ទីក្រុងបាងកក, ប្រទេសថៃ៖ ពាក់ព័ន្ធនឹងសំណុំរឿងបាញ់ប្រហារនៅប្រទេសថៃកាលពីម្សិលមិញ។ ឥឡូវនេះព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបង្ហាញថាជនសង្ស័យដែលបានផ្ដាច់ផ្ដិលជីវិតមនុស្ស៣នាក់ និងធ្វើឱ្យរបួស៣នាក់នោះ បានស្លាប់ហើយក្រោមស្នាដៃរបស់កងកុម្ម៉ង់ដូពិសេស។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ច។
![Picture]()
កងកុម្ម៉ង់ដូថៃបានចុះឡោមព័ទ្ធគេហដ្ឋាន១កន្លែង និងសម្រេចចិត្តបាញ់កម្ទេចជនសង្ស័យតែម្ដង ព្រោះពិបាកនិយាយគ្នាពេក។ ពួកគេចុះហ៊ុមព័ទ្ធផ្ទះនោះអស់រយៈពេល១៥ម៉ោង។ ប៉ុន្តែជនសង្ស័យនៅតែប្រកាន់គោលជំហរដាច់ខាតសុខចិត្តស្លាប់ មិនព្រមលើកដៃសារភាពដើម្បីឱ្យសមត្ថកិច្ចចូលចាប់ខ្លួនតាមសម្រួល។
បុរសរូបនោះត្រូវគេស្គាល់ថាឈ្មោះអនុវត្ត ឡេមថង (Anuwat Laemthong) អាយុ២៩ឆ្នាំ។ គាត់ចាប់ផ្ដើមបាញ់កាំភ្លើងចេញពីគេហដ្ឋានកម្ពស់២ជាន់នៅវេលាម៉ោង១:៣៧រសៀលថ្ងៃពុធ។ បន្ទាប់ពីទទួលបានការស្នើសុំធ្វើអន្តរាគមន៍បន្ទាន់, អាជ្ញាធរក៏បញ្ជូនកងកុម្ម៉ង់ដូ១រយនាក់របស់នគរបាលដើម្បីហ៊ុមព័ទ្ធផ្ទះនោះឱ្យជិត។ បន្ទាប់មក, សមត្ថកិច្ចបញ្ជូនមនុស្សទៅនិយាយចរចា និងលួងលោមជនសង្ស័យដើម្បីឱ្យគាត់បញ្ឈប់សកម្មភាព និងប្រគល់ខ្លួនតាមសម្រួល។ ប៉ុន្តែជាការឥតប្រយោជន៍។
![Picture]()
នៅម៉ោង៧យប់, សមត្ថកិច្ចដឹកម្ដាយរបស់ជនសង្ស័យទៅផ្ទះនោះដើម្បីឱ្យគាត់ជួយនិយាយបន្ទន់ចិត្តកូន។ ប៉ុន្តែជនសង្ស័យមិនព្រមស្ដាប់តាមពាក្យអង្វរករបស់ម្ដាយទេ។ គាត់គិតតែពីបាញ់កាំភ្លើងរប៉េះរប៉ោះឥតគោលដៅពិតប្រាកដ។ បាញ់ចុះបាញ់ឡើងបណ្ដាលឱ្យអ្នកដំណើរ៣នាក់ស្លាប់ និង៣នាក់រងរបួស។
ជនរងគ្រោះ២នាក់អាយុ២២ឆ្នាំ ធ្វើដំណើរដោយម៉ូតូ និងជានិស្សិតមហាវិទ្យាល័យ។ អ្នកស្លាប់ម្នាក់ទៀតអាយុ២៧ឆ្នាំជាអ្នកស៊ីឈ្នួលបើកឡានដឹកឥវ៉ាន់ឱ្យគេ។ សាក្សីនិយាយថារហូតដល់ពេលដែលកងកុម្ម៉ង់ដូចុះព័ទ្ធគេហដ្ឋាននោះនៅវេលាម៉ោង៦:១០ល្ងាច, ជនសង្ស័យនៅតែបន្តបាញ់កាំភ្លើងចេញពីក្នុងផ្ទះ។ (គិតទៅបាញ់តាំងពីម៉ោង១:៣៧រសៀលដល់ម៉ោង៦:១០ល្ងាច បាញ់៤ម៉ោងកន្លះ)។
![Picture]()
ក្រោយមក ឧត្ដមសេនីយ៍នគរបាលមួយចំនួនក៏ចុះទៅដល់កន្លែងកើតហេតុជាបន្តបន្ទាប់នៅវេលាម៉ោង៦:៥០ និង១១:៣០យប់។ គិតត្រឹមម៉ោង៣:៣៣ទៀបភ្លឺចូលព្រឹកថ្ងៃព្រហស្បតិ៍នេះ, កងកុម្ម៉ង់ដូសម្រេចចិត្តវាយសម្រុកចូលគេហដ្ឋាននោះ, ហើយបាញ់កាំភ្លើងតដៃគ្នាជាមួយជនសង្ស័យមួយប្រាវ។ គេឃើញជនសង្ស័យដេកស្លាប់ក្នុងថ្លុកឈាមនៅជាន់ទី២។ ហេតុការណ៍បាញ់ប្រហារពីសំណាក់ជនសង្ស័យដែលអូសបន្លាយពេល១៥ម៉ោង ត្រូវបិទបញ្ចប់ទាំងស្រុងនៅម៉ោង៣:៤៧ទៀបភ្លឺ។ សមត្ថកិច្ចរកឃើញកាំភ្លើងខ្លី៩មិល្លីម៉ែត្រ១ដើមនៅក្បែរសពជនសង្ស័យ។
ជនសង្ស័យឈ្មោះ Anuwat ដែលត្រូវសមត្ថកិច្ចបាញ់កម្ទេចអាជ្ញាធរធានាផ្ដល់ប្រាក់សំណងយ៉ាងសមរម្យជូនទៅសាច់ញាតិ ឬក្រុមគ្រួសារជនរងគ្រោះ។ ជនសង្ស័យធ្លាប់ធ្វើការជាអ្នកអភិរក្សសួនឧទ្យានជាតិ (ការពារព្រៃ) រយៈពេលប្រូបេសិន៦ខែកាលពីឆ្នាំ២០២០។ ដល់ពេលចប់ប្រូបេសិន, ខាងថ្នាក់លើលែងបន្តកុងត្រាឱ្យគាត់តទៅទៀត។ គាត់ធ្លាប់ឡើងតុលាការចំនួន២ដង។ លើកចុងក្រោយឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២៕
ប្រភព៖ Bangkok Post
ចែករំលែកព័តមាននេះ