រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះបានប្រតិកម្មតបទៅអ្នកវិភាគមួយចំនួនដែលសម្តេចតេជោ ហៅថា អ្នកវិភាគដែលមិនដឹងច្បាស់ពីឋានុក្រមរបស់កងទ័ព។
![Picture]()
សម្តេចតេជោ បានថ្លែងច្បាស់ៗនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា ឋានានុក្រមរបស់កងទ័ព ឋានៈ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវមានផ្កាយ៤ ទាំងអស់។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវដំឡើងផ្កាយ៤ តាំងពីឆ្នាំ២០១៨មកម្ល៉េះ តែលោកសុំមិនឱ្យដំឡើង។
![Picture]()
សម្តេចតេជោ បានហៅការរិះគន់ទាំងនោះថា ជាការប្រមូលផ្តុំជារណសិរ្ស វាយប្រហារឯកឧត្តម ហ៊ុន ម៉ាណែត។ យ៉ាងណាមិញ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏ថ្លែងដែរថា ការវាយប្រហារនេះ បែរជាមានចំណុចល្អនិងជួយដល់សម្តេចផងដែរ ព្រោះកន្លងមកសម្តេច ខ្លាចណាស់ ថាកូនរបស់សម្តេចតេជោ ទន់ជ្រាយ តែពេលនេះការវាយប្រហាររបស់អ្នកវិភាគមួយចំនួនបានបំពេញបំណងរបស់សម្តេច ព្រោះបានធ្វើឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ចេះការពារខ្លួន ដឹងក្តីដឹងត្រជាក់យ៉ាងណា មុនធ្វើជានាយករដ្ឋមន្ត្រីជាពេលខាងមុខ។
![Picture]()
សម្តេចតេជោ ហ៊ុន សែន ក៏បាន ប្រកាសថា លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការរងកងទ័ពជើងគោក នឹងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក នៅពេលណាដែល ឯកឧត្តម ហ៊ុន ម៉ាណែត ទៅកាន់តំណែងនយោបាយ។ ដូច្នេះការសូមអ្នកវិភាគកុំយល់ខុសថាការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ «ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន» ដើម្បីធ្វើជា មេបញ្ជាការរងកងទ័ពជើងគោក៕
ចែករំលែកព័តមាននេះ