ខេត្តបាត់ដំបង ៖ ក្រុមចោរមួយក្រុមបានប្រើប្រាស់កាំបិ.តខ្វែវ «ស្ទាក់កា.ប់ប្លន់យកម៉ូតូ» ដែលមានប្រុស មានស្រីចំនួន៧នាក់នោះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោយពីមន្ត្រីជំនាញបញ្ចប់នីតិវិធី។ នេះបើតាមការផ្ដល់ព័ត៌មានពីមន្ត្រីជំនាញ។
យោងតាមរបាយការណ៍របស់ការិយាល័យជំនាញ ជនសង្ស័យចំនួន០៧នាក់ ដែលត្រូវឃាត់ខ្លួនពីបទ «ប្លន់» នោះរួមមាន ៖ ១- ឈ្មោះ សល់ ស៊ឺ ភេទប្រុស អាយុ១៤ឆ្នាំ, ២- ឈ្មោះ ជា ចន្នី ភេទស្រី អាយុ១៧ឆ្នាំ (ទាំង២នាក់នេះ រស់នៅក្រុងប៉ោយប៉ែត), ៣- ឈ្មោះ អេង វិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំភ្នំសំពៅ, ៤- ឈ្មោះ សាត ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិក្ដោង ឃុំភ្នំសំពៅ, ៥- ឈ្មោះ តឿម វិបុល ហៅ គូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចែងក្ដា ឃុំភ្នំសំពៅ, ៦- ឈ្មោះ វ៉ាន់ ជឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចែងក្ដា ឃុំភ្នំសំពៅ និង៧- ឈ្មោះ រុន ស៊ីដេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់។
![Picture]()
បើតាមរបាយការណ៍ដដែលបន្តថា ជនទាំង៧នាក់ខាងលើនេះ ត្រូវជាប់សង្ស័យក្នុងអំពើ «ប្លន់យកម៉ូតូ» ចំនួន២ករណីក្នុងអំឡុងខែមីនានេះ ដែលចុងក្រោយក្រុមនេះ បានប្រើប្រាស់កាំបិ.តខ្វែវស្ទាក់កា.ប់ប្លន់យកម៉ូតូ នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីថ្ងៃដើមសប្ដាហ៍។
លោក ឈឿង គឹមសុង ស្នងការរង ទទួលដឹកនាំការងារព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំកម្លាំងចុះស្រាវជ្រាវ និងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត បានប្រាប់ថា ក្រុមជនសង្ស័យទាំង៧នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញរបស់លោកធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៤ ខែមីនា។
![Picture]()
លោកបាននិយាយថា ដំបូង យើងឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ សល់ ស៊ឺ ដល់ក្រុងប៉ោងប៉ែត ដោយមានកិច្ចសហការពីកម្លាំងនគរបាលម្ចាស់ដែនដីផងដែរ។ ក្រោយពីនាំយកមកសួរនាំ ទើបកម្លាំងជំនាញឈានដល់ការតាមចាប់ខ្លួនបក្សពួកក្រុមនេះជាបន្តបន្ទាប់មានស្រី មានប្រុសចំនួន៦នាក់ទៀត ថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ក្រុមចោរដែលប្រើប្រាស់កាំបិ.តខ្វែវមួយក្រុមខាងលើនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាព «ប្លន់» ចុងក្រោយ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា នៅចំណុចផ្លូវបំបែកហាយវេ ស្ថិតក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។ ក្រុមនេះ បានស្ទាក់ «ប្លន់» យុវជន៤នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នាត្រឡប់មកពីចូលរួមកម្មវិធីគេ លុះមកផ្ទះពួកគេវិញនៅឃុំឈើទាល ស្រុកបាណន់ តែពេលជិះមកដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមជនសង្ស័យខាងលើ ជិះម៉ូតូតាមស្ទាក់ «ប្លន់» តែម្ដង។
![Picture]()
ក្រុមចោរខាងលើទាំងនេះ បានប្រើប្រាស់កាំបិ.តខ្វែវស្រែកគំរា.មកា.ប់សម្លា.ប់ តែជនរងគ្រោះផ្តួលម៉ូតូ រួចនាំគ្នារត់ចូលព្រៃក្បែរនោះ មិនមានរងរបួសទេ គ្រាន់តែក្រុមចោរកា.ប់កម្ទេចម៉ូតូ មុនពេលពួកគេលើកយកម៉ូតូជិះគេចខ្លួន។
នៅក្នុងរបាយការណ៍ដដែលរបស់សមត្ថកិច្ច ក្រោយពេលត្រូវចាប់ខ្លួន ក្រុមចោរបានសារភាពថា ពួកគេពិតជាបានរួមដៃគ្នាធ្វើសកម្មភាព តាមស្ទាក់ «ប្លន់យកម៉ូតូ» របស់ជនរងគ្រោះខាងលើនេះមែន។ ក្រុមនេះបានអួតប្រាប់សមត្ថកិច្ចថា នេះមិនមែនជាលើកដំបូងទេ ដែលពួកខ្លួនបានចេញ «ប្លន់ម៉ូតូ» បានសម្រេច គឺធ្លាប់ប្លន់បែបនេះបានសម្រេចចំនួន០២ករណីមកហើយ។
![Picture]()
នៅចំពោះមុខសមត្ថកិច្ច ក្រុមនេះបានសារភាពបន្ថែមថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៩ ខែមីនា កន្លងទៅ ក្រុមខ្លួនប្រដាប់ដោយកាំបិ.តខ្វែវដដែល បានចេញធ្វើសកម្មភាពស្ទាក់ «ប្លន់យកម៉ូតូ» បានសម្រេច នៅតាមដងផ្លូវត្រង់ចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អំពើប្លន់នេះ មិនបានធ្វើឲ្យជនរងគ្រោះរងរបួសទេ ព្រោះពេលពួកចោរស្រែកសម្លុត ឲ្យឈប់ម៉ូតូនោះ ជនរងគ្រោះបានផ្ដួលម៉ូតូចោល រួចរត់គេចខ្លួនបាត់ ទើបពួកចោរប្លន់យកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្ដង។
![Picture]()
បើតាមយោងលើព្រឹត្តិហេតុ របស់សមត្ថកិច្ច និងយោងលើចម្លើយសារភាពរបស់ក្រុមចោរនេះផង អំពើ «ប្លន់» បានកើតឡើងបានកើតឡើងចំនួន៧ករណីមកហើយ គ្រាន់តែរយៈពេលជាងកន្លះខែសម្រាប់ក្នុងខែមីនានេះ ក្នុងនោះមាន១ករណី «ប្លន់» ក្នុងលំនៅឋាន រីឯ៦ករណីទៀត «ប្លន់» តាមដងផ្លូវ។ ប៉ុន្តែយ៉ាងណា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញតាមបណ្ដាស្រុក និងក្រុង បានធ្វើការស្រាវជ្រាវ រហូតបំបែកសម្បុកក្រុមចោរ១ប្លន់» នេះ បានចំនួន៦ករណីហើយ ខណៈកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងដើរអូសជើងទាំងមេទាំងកូន តែបែរជាមានមន្ត្រីមួយចំនួនជំនាញខាងរត់ការដោះជនល្មើសពីតុលាការទៅវិញ។
![Picture]()
បើតារបាយការណ៍ នៃកិច្ចប្រតិបត្តិការ ដែលបង្ក្រាបបានទាំង៦ករណីនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដៃដល់បានចំនួន១៧នាក់បញ្ជូនទៅតុលាការ។ ដោយឡែកករណីដែលនៅសល់ គឺចោរប្លន់លុះនៅឋាន នៅស្រុកសំពៅលូន ដែលគ្មានតម្រុយបន្តិចពីមុខសញ្ញាជនដៃដល់ ឬក៏សមត្ថកិច្ចប្រចាំស្រុកជាយដែនមួយនេះ មិនអើពើសោះ ទើបស្ងាត់បាត់ឈឹងរហូតមកដល់ពេលនេះ?
![Picture]()
ទោះយ៉ាងណា បើតាមលោក ឈឿង គឹមសុង ស្នងការរង ដែលទទូលភារកិច្ចនេះ បានបញ្ជាក់ថា ពេលនេះកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យប្រុសស្រីទាំង០៧នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្តហើយ និងកំពុងតាមប្រមាញ់មុខសញ្ញាដែលនៅសេសសល់បន្តទៀត៕
ចែករំលែកព័តមាននេះ