើយ ដែលភាគច្រើនការនាំចេញស្វាយចន្ទីមានទម្រង់ជាគ្រាប់ស្រស់ដែលចាំបាច់ទាមទារឱ្យមានការចូលរួមវិនិយោគពីដៃគូសហការនានា។
ក្រសួងកសិកម្មកំពុងធ្វើការសិក្សាវា.យតម្លៃរាល់សក្តានុពលដែលមានស្រាប់ក្នុងវិស័យកសិកម្ម និងរៀបចំផែនការអភិវឌ្ឍ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចក្នុងគោលបំណងទាក់ទាញ និងបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម និងជំរុញការនាំចេញកសិផលដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារចិន និងអន្តរជាតិ៕

ចែករំលែកព័តមាននេះ