ខេត្តបាត់ដំបង ៖ ជនសង្ស័យជាចោរម្នាក់ត្រូវមនុស្សជាច្រើនដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗក្រោយពីកាច់សោ.កលួចយកម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ មេសា នៅចំណុចខាងលិចផ្សារណាត់(ផ្សារធំ) ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកមៀន ឡាយ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលប្រាប់ថា ជនសង្ស័យឈ្មោះសុខ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅរាជធានីភ្នំពេញ ប៉ុន្តែជននេះតែងធ្វើដំណើរទៅតាមបណ្តាខេត្តនានាដើម្បីប្រព្រឹត្តបទល្មើស ។ ជននេះត្រូវម្ចាស់ម៉ូតូឈ្មោះរស់ ប៊ុនរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបងដេញចាប់បានជាមួយអ្នកស្រុក បន្ទាប់ពីគេកាច់សោ.កម៉ូតូបានហើយព្យាយាមអូសចេញ។
លោកប៊ុនរិទ្ធ ប្រាប់ថា ម៉ូតូរបស់លោកម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខទុកក្បែរកន្លែងដែលលោកអង្គុយផឹកស៊ី ។ ពេលកំពុងផឹកសីុសប្បាយ លោកក្រឡេកមើលក្រោយស្រាប់តែឃើញចោរកំពុងអូសយកម៉ូតូរបស់លោកចេញទៅបានប៉ុន្មានម៉ែត្រទៅហើយ។ ឃើញដូច្នោះលោក និងមិត្តភក្តិ រួមជាមួយអ្នកស្រុកដេញចាប់ចោរបាន។
ជនសង្ស័យឈ្មោះសុខ ពិសិដ្ឋ សារភាពថា នេះជាលើកទី៣ហើយដែលគេលួចម៉ូតូគេក្នុងខេត្តបាត់ដំបង។ លើកទី១ គេលួចម៉ូតូក្នុងវត្តអន្លង់វិលស្រុកសង្កែបានមួយគ្រឿងនាពេលព្រឹកម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ លើកទី២នៅ ល្ងាចថ្ងៃដដែលគេលួចម៉ូតូគេ១គ្រឿងទៀតម៉ាកដូចគ្នា ស៊េរីឆ្នាំ២០០៨នៅម្តុំផ្ទះសំណាក់គោកធ្លកខាងលិចផ្សារណាត់ក្រុងបាត់ដំបង ។ ព្រឹកឡើងរូបគេ និងបក្សពួកជិះម៉ូតូទាំង២គ្រឿងទៅលក់នៅរាជធានីភ្នំពេញក្នុង១គ្រឿងលក់បានតម្លៃ៤៣០ដុល្លារ។
លោកមៀន ឡាយ បញ្ជាក់ថា សមត្ថកិច្ចរបស់លោកកំពុងសួរនាំរកបក្សពួកក្រុមចោរនេះទៀត ព្រោះគេមិនមែនមានតែម្នាក់ឯងទេពេលធ្វើសកម្មភាព។ ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចរកឃើញដែកអក្សរT មួយដើម ដែលសុខ ពិសិដ្ឋ កែច្នៃសំរាប់កាច់សោ.កម៉ូតូ។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ៕
ចែករំលែកព័តមាននេះ