ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ដឹង​រឿង​កូរ៉េ​ខាង​ជើង​​ចាប់តាំងពី​ឆ្នាំ​2001​មក​ម្ល៉េះ​

6 ឆ្នាំ មុន

លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​ថា

ប្រទេស​រុ​ស្ស៊ី​-​កូរ៉េ​ខាងជើង ៖ ថ្មី​ៗ​នេះ​នា​ថ្ងៃ​ដំបូង​នៃ​វេទិកា​អន្តរជាតិ​មួយ​ក្រោម​ប្រធានបទ «​ស​ប្តា​ហ៍​ថាមពល​រុ​ស្ស៊ី​» ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​ថា នា​ដើម​ទស​វត្ស​ឆ្នាំ​២០០០ លោក​គី​ម ជុង​អុ​ី​ល បិតា​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង បច្ចុប្បន្ន​លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​និយាយ​ប្រាប់​លោក​ថា កូរ៉េ​ខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ ។

យោង​តាម​លោកពូ​ទី​ន ថា បណ្តា​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច ពុំ​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ឡើយ ផ្ទុយ​ទៅ​វិញ​បែរជា​លើកទឹកចិត្ត​ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​ផលិត​គ្រាប់បែក​អីុដ្រូ​ហ្សែន ហៅ​គ្រាប់បែក H ។ លោក​ថា កាលពី​ឆ្នាំ​២០០១ បិតា​លោក​គី​ម ជុង​អ៊ុ​ន អះអាង​ប្រាប់​លោក​ថា កូរ៉េ​ខាងជើង​មាន​អាវុធ​នុយក្លេអ៊ែរ​ហើយ ។ លោក​បន្ត​ថា កាលពី​ឆ្នាំ​២០០១ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​ពី​ជប៉ុន ខ្ញុំ​បាន​ទៅ​កាន់​កូរ៉េ​ខាងជើង ហើយ​ខ្ញុំ​បាន​ជួប​ជាមួយ​លោក​គី​ម ជុង​អីុល បិតា​លោក​គី​ម ជុង​អ៊ុ​ន ។ លោក​គី​ម ជុងអីុិ​ល និយាយ​ប្រាប់​ខ្ញុំ​នា​ពេល​នោះ​ថា កូរ៉េ​ខាងជើង​មាន​គ្រាប់បែកនុយក្លេអ៊ែរ​មួយ ហើយ​កូរ៉េ​ខាងជើង​អាច​វាយប្រហារ​ក្រុង​សេ​អ៊ូ​ល ដោយ​ស្រួល​បំផុត​ជាមួយ​តែ​ប្រព័ន្ធ​កាំភ្លើង​ធំ​សាមញ្ញ​ធម្មតា ។ ពេល​នោះ​គឺ​ក្នុង​ឆ្នាំ​២០០១ ហើយ​ពេល​នេះ​ចូល​ដល់​ឆ្នាំ​២០១៧​ទៅ​ហើយ ដែល​ប្រទេស​នេះ​រស់នៅ​ក្រោម​របប​ដាក់​ទណ្ឌកម្ម​ជា​អចិន្ត្រៃយ៍ រួច​ពុំ​ត្រឹមតែ​គ្រាប់បែកបរមាណូ​ទេ កូរ៉េ​ខាងជើង​ឥឡូវ​មាន​ដល់​គ្រាប់បែក​អុីុដ្រូ​ហ្សែ​ន ។

លោកពូ​ទី​ន ក៏​គូសបញ្ជាក់​ផង​ដែរ​ថា បណ្តា​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ពុំ​បាន​ផ្លាស់​ប្តូរ​សភាពការណ៍​ឡើយ ហើយ​កាន់តែ​ពង្រឹង​ថែម ពេល​ដែល​កូរ៉េ​ខាងជើង​ជិត​ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ទៅ​ហើយ ។ គេ​បាន​រាំង​ខ្ទប់​បណ្តា​គណនី​របស់​ធនាគារ​កូរ៉េ​ខាងជើង​ទាំងឡាយ ព្រោះតែ​គេ​ជឿ​ថា ការ​សន្យា​របស់​កូរ៉េ​ខាងជើង​ហាក់​ពុំគួរ​ឱ្យ​ជឿ ដូច្នេះ​គេ​ត្រូវ​បន្ថែម​ទណ្ឌកម្ម ។ តាម​ពិត​ទៅ កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​លើ​ចំណុច​ជា​ច្រើន តែ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទីបំផុត​កូរ៉េ​ខាងជើង​ចាក​ចេញពី​រាល់​កិច្ចព្រមព្រៀង ហើយ​ចាប់ផ្តើម​ពង្រីក​កម្មវិធី​នុយក្លេអ៊ែរ ។ ឥឡូវ​យើង​បានដឹង​ហើយ​ចំពោះ​អ្វី​ដែល​កើត​មាន ។

ក្រុង​ព្យុ​ង​យ៉ាង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បង្កើន​ការ​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​សាកល្បង​នុយក្លេអ៊ែរ​ពុំ​អើពើ​ដល់​ការ​ហាមឃាត់​របស់​សហគមន៍​អន្តរជាតិ ។

ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​របប​ក្រុង​ព្យុ​ង​យ៉ាង​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​លើក​ទី​៦ កាលពី​ខែកញ្ញា ។ នេះ​ជា​គ្រាប់បែក​នុយ​ក្លេអ៊ែរ​យ៉ាង​ខ្លាំង​បំផុត​ដែល​កូរ៉េ​ខាងជើង​សាក ៕