ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះជាពិភពលោក ប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជា មិនខ្វះស្បៀងទេ ពិសេសស្រូវអង្ករ។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស ហាមដាច់ខាត មិនឱ្យមានការដោះដូរដីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ( CARDI = Cambodian Agricultural Research and Development Institute ) ដែលស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងព្រំប្រទល់រវាងរាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាលនោះទេ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «CARDI សុំកុំនរណា មកលូកដៃ។ កន្លងទៅ មានប្រហែលជា ២០ក្រុមហ៊ុន មកស្នើសុំយកដី CARDI ដើម្បីដោះដូរដីនោះ។ CARDI ជាកូនបង្កើតរបស់ខ្ញុំ ដែលខ្ញុំបង្កើតវា។ ដូច្នេះមិនឱ្យដោះដូរទីតាំងនោះទេ រហូតដល់ខ្ញុំងាប់ ហើយបើខ្ញុំងាប់ហើយ មានអ្នកដោះដូរ ខ្ញុំនឹងទៅតាមកាច់កវា។ ផ្តាំទៅរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីក្រោយៗ បើខ្ញុំងាប់ទៅ ក៏ទៅតាមកាច់យកដែរ។ ទុកវា នៅកន្លែងហ្នឹងទៅ។ យើងបង្កើតបានពូជស្រូវល្អៗ ចេញពី CARDI ហ្នឹង»។
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ( CARDI = Cambodian Agricultural Research and Development Institute ) បង្កើតឡើង កាលពីឆ្នាំ១៩៩៩ នៅតាមផ្លូវជាតិលេខ៣ ក្នុងព្រំដែនរវាងរាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ CARDI ត្រូវបានបង្កើតឡើង ដើម្បីស្រាវជ្រាវ សម្រាប់អភិវឌ្ឍន៍កសិកម្ម ប្រកបដោយនិរន្តភាព ក្នុងប្រទេសកម្ពុជា រួមទាំងបង្កើនផលិតភាពកសិកម្ម ធ្វើឲ្យប្រសើរឡើងពិពិធកម្មដំណាំ និងធានាបាននូវនិរន្តភាពបរិស្ថាន ព្រមទាំងស្ថិរភាពជីវភាពជនបទ តាមរយៈភាពជាដៃគូ ក្នុងការស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកទេសកសិកម្ម។ ក្នុងនោះ រាជរដ្ឋាភិបាល បង្កើតវិទ្យាស្ថាន CARDI ក៏ដើម្បីបង្កើត និងជំរុញការប្រើប្រាស់ឲ្យបានទូលាយនូវបច្ចេកទេសល្អៗ ដើម្បើគាំទ្រដល់កំណើនវិស័យកសិកម្ម នៅកម្ពុជាផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ