ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំដោះ​ទឹកនៅ​បរិវេណ​អង្គរវត្ត ក្រោយ​ភ្លៀង និង​ខ្យល់​បោក​បក់​ខ្លាំង​ជាប់ៗគ្នា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បោកបក់​ខ្លាំង​ជាប់​ៗ​គ្នា​ធ្វើ​ឨ្យជំនន់​ទឹកភ្លៀង​បាន​កើត​មាន​ក្នុង​ក្រុង​សៀមរាប និង

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​បោកបក់​ខ្លាំង​ជាប់​ៗ​គ្នា​ធ្វើ​ឨ្យជំនន់​ទឹកភ្លៀង​បាន​កើត​មាន​ក្នុង​ក្រុង​សៀមរាប និង​បណ្តា​ភូមិ​ស្រុក​ជា​ច្រើន​ផ្សេង​ទៀត ។

ទឹកភ្លៀង​ក៏​បាន​ធ្វើ​ឱ្យ​មានទឹក​ដក់​នៅ​តាម​ប្រាសាទ​មួយ​ចំនួន​ក្នុង​ឧទ្យាន​អង្គរ​ផង​ដែរ តែ​ការ​ដក់​ទឹក​នោះ​មិន​បាន​បង្ក​ជា​បញ្ហា​ដល់​ប្រាសាទ​និង​រំខាន​ដល់​ការ​ចូល​ទៅ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​នោះ​ឡើយ ។

ជាក់ស្តែង​នៅ​ប្រាសាទអង្គរវត្ត រងទឹក​ភ្លៀង​ដក់​នៅ​កន្លែង​ខ្លះ​ដែរ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​រំដោះ​ទឹក​ដក់​ទាំងនោះ​បាន​យ៉ាង​ទាន់​ពេលវេលា ។

លោក​ញ៉ែ​ម រស្មី បុគ្គលិក​ជំនាញ​ផ្នែក​គ្រប់គ្រង​ទឹកបាន​ឱ្យ​ដឹង​ថា ទឹក​ដែល​ដក់​នៅ​ប្រាសាទអង្គរវត្ត ត្រូវ​បាន​ក្រុមការងារ​និង​អ្នក​លក់ដូរ​ក្នុង​ប្រាសាទ​ជួយ​គ្នា​ជីក​ស្តារ​ប្រឡាយ​ដែល​ជា​ប្រព័ន្ធ​ផ្លូវទឹក​ចាស់​ដើម្បី​រំដោះ​ទឹក​ឱ្យ​ហូរ​ចូល​ទៅ​ស្រះ​ទឹក​ក្នុង​បរិវេណ​ប្រាសាទ និង​ក​សិន្ធុ​ជុំវិញ​ប្រាសាទ ។  មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទឹក​ដក់​ក្នុង​ប្រាសាទ​អង្គរ​ព្រោះ​កន្លែង​ខ្លះ​ទាប និង​ការ​បោះ​សំរាម​ចោល​ដែល​ធ្វើ​ឱ្យ​ស្ទះ​មាត់​ប្រឡាយ ទឹក​ហូរ​មិន​ទាន់ ។ ប៉ុន្តែ​ក្រោយ​ធ្វើការ​រំដោះ​ទឹក​ចាប់ពី​ថ្ងៃ​ដំបូង​មក​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៧​នេះ ធ្វើ​ឱ្យ​ស្ថានភាព​ទឹក​ស្រក​អស់​ច្រើន​ហើយ ។

លោក​ហង់ ពៅ អគ្គនាយករង អាជ្ញាធរ​ជាតិ​អប្សរា ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​ឱ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទឹកជំនន់​ច្បាស់លាស់​ណាស់ មិន​ឱ្យ​ទឹក​ជន់​លិច​ក្រុង​សៀមរាប​និង​តំបន់​ឧទ្យាន​អង្គរ​ឡើយ ប៉ុន្តែ​នេះ​ជា​ករណី​ជំនន់​ទឹកភ្លៀង ទើប​យើង​មិន​អាច​គ្រប់គ្រង​និង​រំដោះ​ទឹក​រាប់​ពាន់​លី​ត្រ​ភ្លាម​ៗ​បាន តែ​ជំនន់​ទឹកភ្លៀង​នេះ​មិន​បង្ក​បញ្ហា​ដល់​ប្រាសាទ និង​ប៉ះពាល់​ដល់​ភ្ញៀវ​ចូល​មក​ទស្សនា​ទេ ។ ជាមួយនឹង​ការ​រំដោះ​ទឹកភ្លៀង​ពី​ក្នុង​ប្រាសាទ ក្រុមការងារ​ក៏​បាន​កាយ​ប្រឡាយ​ដែល​ប្រជាជន​យក​ដី​ទៅ​ចាក់​ពីលើ​បែប​អនាធិបតេយ្យ​តាម​បណ្តោយ​ផ្លូវ​វាង​រមណីយដ្ឋាន​អង្គរ​ខាងលិច ស្ថិត​ក្នុង​សង្កាត់​គោក​ចក ដើម្បី​រំដោះ​ទឹក​ឱ្យ​ហូរ​បាន​លឿន​ចៀសវាង​ការ​ច្រាល​មក​លើ​ទៀត​ផង ៕