ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ចូលរួម​ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនា ឥស្លាមកម្ពុជា លើកទី៧

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដូចការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (…

ភ្នំពេញ៖ ដូចការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ( Anwar Bin Ibrahim ) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញចូលរួមពិធីស្រាយបួស​ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧។ ពិធីជួបជុំ​ទទួលទានអាហារសាមគ្គីនេះ បានធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិ ជ្រោយចង្វារ ក្នុង​រាជធានីភ្នំពេញ។

ក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក​ ដាតូ សេរី អាន់វ៉ា អីប្រាហ៊ីម (Dato Seri Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងប្រតិភូ អង្គការសហប្រតិបត្តិការឥស្លាម ដែលបានអញ្ជើញមកចូលរួមស្រាយបួស ដោយផ្ទាល់នៅកម្ពុជា នាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំ និងការយកចិត្តទុកដាក់របស់គណៈកម្មការរៀបចំអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដែលបានសហការរៀបចំនូវពិធីដ៏មានសារៈសំខាន់ សម្រាប់បងប្អូនសាសនិកឥស្លាម ដើម្បី៖  ១). មានអារម្មណ៍ជិតស្និទ្ធជាមួយព្រះជាម្ចាស់ ២).ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ៣).ចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និង ៤). រម្លឹកដល់មនុស្ស ដែលមានវាសនាមិនល្អ។

​សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបើកទូលាយដល់បងប្អូន​ខ្មែរឥស្លាមតាមរយៈ៖ ១).ការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណី នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ២).ការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

​សម្តេចតេជោ ក៏បានថ្លែងថា ក្នុងនាមជានាយករដ្ឋមន្រ្តី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានផ្តល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​។ ម៉្យាងទៀត រាជរដ្ឋាភិបាល ក៏បានផ្តល់ថវិកា និងក្របខណ្ឌគ្រូបង្រៀនដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍ និងគ្រួសារបងប្អូនខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និង នវានុវត្តន៍។

​សម្តេចតេជោ បន្ថែមថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងអំឡុងពេលនៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនាពិសេសសាសនាឥស្លាម ត្រូវបានលុបបំបាត់ទាំងស្រុង ។ ការណ៍នេះ គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងការហែកហួរគ្នាហើយក៏ជាលទ្ធផលនៃការដណ្តើមអំណាច និងការព្យាយាមផ្លាស់​ប្តូររដ្ឋាភិបាល ដោយការប្រើប្រាស់កម្លាំងការខ្វះនូវសាមគ្គីភាពផ្ទៃក្នុង និងឯកភាពជាតិ។

​សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា កម្ពុជាពីមុន ដែលល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះ បានក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព។ កម្ពុជាពីមុន ដែលជាប្រទេសអន់ថយខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។

​សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា កម្ពុជាពីមុន ដែលជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកាទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះ បានក្លាយជាប្រទេសមួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេស ដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ​។

​សម្តេចតេជោ ក៏បានបន្តថ្លែងថា រាជរដ្ឋាភិបាល តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា ។ ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនាពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកឱកាសនេះ លើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម៖

ទី១. រាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់សេរីភាពជំនឿសាសនា លើកកម្ពស់ចីរភាពនៃសុខដុមនីយកម្ម ជំនឿសាសនា និងសុខសន្តិភាព ដែលជាកត្តាដ៏សំខាន់ និង ចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍប្រទេសជាតិ និងវិបុលភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

ទី២. ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាក្នុងការផ្តល់លក្ខណៈងាយស្រួលដល់ការគោរពប្រណិប័តន៍ជំនឿសាសនា សហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងសហគមន៍សាសនា ដោយឈរលើគោលការណ៍សុខដុមនីយកម្មជំនឿសាសនា និងសម្រួលដល់ការងារកសាងវិហារឥស្លាម នៅតាមបណ្តាភូមិ ដែលមានសាសនិកឥស្លាមរស់នៅច្រើន តាមតម្រូវការជាក់ស្តែង។

ទី៣. គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីកៀរគរ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសំដៅរួមចំណែកដល់ការលើកកម្ពស់ជីវភាពសហគមន៍ខ្មែរឥស្លាម តាមរយៈការអភិវឌ្ឍមូលធនមនុស្សសម្រាប់ការទទួល និងការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដល់សហគមន៍ខ្មែរឥស្លាម ។

ទី៤. សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកា​ឥស្លាមឱ្យ​គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន និងសូមលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ