ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិករមួយចំនួនបានងាកពីការធ្វើកសិកម្មដំណាំស្រូវមកធ្វើការប្រមូលចំបើងដោយប្រើប្រាស់ម៉ាស៊ីន ក្រោយពីការប្រមូលផលស្រូវរួច ដោយវាបានផ្តល់ប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ និងកំពុងមានតម្រូវការទីផ្សារខ្លាំង សម្រាប់កសិករដែលចិញ្ចឹមសត្វ និងយកចំបើងទៅកែច្នៃផ្សេងៗ ។
![Picture]()
ជាក់ស្តែង កសិករមួយរូបរស់នៅភូមិពោធិ៍រាងបុណ្យ ឃុំពន្លៃ នៅស្រុកភ្នំស្រុក លោក ឡោ កំសត់ បានបង្ហាញពីចំណាប់អារម្មណ៍ ដោយបានលើកឡើងថា ដោយមើលឃើញថា ក្រោយពេលប្រមូលផលស្រូវចំបើងនៅសល់តាមស្រែច្រើន ហើយចំបើងវាមានអត្ថប្រយោជន៍សម្រាប់ជាចំណីសត្វ និងកែច្នៃផ្សេងៗ ទើបរូបលោកបានទិញឧបករណ៍ម៉ាស៊ីនប្រមូលសម្រាប់ធ្វើការប្រមូលចំបើងនៅតាមវាលស្រែ ដើម្បីលក់ជូនកសិករ ។
![Picture]()
លោកបន្តថា ដោយក្នុងមួយហិកតា គាត់ប្រមូលបានប្រមាណ៨០ដុំ ក្នុងមួយថ្ងៃប្រមូលបានពី៣-៤ ហិកតា ចំពោះតម្លៃក្នុងមួយដុំលក់បានក្នុងតម្លៃពី១៥០០ទៅ២០០០រៀល ភាគច្រើនលក់ជូនបងប្អូនកសិកម្មនៅក្នុងមូលដ្ឋាន ចំណែកខែវស្សា អាចលក់ចេញទៅខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗ តាមការកម្ម៉ង់ទិញ ។
![Picture]()
លោកបន្តថា ក្រោយពីចាប់របរប្រមូលចំបើងនេះ បានធ្វើឱ្យជីវភាពមានភាពល្អប្រសើរក្នុងមួយកម្រិត។ លោកបន្តថា ៖ បើប្រៀបធៀបការធ្វើស្រែ ការប្រមូលផលចំបើងមានផលចំណេញច្រើន បើទោះបីការប្រមូលផលមានរយៈពេលខ្លីក៏ដោយ ។
![Picture]()
លោក សាន វឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានប្រាប់ឱ្យដឹងថា ៖ នៅក្នុងឆ្នាំ២០២២-២០២៣នេះ ការបង្កបង្កើនផលនៅក្នុងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដាំដុះប្រមាណ៣០ម៉ឺនហិកតាទាំងស្រូវប្រាំងនិងស្រូវវស្សា ។ ចំណែកទន្និផលទទួលបានសរុបទូទាំងខេត្តប្រមាណ១លានតោនក្នុងមួយឆ្នាំៗ។ ដោយឡែក ការចិញ្ចឹមសត្វមាន គោ ក្របី ប្រមាណ១៣ម៉ឺនក្បាល ។
![Picture]()
លោកបានបញ្ជាក់ថា ចំបើងមានអត្ថប្រយោជន៍ជាច្រើនដែលវាជាចំណីសត្វផង សម្រាប់កែច្នៃដាំដុះដំណាំផ្សេងៗ ជាពិសេស សម្រាប់បណ្តុះផ្សិតជាដើម ។ ការប្រមូលផលចំបើងនេះ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់លក់ក្នុងមូលដ្ឋាន និងនាំចេញទៅក្រៅខេត្តសម្រាប់កសិករដែលចិញ្ចឹមសត្វ ក៏ដូចជាប្រើប្រាស់សម្រាប់វិស័យកសិកម្មជាដើម ។
![Picture]()
លោក សាន វឿន បន្តថា ៖ ការប្រមូលចំបើង គឺដើម្បីកាត់បន្ថយការដុតជើងចោល ដោយនាំឱ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះទាំងក្នុងនិងលើដី និងកាត់បន្ថយការកំណើនកំដៅផែនដីដោយផ្សែងពីការដុតចំបើង, កាត់បន្ថយជំងឺល្អិតនៅនិងជញ្ជ្រាំងក្រាស់ហើយសើម, ចំបើងដែលប្រមូលដោយម៉ាស៊ីន អាចរក្សាទុកបានយូរដែលអាចយកចំបើងដែលប្រមូលបានទៅធ្វើជាចំណីសត្វ ធ្វើការដាំដុះបន្លែបង្ការផ្សេងៗ ដូចជាការបណ្តុះផ្សិត ធ្វើជាជី ធ្វើជាធ្យូង ផ្គត់ផ្គង់ឡជីវឧស្ម័ន ធ្វើជាទីជម្រក និងអាចយកទៅកែច្នៃជារបស់របរផ្សេងៗទៀត ។
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ