ខេត្តបាត់ដំបង ៖ លំនៅឋានប្រជាពលរដ្ឋយ៉ាងតិចចំនួន១៣ខ្នងបានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់មួយប្រាវ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២១ មីនា ដែលប៉ះទង្គិចទៅភូមិចំនួន០២ ក្នុងឃុំអំពីលប្រាំដើម ស្រុកបវេល។ នេះបើតាមសេចក្ដីរាយការណ៍បឋមរបស់មន្ត្រីមូលដ្ឋាន តែពុំមានគ្រោះថ្នាក់មនុស្សទេ ។
![Picture]()
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ លាយឡំជាមួយនិងភ្លៀងធ្លាក់បន្តិចបន្តួចផង ។ ខ្យល់កន្ត្រាក់នេះ បានប៉ះទង្គិចទៅលើភូមិបឹងរ៉ាក់ និងភូមិបឹងសង្កែ ក្នុងឃុំអំពិលប្រាំដើម បណ្ដាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន១៣ខ្នងបានរងការខូចខាត ដែលភាគច្រើនប៉ើងដំបូល តែសេចក្ដីរាយការណ៍ដដែល ពុំបាននិយាយពីការគ្រោះថ្នាក់ដល់មនុស្ស ឬសត្វទេ ។
![Picture]()
យ៉ាងណាក្ដី នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ដែលកោះសន្តិភាពទទួលបានពីមន្ត្រីមូលដ្ឋាន ក្រោយមានគ្រោះធម្មជាតិនេះបានកើតឡើង។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ មីនា ភ្លៀងកក់ខែនារដូវប្រាំងនេះ បានធ្លាក់រាយប៉ាយប៉ះទៅលើបណ្ដាស្រុកមួយចំនួន រួមទាំងនៅក្នុងក្រុងបាត់ដំបង តែមិនធំដុំទេ ។ ជាមួយនឹងមានភ្លៀងមួយប្រាវនេះ ក៏នាំមកនូវជាមួយនឹងខ្យល់កន្ត្រាក់ជាអន្លើៗផង ដែលប៉ះទង្គិចទៅលើលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាស្រុក ។ កាលពីសប្ដាហ៍មុន ភ្លៀងកក់ខែនារដូវប្រាំងនេះ ក៏បានវាយប្រហារមួយមួយប្រាវធំនៅក្នុងស្រុកសំឡូតដែរ តែពុំមាននាំយកខ្យល់កន្ត្រាក់ ឬផ្គររន្ទះមកជាមួយទេ ។
![Picture]()
ភ្លៀងមួយមេនោះ ត្រូវគេអះអាងថា មានធ្លាក់ព្រិលផង បានស្រោចទៅលើឃុំសំឡូត ស្រុកសំឡូត តែមិនបង្កឲ្យមានគ្រោះមហន្តរាយទេ ។ ទោះយ៉ាងណា ពាក់ព័ន្ធនឹងខ្យល់កន្ត្រាក់វាយប្រហារលំនៅឋានប្រជាពលរដ្ឋនៅឃុំអំពិលប្រាំដើម ស្រុកបវេលខាងលើនេះ បើតាមសេចក្ដីរាយការណ៍ គឺពេលនេះអាជ្ញាធរ និងសមត្ថកិច្ចបាននិងកំពុងចុះត្រួតពិនិត្យស្រាវជ្រាវនៅក្នុងមូលដ្ឋាន ធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីស្នើសុំជួយសង្គ្រោះបឋមហើយ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ