ភ្នំពេញ៖ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានប្រកាស អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ទឹក នៅភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល អំពីការខ្វះទឹកប្រើប្រាស់ នៅដើមឆ្នាំ២០២៣ នេះ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ នាពេលនេះ សូមមេត្តាយោគយល់ អធ្យាស្រ័យ ខន្តីអភ័យទោស ហើយសន្សំសំចៃទឹក។
តាមសេចក្តីប្រកាស នៅឆ្នាំ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់ បានកើនឡើងជាង ៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែង មានប្រមាណតែ ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះខ្វះទឹកផ្គត់ផ្គង់ ចំនួន ២៥ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។
សេចក្តីប្រកាស បន្តថា រហូតដល់ដើមខែឧសភា ឆ្នាំ២០២៣ នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិត ចែកចាយទឹកស្អាត បានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ បន្ថែមលើសសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ពោលគឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត ៨៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង ៩០% ហើយ។
សេចក្តីប្រកាស បន្ថែមថា ចាប់ពីដើមឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាត បាន ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឱ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ។
សរុបសេចក្តីមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានជាង ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹក ដែលមានប្រមាណ ៩០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅភ្នំពេញ និងក្រុងតាខ្មៅទាំងអស់ មានទឹកប្រើប្រាស់គ្រប់គ្រាន់។
ក្នុងពេលខ្វះទឹកពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាស អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងក្នុងរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹក ទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅតំបន់ជាយក្រុង។ ក្នុងនោះ អ្នកខ្វះទឹក អាចចូលរួមផ្តល់ព័ត៌មាន និងសាកសួរអំពីការខ្វះទឹកស្អាត មកកាន់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ 097 77 111 67 លោក សោម សុវណ្ណ ឬ លេខទូរស័ព្ទ 097 77 111 79 លោក ផេង ទី ឬ ហ្វេសប៊ុកផេករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ