ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩០%ហើយ។ តាមគម្រោង អាកាសយានដ្ឋានថ្មីនេះ នឹងបើកដំណើរការសាកល្បង នៅខែឧសភា ហើយបើកដំណើរការផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ នេះ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះ គណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំដោយលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ និងការចុះពិនិត្យការដ្ឋានសាងសង់ នៅទីតាំងគម្រោងផ្ទាល់។
លោក តឹករ៉េត សំរេច លើកឡើងថា គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០% តាមផែនការ ដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តសាកល្បង នៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គីសនីប្រើប្រាស់ព្រោងព្រាត ចាប់ពីថ្ងៃនេះតទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
លោក តឹករ៉េត សំរេច បន្តថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ កើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ ទិសដៅបន្ត គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមចំណែកធានាសម្រេចឱ្យបានតាមផែនការ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ ៧០០ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ ក្នុងរយៈពេលសាងសង់ ៣ឆ្នាំ ក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។
គម្រោងព្រលានយន្តហោះនេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣៕ អ៊ាង ប៊ុនរិទ្ធ
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ