ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសណែនាំដល់ក្រសួងកសិកម្ម ត្រូវស្រង់តួលេខអ្នកនេសាទ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យបានច្បាស់លាស់ ហើយលើកទឹកចិត្តពួកគាត់ ឱ្យប្តូរមុខរបរថ្មី ដោយផ្តល់ទាំងបណ្ណក្រីក្រដល់ពួកគាត់ ដើម្បីឈប់ឱ្យគាត់នេសាទតទៅទៀត។ នេះជាកិច្ចការពារសត្វផ្សោតរបស់យើង ពីការជាប់មង និងការនេសាទខុសច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃមុន សត្វផ្សោត ១ក្បាល ស្លា.ប់។ ដូច្នេះត្រូវស្រង់មើល តើបងប្អូនអ្នកនេសាទ ក្នុងតំបន់នោះ មានប៉ុន្មាន? ហើយលើកទឹកចិត្តឱ្យគាត់ ធ្វើមុខរបរផ្សេង ពីការនេសាទត្រី។ យើងក៏អាចផ្តល់ឱ្យគាត់នូវបណ្ណក្រីក្រ ហើយលើកទឹកចិត្តគាត់ ឱ្យប្រកបរបរអ្វីផ្សេង ដើម្បីឱ្យគាត់ មានជម្រើស។ បើមិនដូច្នេះទេ គឺលុបបំបាត់បទល្មើស មិនបានទេ ហើយសត្វផ្សោតយើង ក៏នៅតែរងគ្រោះជាមិនខាន។
អំឡុងពេលសម្តេចតេជោ មានប្រសាសន៍ដល់ចំណុចនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនសម្តេចតេជោថា នៅ ២ខេត្ត គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលជាដែនជម្រកសត្វផ្សោតរស់នៅ គឺមានបងប្អូនប្រជានេសាទ ចំនួន ១៣០០គ្រួសារ។
ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចំនួននេះ យើងអាចធ្វើបាន ព្រោះនៅជិតប្រាសាទអង្គររបស់យើង គឺមានប្រជាពលរដ្ឋចូលរាប់ម៉ឺនគ្រួសារផង យើងនៅអាចធ្វើបាន។ ដូច្នេះយើងផ្តល់ជូនដល់ពួកគាត់នូវបណ្ណក្រីក្រ និងលើកទឹកចិត្តឱ្យគាត់ប្រកបរបរផ្សេង ក្រៅពីការនេសាទ ដើម្បីធានាថា គាត់មិនមកដាក់មងទៀតទេ។ បើមិនដូច្នោះទេ ងាប់អស់ សត្វផ្សោតទាំងនោះ។
វិធានការរបស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើង ខណៈដែលសត្វផ្សោតឈ្មោល ១ក្បាល ទម្ងន់ប្រមាណ ១៦០គ.ក អាយុប្រមាណ ២០ឆ្នាំ បានស្លា.ប់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ដោយជាប់មង នៅក្នុងដែនការពារ និងអភិរក្សសត្វផ្សោត ក្នុងខេត្តស្ទឹងត្រែង។ ក្នុងតំបន់នោះ ហាមឃាត់ មិនឱ្យមានការនេសាទ ពិសេសការដាក់មងចាប់ត្រីឡើយ ព្រោះមង និងសន្ទូចទាំងនោះ អាចជាប់សត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិ មានជីវិតរបស់កម្ពុជា។ ក្នុងទន្លេមេគង្គ ក្នុងទឹកដីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ មានផ្សោត ប្រមាណជាង ៩០ក្បាល៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ