ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ពីមុន​ល្បីថា ជាវាលពិឃាត ជាតំបន់​អសន្តិសុខ ជាចម្ការមីន ​តែឥឡូវនេះ កម្ពុជា​បានក្លាយជា «កោះសន្តិភាព»

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាពីមុន ដែលល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន…

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាពីមុន ដែលល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះ កម្ពុជា បានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ក្នុងពិធី​ស្រាយបួស ខែរ៉ាម៉ាឌន លើកទី៧ នៃសាសនាឥស្លាម-កម្ពុជា ឆ្នាំ២០២៣ នាព្រលប់ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ។ ពិធីនេះ ក៏មានវត្តមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម ( Datuk Seri Anwar Ibrahim ) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជា។ ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជានេះ មានសាសនិកឥស្លាមចូលរួម ចំនួន ៦,១០០នាក់ ដែលបាន​ធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ។

សម្តេចតេជោ ក៏បានមានប្រសាសន៍រំលឹកថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនា ពិសេសសាសនាឥស្លាម ត្រូវបានលុបបំបាត់ទាំងស្រុង។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖ ១-រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃ​សុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និងចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា។

២-ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។

៣-គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម ។

៤-សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់​នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ