រាជធានីភ្នំពេញ ៖ លោកស្រី ជុំ សង្វា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៣ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក ប្រធានគណៈបក្សបេះដូងជាតិ ដាក់ពន្ធនាគារកំណត់២ឆ្នាំកន្លះ និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន៥លានរៀល ចំណែកបក្សពួក១២នាក់ទៀត សាលក្រមបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់២ឆ្នាំ និងពិន័យប្រាក់៥លានរៀលដូចគ្នា ក្រោមការចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ ហើយក្នុងនោះ ក៏មានសហការីក្រោមបង្គាប់មេបក្ស «សៀម ភ្លុក» ចំនួន៥នាក់ទៀត ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន យកមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការផងដែរ។
ជនជាប់ចោទទាំង៥នាក់ដែលត្រូវបានតុលាការសម្រេចចេញដីកាឲ្យចាប់ខ្លួននោះរួមមាន ៖ ១-ឈ្មោះ តូច ថឹង ភេទប្រុស, ២- ឈ្មោះ ភ្លឺ ឈុនហេង ភេទប្រុស, ៣- ឈ្មោះ នូ សិទ្ធារី ភេទប្រុស, ៤- ឈ្មោះ ខឿន វីរ៉ាក់ ភេទប្រុស និង៥-ឈ្មោះ ភ្លឺ ម៉េងហុង ។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងមេបក្សបេះដូងជាតិ និងសមាជិកក្រោមឱវាទដែលមានចំនួន១៣នាក់ មកបើកសវនាការជំនុជម្រះទោស ដោយជាប់ពាក់ព័ន្ធបទល្មើស «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ដើម្បីបំពេញបែបបទចុះបញ្ជីឈ្មោះគណបក្សក្នុងការចូលរួមបោះឆ្នោត។
ជនជាប់ចោទទាំង១៣នាក់នោះ រួមមាន ៖ ១- ឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ៥៣ឆ្នាំ កំពុងឃុំខ្លួននៅពន្ធនាគារព្រៃ.ស។ ២- ឈ្មោះ ជា សុភក្ដិ ភេទស្រី (នៅក្រៅឃុំ)។ ៣- ឈ្មោះ ឡុង ហួន ភេទប្រុស (នៅក្រៅឃុំ)។ ៤- ឈ្មោះ ស៊ាន ភាព ភេទប្រុស (នៅក្រៅឃុំ)។ ៥- ឈ្មោះ ឈង ហ៊ ភេទប្រុស (នៅក្រៅឃុំ)។ ៦- ឈ្មោះ ជាប់ ឃុន ភេទប្រុស (នៅក្រៅឃុំ)។ ៧- ឈ្មោះ រ៉េត ចាន់រតនា ភេទប្រុស (នៅក្រៅឃុំ)។ ៨- ឈ្មោះ តូច ចឹង ភេទប្រុស (នៅក្រៅឃុំ)។ ៩- ឈ្មោះ នូ សិទ្ធារី ភេទប្រុស (នៅក្រៅឃុំ)។ ១០- ឈ្មោះ ភ្លី ឈុនហុង ភេទប្រុស (នៅក្រៅឃុំ)។ ១១- ឈ្មោះ ភ្លី ម៉េងហុង ភេទប្រុស (នៅក្រៅឃុំ)។ ១២- ឈ្មោះ ឈឹម សាវ៉ាត ភេទប្រុស (នៅក្រៅឃុំ) និង១៣- ឈ្មោះ ខឿន វីរ៉ាត់ ភេទប្រុស (នៅក្រៅឃុំ) ។
ជនជាប់ចោទ១២នាក់ ត្រូវបានតុលាការបង្គាប់ឲ្យនាំខ្លួន និងកោះហៅឲ្យមកបង្ហាញខ្លួននៅក្នុងរង្វង់ក្រចកសេះ ចំពោះមុខតុលាការ និងមេធាវីការពារក្តីរបស់ជនជាប់ចោទ គឺមានលោកមេធាវី សំ សុគង់ លោកមេធាវី កែត ឃី និងលោកមេធាវី ជួង ជូងី។

សូមជម្រាបទៀតថា លោក សៀម ភ្លុក អតីតស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានចៅក្រមស៊ើបសួរសាលាបំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ពាក់ ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតឯកសារក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ។ ហើយមេបក្សរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ៥៣ឆ្នាំ យកទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។ ចៅក្រមស៊ើបសួរក៏បានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
បន្ថែមពីនេះទៀត គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ ត្រូវសហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។ ហើយកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចេញប្រកាសមួយដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានបើកសវនការ និងបានប្រកាសសាលដីកាសម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើរបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា។
លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា កន្លងទៅ ក្រសួងមហាផ្ទៃ បានរកឃើញអំពីភាពមិនប្រក្រតី ក្នុងការប្រមូលស្នាមមេដៃ ដើម្បីស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ដោយក្នុងនោះមានដូចជាស្នាមមេដៃរបស់ឈ្មោះបុគ្គលមួយចំនួនខុសពីស្នាមមេដៃនៅក្នុងអត្តសញ្ញាណប័ណ្ណដូចជា ៖ ១- ស្នាមមេដៃរបស់បុគ្គលមួយចំនួនផ្តិតលើឈ្មោះបុគ្គលដទៃ។ ២- ការក្លែងស្នាមមេដៃបុគ្គល។ ៣- ស្នាមមេដៃរបស់បុគ្គលមួយចំនួនខូចគុណភាព មិនអាចធ្វើកោសល្យវិច័យបាន និង៤- ស្នាមមេដៃមានភាពមិនប្រក្រតីធ្ងន់ធ្ងរជាដើម៕
ចែករំលែកព័តមាននេះ