ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានច្នៃអាវុធលួចបាញ់សម្លា.ប់សត្វប្រើស នៅចំណុចសួនឧទ្យានភ្នំតាម៉ៅ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់តាមផ្លូវច្បាប់។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ មានករណីអំពើលួចបាញ់សម្លា.ប់សត្វប្រើសមួយក្បាល នៅត្រង់ចំណុចឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ស្ថិតនៅក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ធឹម រ៉ាវី បានប្រើប្រាស់កាំភ្លើ.ងកែច្នៃបាញ់សម្លា.ប់សត្វប្រើស១ក្បាល រួចវះយកសាច់ទៅលក់។
ក្រោយពីទទួលបានព័ត៌មានដែលរាយការណ៍ពីប្រជាពលរដ្ឋថា ជនសង្ស័យខាងលើមានសាច់សត្វប្រើសលក់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូង នៅថ្ងៃខែឆ្នាំដដែល លោកបានបញ្ជាទៅកម្លាំងជំនាញក្រោមឱវាទ ឲ្យចុះទៅឃាត់ខ្លួនជនសង្ស័យជាបន្ទាន់ និងបានធ្វើការដកហូតវត្ថុតាងកាំភ្លើ.ងកែច្នៃ១ដើម យកទៅអធិកាដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរករណីជនសង្ស័យលួចបាញ់សម្លា.ប់សត្វប្រើសក្នុងសួនឧទ្យានយកសាច់លក់នោះ។

នៅពេលចាប់ខ្លួន ជនសង្ស័យក៏បានសារភាពថា «ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើ.ងបាញ់សម្លា.ប់សត្វប្រើស និងវះយកសាច់ទៅលក់ពិតប្រាកដមែន គឺលក់ក្នុង១គីឡូ តម្លៃ៣ម៉ឺនរៀល ចំណែកក្បាល និងស្បែក គេបោះចោលក្នុងព្រៃ»។
ក្រោយការសាកសួរចម្លើយរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងពាក់ព័ន្ធករណីកាន់កា.ប់អាវុធកែច្នៃដោយគ្មានការអនុញ្ញាត និងលួចបាញ់សម្លា.ប់សត្វព្រៃក្នុងឧទ្យានយកសាច់ទៅលក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ