ទីក្រុងប៉េកាំង, ប្រទេសចិន៖ ក្រសួងការបរទេសចិនបាននិយាយវាយបកវិញចំពោះការចោទប្រកាន់ជាញឹកញាប់ និងការសង្ស័យថាប្រទេសចិនលួចផ្ដល់អាវុធ ឬគ្រោងផ្ដល់អាវុធទៅឱ្យប្រទេសរុស្ស៊ីដើម្បីបន្តសង្គ្រាមដ៏បង្ហូរឈាមនៅប្រទេសអ៊ុយក្រែន។ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថាអ្នកដែលផ្ដល់អាវុធដើម្បីបន្តសង្គ្រាមនៅអ៊ុយក្រែនគឺអាមេរិកទេតើ។ ម្ដេចក៏មកចោទប្រទេសចិនទៅវិញ?

អ្នកនាំពាក្យចិន លោកវ៉ាង វឹនប៊ីន(Wang Wenbin)ថ្លែងដូចខាងលើនេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត។យោងតាមការចោទប្រកាន់ថ្មីរបស់អាមេរិក, គេមានភស្តុតាងបង្ហាញថាគ្រាប់រំសេវរបស់ចិនកំពុងត្រូវទាហានស៊ីឈ្នួល និងទាហានរដ្ឋាភិបាលរុស្ស៊ីប្រើប្រាស់នៅលើសមរភូមិអ៊ុយក្រែន។ គេកត់សម្គាល់ថាការនិយាយរបស់អាមេរិកធ្វើឡើងបន្ទាប់ពីប្រទេសចិន និងរុស្ស៊ីប្រកាសពីការបង្កើតភាពជាដៃគូគ្មានដែនកំណត់ និងបន្ទាប់ពីសហភាពអឺរ៉ុបព្រួយបារម្ភថាប្រទេសចិនអាចនឹងផ្ដល់អាវុធទៅឱ្យរុស្ស៊ី។

កាលពីពេលកន្លងមក, ប្រទេសចិនបានបដិសេធជាច្រើនលើក ច្រើនសា ចំពោះរឿងនេះ និងតែងតែវាយបកថាក្រុមបស្ចិមប្រទេសទៅវិញទេដែលជាអ្នកផ្ដល់អាវុធគ្រប់ប្រភេទដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ឥឡូវនេះ ភស្តុតាងបង្ហាញថាពួកគេក្រៅពីបញ្ជូនរថក្រោះ និងគ្រាប់រំសេវជាច្រើនប្រភេទ, ចុងក្រោយនេះ ពួកគេថែមទាំងត្រៀមបញ្ជូនយន្តហោះចម្បាំងស៊េរីចាស់ៗទៅអ៊ុយក្រែន។ នៅក្នុងសំណុំរឿងយន្តហោះនេះ, ប្រទេសប៉ូឡូញធ្វើជាអ្នកបោះមេមុនគេ។ ក្រោយមក, ប្រទេសស្លូវ៉ាគីក៏យកគំរូតាមប៉ូឡូញផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំងគ្មានព្រឺរោមនឹងយន្តហោះស៊េរីចាស់ៗហួសដឺឡេទាំងនេះឡើយ។ លោកឌីមីទ្រី ប៉េស្កោហ្វ (Dmitry Peskov) និយាយទុកជាមុនថាយន្តហោះទាំងនេះឱ្យតែហ៊ានអើតក្បាលចូលអ៊ុយក្រែនពេលណា នឹងត្រូវទាហានឯកជន និងទាហានរដ្ឋាភិបាលរុស្ស៊ីបាញ់កម្ទេចគ្មានសល់ទេ។ ចាំតែមើលទៅ!

ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមអ៊ុយក្រែននេះផងដែរ, មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបង្ហើបឱ្យដឹងថាប្រមុខដឹកនាំចិន លោកស៊ីជីនពីង និងលោកពូទីន ត្រៀមពិភាក្សាគ្នាពីដំណើរវិវត្តនៃសង្គ្រាម និងការបង្កើនកិច្ចសហការកាន់តែស៊ីជម្រៅនៅក្នុងវិស័យបច្ចេកវិទ្យាអាវុធ។ វិមានក្រឹមឡាំងបញ្ជាក់ថាប្រមុខដឹកនាំទាំង២ លោកស៊ីជីនពីង និងលោកពូទីន នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតបទដ្ឋានមួយចំនួន។ អ្នកវិភាគខ្លះរំពឹងថាដំណើរទស្សនកិច្ចនេះអាចនឹងនាំមកនូវការផ្លាស់ប្ដូរ។ ប្រទេសចិនចាត់ទុកថានេះជា «ដំណើរស្វែងរកសន្តិភាព» ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែនតាមរយៈការចរចាគ្នា និងនយោបាយការទូត៕
ប្រភព៖ Reuters


ចែករំលែកព័តមាននេះ