ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​កោតសរសើរ​សាកលវិទ្យាល័យ​ចេ​ន​ឡា​ក្នុង​កា​រប​ញ្ជួ​ន​និស្សិត​ទៅ​ជប៉ុន

6 ឆ្នាំ មុន

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ​សាកលវិទ្យាល័យ​ចេ​ន​ឡា

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ​សាកលវិទ្យាល័យ​ចេ​ន​ឡា ក្នុង​ការ​បញ្ជូន​និស្សិត​ផ្នែក​ថែទាំ​សុខភាព​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជ័យ​លា​ភី​ជូន​និស្សិត​សាកលវិទ្យាល័យ​ចេ​ន​ឡា​ចំនួន ២៨៣៨​នាក់ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ការ​កោតសរសើរ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​ចេ​ន​ឡា ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្កើត និង​អ​ភ​វិ​ឌ្ឍ​គ្រឹះស្ថានសិក្សា​មួយ​នេះ ជាមួយ​ការ​ធ្វើ​ទំនើប​កម្ម​ប្រកបដោយ​គុណភាព ។ 

សម្តេច​បាន បញ្ជាក់​បន្ត​ថា សម្តេច​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដែល​បានការ​អញ្ជើញ​ជា​កិត្តិយស​មក​ប្រគល់ សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ចេ​ន​ឡា ជាង​ពីរ​ពាន់​នាក់​ក្នុង​ពេល​នេះ​។ សម្តេច​នាយក រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​និស្សិត​ជ័យ​លា​ភី​ទាំងអស់ គណៈ​គ្រប់គ្រង​សាលា សាស្ត្រាចារ្យ និង​អាណាព្យាបាល​និស្សិត ដែល​បាន​ខិតខំ​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃនេះ​។ ហើយ​ការ​រីក​ចម្រើន របស់​សាកលវិទ្យាល័យ​ចេ​ន​ឡា គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ដែល​ជា​ទិស​ដៅ​អាទិភាព​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​។ លើស​ពី​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សាកលវិទ្យាល័យ​ចេ​ន​ឡា ក្នុង​ការ​បញ្ជូន​និស្សិត​ផ្នែក​ថែទាំ​សុខភាព​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​មួយ​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​មួយ បាន​ឆ្លើយ​តប​ទៅ​តាម​សំណើ​របស់​សម្តេច​ស្នើ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី ហ្ស៊ី​ន​សូ​អា​បេ ក្នុង​ជំនួប​នៅ​ឯ​ប្រទេស​ជប៉ុន​ក្នុង​ពេល​កន្លង​ទៅ ដែល​ពេល​នោះ​ប្រ​ទស​ជប៉ុន​កំពុង​ខ្វះ​ពលកម្ម ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ជប៉ុន​។ 

ឆ្លើយ​តប​នឹង​ការ​បញ្ជូន​និស្សិត​ផ្នែក​ថែទាំ​សុខភាព​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នេះ​លោក ស៊ិ​ន ខ​ណ្ឌី សាកល​វិទ្យា​ធិ​ការ​សាកលវិទ្យាល័យ​ចេ​ន​ឡា បាន​បញ្ជាក់​ថា សាកលវិទ្យាល័យ​ចេ​ន​ឡា បាន​បើក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថាន ISI (​អាយ អេស អាយ​) នៃ​ប្រទេស​ជប៉ុន ក្រោយ​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន​កន្លង​មក ហើយ​និស្សិត​ផ្នែក​ថែទាំ​សុខភាព ដែល​សាលា​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ពួក​គាត់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា ទី​១-​ទទួល​បាន​ទិ​ដ្ឋ​ការ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​រយៈពេល​យូរ ០៣-០៥​ឆ្នាំ​, ទី​២-​ទទួល​បាន​ប្រាក់​បៀរ​វត្ស​ខ្ពស់​ចាប់ពី​១៧០០​ដុល្លា​ឡើង​ទៅ​, ទី​៣-​ទទួល​បាន​ចំណេះដឹង​ផ្នែក​ភាសា​ជប៉ុន ដែល​ជា​ភាសា​មហាអំណាច​សេដ្ឋកិច្ច​នៃ​ពិភពលោក​, ទី​៤-​បាន​ចាក់​គ្រឹះ​ចំណេះដឹង​បន្ថែម​នូវ​បច្ចេកទេស និង​បច្ចេក​វិទ្យា សម្រាប់​បម្រើ​ឲ្យ​ប្រទេស​ជាតិ​យើង​នា​ថ្ងៃ​អនាគត និង​ទី​៥-​ទទួល​បាន​វិញ្ញាបនបត្រ បញ្ជាក់​ពី​បទ​ពិសោធន៍ និង​ចំណេះដឹង ដែល​នឹង​ចេញ​ដោយ​មន្ទីរពេទ្យ​នៃ​ប្រទេស​ជប៉ុន ៕