រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងកើនកម្តៅហើយនិងអាចមានភ្លៀង។
យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ -២៨ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និងខ្យល់បម្រែបម្រួល ដែលជាហេតុបង្កលក្ខណ:ងាយស្រួលក្នុងការកើតឡើងនូវស្រទាប់កម្តៅ (heat low pressure cell) បណ្តាលឱ្យសីតុណ្ហភាពកើន និងអាចមានភ្លៀងដោយអន្លើ។

ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមាសីតុណ្ហភាពអប្បបរមា មានពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាមានពី៣៦-៣៨ °C។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាមានពី៣៦-៣៨°C។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។

ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C ។ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕
ចែករំលែកព័តមាននេះ