ខេត្តរតនគិរី ៖ នៅរដូវប្រាំងប៉ុន្មានខែក្នុងឆ្នាំនេះ ស្រាប់តែមានក្រុមពួកឈ្មួញ កំពុងតែឆក់ឱកាសយ៉ាងក្តៅគគុកប្រើយុទ្ធសាស្ត្រថ្មី គឺកា.ប់ទន្ទ្រានបណ្ដើរ ដាំបណ្ដើរ យកដីព្រៃរបស់រដ្ឋរាប់រយរាប់ពាន់ហិកតា ធ្វើជាកម្មសិទ្ធិនៅក្នុងស្រុកកូនមុំ ដើម្បីឱ្យទាន់នយោបាយកាត់ឆ្វៀលដីធ្លីជូនប្រពលរដ្ឋដែលអាស្រ័យផលនោះ តែមកដល់ពេលនេះសមត្ថកិច្ចពាក់ព័ន្ធហាក់នៅមិនទាន់មានវិធានការទប់ស្កាត់នៅឡើយ។

ដីព្រៃរបស់រដ្ឋរាប់រយហិកតា ដែលពួកឈ្មួញបាននិងកំពុងកា.ប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់នោះ មានទីតាំងស្ថិតនៅចន្លោះភូមិហាត់ប៉ក់ ឃុំភ្នំកុក ស្រុកវ៉ឺនសៃ និងចន្លោះភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
លោក ណាត នាយកសាខាកាកបាទក្រហមខេត្ដរតនគិរី ដែលមានដីចម្កានៅទីនោះដែរ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា លោកពិតមែនតែមានដីនៅតំបន់ខាងលើនោះ គឺទំហំតែ៣០ហិកតាប៉ុណ្ណោះកំពុងអាស្រ័យផល។ លោកបន្តថា បច្ចុប្បន្ន ដីនោះលោកបានដាំដំណាំស្វាយចន្ទី និងបានអាស្រ័យផល១០ឆ្នាំមកហើយ។

នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ៣០២៣នេះ លោកបន្តប្រាប់ថា ចំណែកការកា.ប់ទន្ទ្រានកំពុងដុតថ្មីៗនោះ លោកពុំដឹងទេ ព្រោះលោកពុំមានកា.ប់ថ្មីឡើយ មានតែចម្ការចាស់ដាំចន្ទីរួចអស់ហើយ។
លោកបញ្ជាក់ថា បើអ្នកកាសែតធ្វើការចុះផ្សាយ គួរតែផ្សាយដីនៅទីនោះទាំងអស់គ្នាផង ព្រោះតំបន់នោះមានគ្នាជិត១០ម្ចាស់ឯណោះ ដែលបានចូលកាន់កា.ប់ដីរដ្ឋ ដាំដំណាំអាស្រ័យផល។

លោក ហេង សាវឿន អភិបាលស្រុកវ៉ឺនសៃ បានប្រាប់ក្រុមអ្នកយកព័ត៌មានឱ្យដឹងថា ដីដែលឈ្មួញកំពុងកាន់កា.ប់នោះ មិនស្ថិតនៅក្នុងរដ្ឋបាលស្រុកវ៉ឺនសៃឡើយ ផ្ទុយទៅវិញដីនោះគឺស្ថិតខាងស្រុកកូនមុំ។
ចំណែកលោក សេក ហៃ អភិបាលស្រុកកូនមុំវិញ ក្រុមអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ជុំវិញករណីពួកឈ្មួញជាច្រើនក្រុម ដែលបានចូលទៅកា.ប់យកដីរដ្ឋនៅភូមិសាស្ត្រដូចខាងលើនោះបានទេ។

លោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា កន្លងមក ធ្លាប់តែមានគេប្រាប់ថា ដីរបស់រដ្ឋនៅតំបន់នោះ មានគេកា.ប់ទន្ទ្រានក្នុងទ្រង់ទ្រាយធំដែរ។
លោកនាយខណ្ឌបញ្ជាក់បន្ថែមថា រឿងនោះ លោកក៏បានរាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយដែរ ដើម្បីសុំកម្លាំងសហការចុះទៅត្រួតពិនិត្យ ប៉ុន្តែខេត្តថា ចាំបង្កើតគណៈកម្មការចម្រុះជាមុនសិន៕





ចែករំលែកព័តមាននេះ