ខេត្តបាត់ដំបង ៖ អតីតទណ្ឌិតម្នាក់ធ្លាប់ជាប់គុកស្ទើររាប់ភេ្លចដោយសាររឿងដដែលៗ (គប់កញ្ចក់រថយន្តគេលួចយកទ្រព្យសម្បត្តិ) តែពេលនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅប្រគល់ឲ្យតុលាការវិនិច្ឆ័យទោសជាថ្មីម្ដងទៀត ក្នុងករណីប្រព្រឹត្តបទល្មើសដដែលៗនេះ ។ អតីតទណ្ឌិតម្នាក់នេះឈ្មោះ ចឹក បូរ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង ។
![Picture]()
បើតាមរបាយការណ៍ការិយាល័យជំនាញខាងលើនេះ ជននេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តស្រាវជ្រាវចាប់ខ្លួនជាថ្មី កាលពីរសៀលថ្ងៃទី២០ មីនា ជិតមួយសប្ដាហ៍ក្រោយពីជននេះ ប្រព្រឹត្តបទល្មើស «គប់កម្ទេចកញ្ចក់រថយន្តគេលួចយកប្រាក់» ។
![Picture]()
លោក ឈឿង គឹមសុង ស្នងការរងទទួលបន្ទុកដឹកនាំការងារ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា កម្លាំងជំនាញការិយាល័យនេះបានឃាត់ខ្លួនអតីតទណ្ឌិត ឈ្មោះ ចឹក បូរ៉ា នេះ ក្រោយពីជាប់សង្ស័យបានធ្វើសកម្មភាព «គប់បំបែកកញ្ចក់រថយន្តគេ រួចលួចយកកាបូបប្រាក់» កាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ មីនា នៅក្បែររបងសាលា២ធ្នូ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង របស់ជនរងគ្រោះឈ្មោះ ចឹក រក្សា ប្រុសអាយុ៣១ឆ្នាំ ។
![Picture]()
លោកស្នងការរងដែលទើបប្រកាសចូលកាន់ដំណែងថ្មីៗក្ដៅៗរូបនេះបានបញ្ជាក់ថា ក្រោយធ្វើសកម្មភាពបានសម្រេចជននេះបានគេចខ្លួន តែដោយសារសកម្មភាពជននេះ មានជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានចំណាំមុខយ៉ាងច្បាស់ផង ដែលសមត្ថកិច្ចធ្លាប់ចាប់ខ្លួននាពេលកន្លងមកផង ទើបលោកស្នងការបញ្ជាឲ្យលោក ដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន ថែមទាំងដកហូតបាននូវត្ថុតាងមួយចំនួនផង។
![Picture]()
នៅចំពោះមុខមន្ត្រីជំនាញ ជនសង្ស័យឈ្មោះ ចឹក បូរ៉ា បានសារភាពថា ខ្លួនពិតជាបានវាយកញ្ចក់រថយន្តដែលម្ចាស់ចតនៅខាងក្រៅផ្ទះ និងបានលួចយកកាបូបលុយមែន ។ បើតាមចម្លើយសារភាព ជននេះបានប្រាប់សមត្ថកិច្ចថា ខ្លួនបានយកពិលទៅវាយបំបែកកញ្ចក់រថយន្តស៊េរីទំនើបនោះ រួចលូកយកកាបូបដាក់លុយដែលម្ចាស់ទុកក្នុងរថយន្ត តែជននេះមិនបានប្រាប់ចំនួនប្រាក់ដែលមាននៅក្នុងកាបូបនោះទេ។
![Picture]()
ប៉ុន្តែលោកឈឿង គឹមសុង ដែលបានស្រង់សំដីជនរងគ្រោះបានបញ្ជាក់ថា «នៅក្នុងកាបូបនោះមានប្រាក់ចំនួន២,០០០ដុល្លារ» ។ លោកបានប្រាប់ថា ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញដកហូតប្រាក់ពីជនដៃដល់រូបនេះបានចំនួនជាង៤លានរៀល និងពិលចំនួន០១ ដែលពិលនេះជាវត្ថុតាង ដែលជននេះប្រើប្រាសវាយកញ្ចក់រថយន្ត។
![Picture]()
បើនិយាយពីប្រវត្តិរបស់ជនដៃឆើតម្នាក់នេះវិញ លោក ឈឿង គឹមសុង បានលើកឡើងថា ឈ្មោះ ចឹក បូរ៉ា នេះជាអតីតទណ្ឌិតធ្លាប់ត្រូវកម្លាំងរបស់លោកចាប់ខ្លួនបញ្ជូនទៅតុលាការ និងធ្លាប់ជាប់គុកច្រើនលើកច្រើនសារ ក្រោមបទចោទប្រកាន់ដដែលៗ គឺ «វាយបំបែកកញ្ចក់រថយន្តគេលួចយកទ្រព្យសម្បត្តិ» ។
![Picture]()
លោកបានបញ្ជាក់ថា មុនពេលចាប់ខ្លួនលើកចុងក្រោយនេះ អតីតទណ្ឌិតរូបនេះក៏មាន «ដីកាបញ្ជាឲ្យចាប់ខ្លួន»ដែរ ក្រោមបទចោទ«វាយកញ្ចក់រថយន្តលួចទ្រព្យគេទៀត» ប៉ុន្តែមន្ត្រីផ្នែកអនុវត្តដីកា គេមិនព្រមចាប់ លុះត្រូវកម្លាំងរបស់លោកចាប់ខ្លួនជាថ្មីចុងក្រោយនេះ ទើបគេទម្លាយចេញនូវដីកាចាប់ខ្លួននេះមក ។
![Picture]()
យ៉ាងណាក្ដី នៅរសៀលថ្ងៃដដែលនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញ បញ្ជូនជននេះទៅតុលាការហើយ ដែលជននេះត្រូវចូលគុកជាថ្មី ជាមួយនឹងបទល្មើសដដែលៗ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ