ខេត្តត្បូងឃ្មុំ ៖ ផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុងភូមិស្រែសៀម ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ បានស្រុតបែក ដោយសារតែរថយន្តដឹកកម្ទេចថ្ម ចេញពីក្នុងការដ្ឋានស្រែសៀម ជារបស់ឧកញ៉ាម្នាក់។ ហើយរថយន្តដែលដឹកកម្ទេចថ្មចេញមក បានបើកបរលើផ្លូវជាតិលេខ៧ ថែមទាំងមិនគ្របទៀត ជាហេតុបណ្ដាលឲ្យជ្រុះរាយប៉ាយតាមផ្លូវ និងហុយលើគេឯងថែមទៀតផង។

តាមប្រភពប្រជាពលរដ្ឋរស់នៅមិនឆ្ងាយប៉ុន្មានពីការដ្ឋាន បានរៀបរាប់ប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះថា ពួកគាត់ទើបតែមកតាំងលំនៅឋានក្នុងភូមិស្រែសៀម ប្រមាណជាង១០ឆ្នាំមកហើយ។ ដំបូងផ្លូវមុខផ្ទះ ជាប្រភេទផ្លូវដីក្រាលក្រួសក្រហម ពេលដែលរថយន្តតូចធំដឹកកម្ទេចថ្មចេញពីការដ្ឋានយកទៅលក់ ហើយឆ្លងកាត់តាមមុខផ្ទះរបស់ពួកគាត់ ធ្វើឱ្យដីហុយតែមិនជាខ្លាំងនោះទេ ដោយសារមានរថយន្តរបស់ការដ្ឋាន បើកទៅវិញទៅមកស្រោចទឹក។

ប្រភពពីប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា រាល់ថ្ងៃនេះ ផ្លូវមុខផ្ទះរបស់ពួកគាត់ គឺគេចាក់បេតុង លែងជាបញ្ហាចោទដូចមុនទៀតហើយ ជាមួយនោះ ក៏មានកម្ទេចថ្មជ្រុះលើផ្លូវផងដែរ។ ចំពោះផ្លូវបេតុងកន្លែងខ្លះ ដែលបាក់ស្រុតប្រេះ គឺដោយសារតែរថយន្តដឹកកម្ទេចថ្មធ្ងន់ៗពេក ហើយពេលបំផ្ទុះយកថ្មម្ដងៗ គឺខាងក្រុមហ៊ុនកិនថ្ម ក៏បានផ្ដល់សញ្ញាស៊ីរ៉ែន ឬដេញក្មេងឃ្វាលគោឲ្យទៅឆ្ងាយផងដែរ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាណាមួយកើតឡើង។ តែបើមានបញ្ហា ប្រជាពលរដ្ឋទៅប្រាប់ដល់ក្រុមហ៊ុន គឺគេចេញសំណងឲ្យ ហើយតាំងពីពេលដែលពួកគាត់មករស់នៅភូមិស្រែសៀមនេះ គឺមិនដែលឮបញ្ហាធំណាមួយកើតឡើងនោះទេ។

បើតាមតំណាងក្រុមហ៊ុនការដ្ឋានកិនថ្មស្រែសៀម ដែលជាមនុស្សស្រី បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា ចំពោះរថយន្តបែនដឹកថ្ម ពេលចូលមកដឹកនៅកន្លែងរបស់គាត់ គឺតម្រូវឲ្យគ្របចៀសវាងកុំឲ្យកម្ទេចថ្មធ្លាក់ ហើយផ្លូវបេតុងប្រវែង១០ម៉ែត្រទៅ២០ម៉ែត្រ គេធ្វើទួលតូចៗកុំឲ្យបើកលឿន។

ប៉ុន្តែគ្រាន់តែភ្នាក់ងាររបស់យើង បានប្រាប់ថា រថយន្តបែនដឹកកម្ទេចថ្មមិនគ្របកៅស៊ូតង់នោះទេ ស្រាប់តែស្ត្រីនោះក៏បិទទូរស័ព្ទផ្ដាច់ការទាក់ទងតែម្ដង ដោយពុំទាន់បាននិយាយឱ្យដឹងច្បាស់លាស់នៅឡើយ។

ចំណែកលោក ជា ប៊ុនពៅ មេឃុំជីរោទិ៍ទី២ មានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទដែរថា ចំពោះផ្លូវចូលពីខ្លោងទ្វារទៅខាងក្នុងអូរក្តូង ដំបូងជាប្រភេទផ្លូវដី ប៉ុន្តែក្រោយមក ការដ្ឋានកិនថ្មស្រែសៀម ដែលជារបស់ឧកញ៉ាស្រ៊ុន សំណាង បានចាក់ផ្លូវបេតុងប្រវែងជាង១,០០០ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ និងងាយរថយន្តដឹកកម្ទេចថ្មផងដែរ។

លោកមេឃុំដដែលបញ្ជាក់ឲ្យដឹងទៀតថា ចំពោះផ្លូវបេតុងដែលស្រុត និងប្រេះនេះ គឺដោយសារតែកត្តារថយន្តដឹកកម្ទេចថ្មធ្ងន់ៗពេក ទើបជាហេតុបណ្ដាលឱ្យប្រេះយ៉ាងដូច្នេះ។ សូមបញ្ជាក់ថា ការដ្ឋានរបស់ឧកញ៉ាសំណាង មិនដែលបំផ្ទុះយកថ្មធ្វើឲ្យប៉ះពាល់ដល់អាយុប្រជាពលរដ្ឋណាម្នាក់នោះទេ។
ចែករំលែកព័តមាននេះ