ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍ PNN មួយ​រូប​ទទួលមរណភាព ក្រោយ​ដើរ​ធ្លាក់​ចូល​អណ្ដូង​ជម្រៅ​ជាង២០​ម៉ែត្រ​ដោយ​ចៃដន្យ

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ លោក ឡ​ន វ​ណ្ណា អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍ ភី​អិន​អិន (PNN) ប្រចាំ​ខេត្តស្ទឹងត្រែង ដែល​ជួប​ឧបទ្ទវហេតុ…

ខេត្តមណ្ឌលគិរី ៖ លោក ឡ​ន វ​ណ្ណា អ្នករាយការណ៍​ព័ត៌មាន​ទូរទស្សន៍ ភី​អិន​អិន (PNN) ប្រចាំ​ខេត្តស្ទឹងត្រែង ដែល​ជួប​ឧបទ្ទវហេតុ ដើរ​ធ្លាក់​ចូល​អណ្ដូង​ជម្រៅ​ជាង២០​ម៉ែត្រ នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣​នោះ បាន​ទទួលមរណភាព​ហើយ នៅ​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ ។

គួរ​រំលឹក​ថា មុន​ពេល​កើតហេតុ លោក ឡ​ន វ​ណ្ណា និង​ក្រុម​គ្រួ​សារបាន​ទៅ​សម្រាក​នៅ​ដីចម្ការ​របស់​លោក ក្នុង​ខេត្តមណ្ឌលគិរី ។ មុន​ពេល​ព្រះអាទិត្យ​អស្ដង្គត​(​ថ្ងៃ​លិច​) លោក​បាន​ដើរ​ថត​ទេសភាព​ជុំវិញ​ដី និង​ដើរ​ថត​វី​ដេ​អូ​សែ​ល​ហ្វី នៅ​ក្នុង​បរិវេណ​ដីចម្ការ​ចាស់​អ្នក​ជិតខាង នៅ​ក្បែរ​ផ្ទះ​ចម្ការ​របស់​លោក ដោយ​មិន​នឹក​ស្មាន ហើយ​ក៏​បាំង​ស្មៅ​មើល​ពុំ​ឃើញ លោក​ក៏​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​អណ្តូង​ដោយ​ចៃដន្យ មួយ​កន្លែង​ពុំ​មានទឹក ដែល​មាន​ជម្រៅ​ជាង២០ម៉ែត្រ បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ។

នៅ​ពេល​ធ្លាក់​ចូល​ក្នុង​អណ្តូង​នោះ លោក​ព្យាយាម​ចុច​ទូរ​សព្ទ​មក​ប្រពន្ធ​ដែរ ប៉ុន្តែ​បាត់​មិន​ឮ​និយាយ ទើប​ក្រុម​គ្រួសារ​មានការ​សង្ស័យ ក៏​នាំ​គ្នា តាម​រក ។ ខណៈ​ពេល​ដើរ​រក​បណ្តើរ ចុច​ទូរ​សព្ទ​បណ្តើរ ក៏​ឮ​សំឡេង​ល្វើយ​ៗ ចេញពី​ក្នុង​អណ្តូង ហើយ​ក៏​រាយការណ៍​ជូន​ដល់​សមត្ថកិច្ច មក​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

លោក ឡ​ន វ​ណ្ណា ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​មិត្តភក្តិ​ជា​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក់ បាន​ជួយ​សង្គ្រោះ​ភ្លាម​ៗ ។ បន្ទាប់​មក លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​បញ្ជូន​បន្ត​ដល់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ផង​ដែរ ។

រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៣ ក្រុម​គ្រួសារ ក៏​បាន​បញ្ជូន​លោក​ចេញពី​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​មក​ផ្ទះ​នៅ​ខេត្តស្ទឹងត្រែង​វិញ បន្ទាប់​ពី​ស្ថានភាព​មិន​បាន​ធូរស្រាល ពោល​គឺ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ឡើយ ។ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ នៃ​សព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ