រាជធានីភ្នំពេញ ៖ កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការស្ត្រី នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីពិសាអាហារសាមគ្គីដែលរៀបចំឡើងដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នារាត្រីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងលោក លោកស្រី មកពីមន្ទីរ សា្ថប័ន ជុំវិញខេត្តជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវា.យតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យក្រសួងបរិស្ថានដំណើរការទៅបានយ៉ាងរលូន។ដែលទាំងអស់នេះ គឺមិនអាចកាត់ចេញបានពីការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់បងប្អូនមន្ត្រីរាជការដែលជាស្ត្រី ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងការលើកកម្ពស់ស្ត្រី ក្រសួងបរិស្ថានមានមន្ត្រីជាស្ត្រីចាប់ពីថ្នាក់មន្ត្រីរហូតដល់កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។
ក្រសួងបរិស្ថាន ក៏បានបណ្តុះអ្នកបន្តវេនជាស្ត្រីបានច្រើនផងដែរ តាមរយៈការបញ្ជូនឱ្យទៅសិក្សានៅបរទេស ដែលបានយកចំណេះជំនាញទាំងអស់នោះ ត្រឡប់មកជួយផលិតភាពរបស់ក្រសួងបរិស្ថាន។

ជាមួយគ្នានេះ លើវិស័យកិច្ចគាំពារបរិស្ថាន បងប្អូនស្ត្រីបានចូលរួមអនុវត្ត និងដឹកនាំគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមស្វែងរកថវិកា សម្ភារ ផ្តល់ជាបច្ចេកទេសបណ្តុះបណ្តាលជាដើម។ការចូលរួមរបស់បងប្អូនស្ត្រី មិនត្រឹមតែចូលរួមជាមួយវិស័យបរិស្ថានប៉ុណ្ណោះទេ គឺបានចូលរួមជាមួយសង្គមជាតិតែម្តង។
គួររម្លឹកឱ្យដឹងថា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមមូលបទ«ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»៕
ចែករំលែកព័តមាននេះ