ខេត្តតាកែវ៖ ពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស រួមទាំងមន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធសម្ដែងការហួសចិត្ត ខណៈលោក ឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាស បានអនុញ្ញាតអោយអ្នកមានលុយម្នាក់ សង់សំណង់រឹងមាំលើផ្លូវកៅស៊ូលេខ១២៩ ស្ថិតនៅចំណុចភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
![Picture]()
បើតាមពលរដ្ឋបានឱ្យដឹងថា លោក ឌឹម គឹមសាន្ត ចូលមកកាន់តំណែងជាអភិបាលស្រុកព្រៃកប្បាសភ្លាម ក៏មានរឿងជាហូរហែ មិនចេះចប់ មិនចេះហើយ ទុកអោយប្រជាពលរដ្ឋតាមដានជារៀងរហូត ដូចជា ៖ កាយប្រឡាយយកដីលក់នៅឃុំបានកាម, លុបព្រែកទទឹង២៥មែត្រ, ដាក់លូប៉ុនបាតដៃ ហើយឥឡូវដល់ពេលអោយអ្នកមានលុយសង់សំណង់រឹងមាំលើផ្លូវលេខ១២៩ បូកទាំងដីចំណីស្ទឹងទៀត។
![Picture]()
ជុំវិញករណីខាងលើនេះដែរ លោក សៅ សំរុង មេឃុំកំពង់រាប បានអោយដឹងថា រាជរដ្ឋាភិបាលកំពុងតែមានការពង្រីកផ្លូវគ្រប់កន្លែង ហើយម្ចាស់សំណង់ខាងលើ បានមកសុំលោកដោយផ្ទាល់មាត់ថា សង់សំណង់ធ្វើទឹកស្អាតលក់អោយពលរដ្ឋ តែលោកមិនអនុញ្ញាតអោយទេ ព្រោះដីដែលម្ចាស់សំណង់ស្នើសុំនេះ គឺជាដីចំណីផ្លូវផង ចំណីស្ទឹងផង។
![Picture]()
លោកមេឃុំបន្តទៀតថា ក្រោយមក លោកក៏បានឃើញមន្ត្រីស្រុក ចុះមកហាមឃាត់ដែរ តែក្រោយមកទៀត ម្ចាស់សំណង់ធ្វើបន្តទៀត ដោយថា គាត់បានជួបខាងថ្នាក់ស្រុករួចហើយ តែបច្ចុប្បន្ននេះ លោកមិនបានទទួលឯកសារផ្លូវច្បាប់ណាមួយ ធ្លាក់មកដល់រដ្ឋបាលឃុំកំពង់រាប នៅឡើយទេ។
![Picture]()
ពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស មិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានយើងទេ ក្រោយអ្នកសាព័ត៌មានយើងសួរនាំអំពីករណីខាងលើនេះ។
![Picture]()
ដោយឡែកមន្ត្រីនៃបន្ទីសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងដែរថា សំណង់ខាងលើ ជាសំណង់ខុសច្បាប់ តែដោយមានការបើកដៃយ៉ាងគឃ្លើនរបស់អាជ្ញាធរស្រុក ទើបសំណង់នេះ សង់បានដោយរលូន។ មន្ត្រីដដែលបញ្ជាក់ទៀតថា ដីចំណីផ្លូវលេខ១២៩ សងខាងចំនួន២០ម៉ែត្រ ដីចំណីស្ទឹង២៥មែត្រ ដូច្នេះសំណង់អ្នកមានលុយខាងលើ គឺខុសច្បាប់ស្រឡះ។
![Picture]()
ជុំវិញរឿងរ៉ាវសំណង់របស់អ្នកមានលុយខាងលើ មហាជនប្រជាពលរដ្ឋសំណូមពរដល់លោកអ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាផ្តល់ក្រុមមន្ត្រីជំនាញ ពាក់ព័ន្ធចុះមកសិក្សាផង ព្រោះពលរដ្ឋអស់ជំនឿលើលោក ឌឹម គឹមសាន្ត ចៅហ្វាយស្រុកព្រៃកប្បាសនេះទៀតហើយ។
ចែករំលែកព័តមាននេះ