ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនសង្ឃឹមថា ការបោះឆ្នោត ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ដោយខ្លួនឯង ចំនួន ១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយសេរី…

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩៨ មក គ.ជ.ប កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ដោយខ្លួនឯង ចំនួន ១៦លើករួចមកហើយ ដែលការបោះឆ្នោតនោះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​។ នេះបើតាម​លោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប ជម្រាបជូន​ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា។

ក្នុងកិច្ចប្រជុំ​កាលពីព្រឹកថ្ងៃទី២៧ ខែមីនានេះ លោក ប្រាជ្ញ ច័ន្ទ លើកឡើងថា សម្រាប់ពេល​ខាងមុខ គ.ជ.ប កំពុងរៀបចំ​ការបោះឆ្នោត ចំនួន ២ គឺការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មី នៅក្នុង​ខេត្ត ចំនួន ៣ មាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៩មេសា ឆ្នាំ២០២៣ និងការបោះឆ្នោតមួយទៀត ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​។

គ.ជ.ប ប្រកាស​ថា ផ្អែក​លើច្បាប់ជាមូលដ្ឋាន គ.ជ.ប ត្រូវរៀបចំ​ធ្វើយ៉ាងណា ឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានការទទួលយក​បានពីគ្រប់ភាគីពាក់ព័ន្ធ​។ គ.ជ.ប មានរចនា​សម្ព័ន្ធ​បោះឆ្នោត នៅថ្នាក់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត នៅថ្នាក់រាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្នាក់គណៈកម្មការ​ឃុំសង្កាត់ រៀបចំការបោះឆ្នោត និងថ្នាក់គណៈកម្មការការិយាល័យ​បោះឆ្នោត និងរាប់សន្លឹកឆ្នោត​។ គ.ជ.ប ត្រូវរៀបចំ និង​អនុម័តបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ប្រតិទិននៃការបោះឆ្នោត ផែនការមេ និងលិខិតបទដ្ឋាន​គតិយុត្តិជាច្រើនទៀត ដើម្បីអនុវត្ត​តាមការងារជាក់ស្តែង​។

គ.ជ.ប បានប្រកាសថា ក្នុងកិច្ចប្រជុំ ភាគីជប៉ុនបានវាយតម្លៃខ្ពស់​ចំពោះគ.ជ.ប កម្ពុជា ដែលបានរៀបចំការបោះឆ្នោតដោយខ្លួនឯង​យ៉ាងទៀងទាត់ ហើយសម្រេចបានលទ្ធផលល្អ។ សម្រាប់​ការបោះឆ្នោត ឆ្នាំ២០២៣ នេះ ភាគីជប៉ុនសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ​។

ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា លោកនឹង​ឆ្លៀតឱកាស​ជួបពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធ​នឹងការបោះឆ្នោត ជាពិសេសទៅទៀត កំពុងពិចារណាជួយដល់​អ្នកសង្កេតការណ៍បោះឆ្នោតក្នុងស្រុកផងដែរ​។

លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានសំណូមពរដល់ភាគីជប៉ុន ជួយជំរុញឱ្យភាគីពាក់ព័្ធ​នឹងការបោះឆ្នោតទាំងអស់ ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​ឱ្យបានត្រឹមត្រូវ ពីព្រោះថា គណបក្សនយោបាយខ្លះ តែងតែប្តឹង​ដោយពុំមានភស្តុតាងត្រឹមត្រូវ រួចធ្វើការរិះគន់មកលើស្ថាប័ន​គ.ជ.ប ពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ