ខេត្តមណ្ឌលគិរី ៖ ករណីឈូសឆាយដីព្រៃជាង៥០ហិកតា នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បុរស២នាក់ ដែលម្នាក់ជាមេភូមិ និងម្នាក់ទៀតជាមេឃុំ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី អញ្ជើញទៅសាកសួរនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ដើម្បីបំភ្លឺ ដ្បិតករណីនេះ គេនៅមិនទាន់វែកមុខរកអ្នកពាក់ព័ន្ធឃើញនៅឡើយទេ ទោះវិសាលភាពបំផ្លាញមានទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ។
![Picture]()
យោងតាមលិខិតដែលកោះសន្តិភាពទទួលបាននាព្រឹកថ្ងៃទី២៤ ខែមីនា មានខ្លឹមសារថា យោងច្បាប់ស្ដីពីព្រៃឈើ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ សារាចរណែនាំ លេខ០៥ សរណន ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ កំណត់ហេតុស្ដីពីការចុះត្រួតពិនិត្យការកា.ប់រានព្រៃ ឈូសឆាយដីព្រៃឈើ និងហ៊ុមព័ទ្ធកាន់កា.ប់ធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងភូមិសាស្ត្រភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
![Picture]()
តាមបទបញ្ជាផ្ទាល់របស់លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឲ្យអញ្ជើញអាជ្ញាធរពាក់ព័ទ្ធ និងភាគីខាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដើម្បីសាកសួរព័ត៌មាន។ ក្នុងលិខិតបានចារ ឈ្មោះ ចាស ណា មានតួនាទីជាមេឃុំដាក់ដាំ ភេទប្រុស ជនជាតិព្នង និងលោក ព្យឺយ គីម មានតួនាទីជាមេភូមិពូឡេះ មានទីលំនៅបច្ចុប្បន្ន ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ដើម្បីចូលសាកសួរព័ត៌មានករណីកា.ប់រានព្រៃ ឈូសឆាយដីព្រៃឈើ និងហ៊ុមព័ទ្ធដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ស្ថិតក្នុងភូមិពូឡោះ ឃុំដាក់ដាំ ស្រុកអូររាំង ត្រង់ចំណុចនិយាមកា (០៧៥៣៧៤០-១៣៧១៤៧០) ។
![Picture]()
គិតត្រឹមវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កោះសន្តិភាពនៅមិនទាន់ទទួលបានព័ត៌មានបន្ថែមពីមន្ត្រីជំនាញ ដែលបានសាកសួរលើអាជ្ញាធរភូមិ-ឃុំនោះឡើយ។
សូមរំឮកថា សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី ដឹកនាំដោយព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត នារសៀលថ្ងៃទី១៩ ខេមីនា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំងដីព្រៃមួយកន្លែង នៅក្នុងដីសម្បទានសេដ្ឋកិច្ចដាំដើមស្រល់ ដែលត្រូវបានជនមិនស្គាល់មុខលួចឈូសឆាយឈើធំៗរាប់ពាន់ដុតចោល ដើម្បីយកដី ក្នុងគោលបំណងហ៊ុមព័ន្ធធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្ត្រឃុំដាក់ដាំ ស្រុកអូររាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្នុងករណីមានសកម្មភាពកា.ប់ឆ្ការឈូសឆាយព្រៃជាច្រើនហិកតា ដោយគ្មានច្បាប់អនុញ្ញាត កម្លាំងជំនាញបានចុះប្រតិបត្តិការនៅទីតាំងបទល្មើសជាក់ស្តែង ក៏ប្រទះឃើញផ្ទៃដីប្រមាណ៥០ហិកតា ត្រូវបានគេឈូសឆាយព្រៃចាស់ និងថ្មីរួច ថែមទាំងប្រមូលដុតបំបាត់ដាន ប៉ុន្តែគ្មានមនុស្សណាម្នាក់ ឬគ្រឿងចក្រត្រូវគេរកឃើញក្នុងកន្លែងនោះឡើយ។
![Picture]()
សមត្ថកិច្ចបន្តថា ការចុះត្រួតពិនិត្យទីតាំងកា.ប់រានឈូសឆាយដីព្រៃឈើ និងហ៊ុមព័ទ្ធកាន់កា.ប់ធ្វើជាកម្មសិទ្ធិ ដែលមានភូមិសាស្ត្រស្ថិតក្នុងភូមិពូឡះ ឃុំដាក់ដាំ ស្រុកអូររាំង ក្រោយពីក្រុមការងារបានយកចំណុចនិយាមកា ហើយដំឡើងផែនទី និងផ្ទៀងផ្ទាត់ នឹងផែនទីគម្របព្រៃឈើឆ្នាំ២០០២ ទីតាំងដែលបានកា.ប់រាន ឈូសឆាយដីព្រៃឈើ និងហ៊ុមព័ទ្ធកាន់កា.ប់ធ្វើជាកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាតនេះ គឺស្ថិតនៅក្នុងដីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ហួរលីង និងមានទំហំផ្ទៃដីដែលបានឈូសឆាយ សរុបចំនួន ៥៦ហិកតា១០អា៕
ចែករំលែកព័តមាននេះ