ខេត្តបាត់ដំបង ៖ សង្វៀនជល់មាន់ដែលគេល្បីតៗគ្នាថា ជាកម្មសិទ្ធិផ្ដាច់មុខរបស់លោកថៅកែ«ខុច» នៅភូមិ
បល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង បានបើកដំណើរការស្វាគមន៍អ្នកលេងយ៉ាងរលូនស្ទើរពេញមួយសប្ដាហ៍ តែពុំមានមន្ត្រីណាហ៊ានចុះបង្ក្រាបបានម្ដងឡើយ ដែលគេសង្ស័យថា អាចមានសមត្ថកិច្ចខិលខូច ដែលទទូលបានផលប្រយោជន៍ប្រចាំខែពីលោកថៅកែ «ខុច»នេះ ទើបគេមិនអាចបង្ក្រាបបាន ។
![Picture]()
នេះបើតាមប្រភពពីអ្នកភូមិ និងអ្នកធ្លាប់បីមាន់ទៅជល់នៅសង្វៀនរបស់លោកខុច។ ម្ចាស់សង្វៀនឈ្មោះ តា
ខុច នេះ តែងអ៊ួតអាងពីសុវត្ថិភាពនៅទីតាំងសង្វៀនមាន់របស់គាត់ប្រាប់ដល់អ្នកជល់មាន់ទាំងឡាយដែលតែងបីមាន់ទៅជល់ ឬភ្នាល់លុយនៅកន្លែងគាត់។ បើតាមប្រភពពីអ្នកភូមិថា តាខុចតែងអួតប្រាប់អ្នកលេងថា សង្វៀនគាត់ចង់បើកលេងពេញមួយសប្ដាហ៍ ក៏គ្មាននរណាហ៊ានចុះបង្ក្រាបដែរ។
![Picture]()
បើគេកត់សម្កាល់ពីអំនួតរបស់តាខុច និងសកម្មភាពជាក់ស្ដែងនៃការបើកសង្វៀនជល់មាន់របស់គាត់ គឺពិតជាដូចគាត់អួតមែន រាប់ខែហើយតាខុច បើកសង្វៀនមាន់ជល់យ៉ាងគគ្រឹកគគ្រេង គេមិនដែលឃើញមានសមត្ថកិច្ច ឬអាជ្ញាធរដែនដីចុះទៅរំខានសង្វៀនគាត់ទេ ។ គេសង្ស័យមានមន្ត្រីខិចខូចជាខ្នងបង្អែកចាំការពារសន្តិសុខនៅពីក្រោយសង្វៀនមាន់នេះ ទើបលោកដង្ខៅ «ខុច» ហ៊ានប្រកាសក្អែងក្អាងបែបនេះ រហូតគាត់បើកលេងយ៉ាងចំហរស្ទើរពេញមួយសប្ដាហ៏ទៀតផង។
![Picture]()
លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង មិនដែលដឹងពីរឿងល្បែងស៊ីសងខុសច្បាប់ទាំងនេះនៅក្នុងទឹកដីដែលលោកគ្រប់គ្រងនោះទេ នៅពេលសួរនាំ។ ជាក់ស្ដែង ដូចជាសង្វៀនមាន់ខាងលើនេះ ស្ថិតក្នុងភូមិសាស្ត្រ ក្រុងបាត់ដំបង ដែលគេបើកលេងស្ទើរពេញមួយសប្តាហ៍យ៉ាងចំហរ តែលោកអធិការរូបនេះ ហាក់ធ្វើមិនដឹងមិនឮ ។ ប៉ុន្តែបើដឹងហើយ យ៉ាងច្រើនបានត្រិមផ្ដល់សញ្ញាទៅកាន់មន្ត្រីមូលដ្ឋានឲ្យម្ចាកល្បែងផ្អាកបណ្ដោះអាសន្នតែប៉ុណ្ណោះ រង់ចាំសភាពការណ៍ស្ងប់ស្ងាត់បន្តិចគេផ្ដល់សញ្ញាភ្លើងខៀវឲ្យបើកវិញដដែល ។
![Picture]()
ដោយឡែក ស្នងការខេត្ត លោកសាត គឹមសាន ឯណោះវិញក៏ស្ងាត់ស្ងៀមឈឹងដែរ ពាក់ព័ន្ធនឹងរឿងល្បែងស៊ីសងនេះ។ គេកត់សម្គាល់ឃើញថា កន្លងមក លោកស្នងការហាក់ជឿជាក់ខ្លាំងទៅលើតែរបាយការណ៍ភូតកុហក់ពីមន្ត្រីថ្នាក់ក្រោម តែលោកស្នងការមិនដែលតាមដានលើសកម្មភាពជាក់ស្ដែង ដែលអ្នកលេងបណ្ដាញសង្គមនានាបានផ្សព្វផ្សាយនោះទេ។
![Picture]()
ផ្ទុយទៅវិញ បើមានការរិះគន់ខ្លាំងពីមហាជន លោកស្នងការបានត្រិមតែបញ្ជាឲ្យក្រុមប្រតិកម្មរហ័សប្រកាសបកស្រាយ ឬបំភ្លឺតាម «ផេកស្នងការ» ជាសាធារណៈ ដោយយោងរបាយការណ៍ភូតកុហក់របស់មន្ត្រីមូលដ្ឋានតែប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងការពិត ។ មិនតែប៉ុណ្ណោះ ពេលខ្លះថែមទាំងថ្កោលទោសដល់អ្នកលេងបណ្ដាញសង្គមទៀតផង ដែលយករឿងពិតទៅបង្ហោះជាសាធារណៈពាសពេញមេឃ។
![Picture]()
ពាក់ព័ន្ធនឹងល្បែងជល់មាន់នេះ បើតាមប្រភពព័ត៌មានតាមបណ្ដាស្រុកនានា ដែលកំពុងសង្វៀនមាន់នេះយ៉ាងគគ្លើន មាននៅស្រុកមោងប្ញស្សី នៅឃុំតាប៉ុន ស្រុកសង្កែ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង នៅតំបន់ភ្នំ១៥០ ឃុំតាគ្រាម ស្រុកបាណន់ នៅឃុំជ្រោយស្ដៅ ស្រុកថ្មគោល នៅស្រុកបវេល និង នៅឃុំបួរ ស្រុកភ្នំព្រឹក តែឃុំបួរ នេះត្រូវបានសត្ថកិច្ចចុះបង្ក្រាបកាលពីប៉ុន្មានថ្ងៃមុននេះហើយ។
យ៉ាងណាក៏ដោយ គេនៅចាំមើលថា តើសង្វៀនមាន់ជល់ដែលគេអះអាងថា ជា «ល្បែងខុសច្បាប់» ហើយកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅតាមបណ្ដាស្រុក និងក្រុងខាងលើនេះ ត្រូវបានគេបង្ក្រាប ឬចុះបិទដែរអត់? ជាពិសេស សង្វៀនមាន់លោកដង្ខៅ«ខុច» នៅភូមិបល័ង្ក ដែលអ្នកភូមិ និង អ្នកជល់មាន់ខ្លះអះអាងថា ជាសង្វៀនបើកដំណើរការជាអចិន្ត្រៃប្រចាំភូមិ គ្មានសមត្ថកិច្ច ឬអាជ្ញាធរណា ហ៊ានបង្ក្រាបម្ដងសោះ ហើយកំពុងបើកស្វាគមន៍ភ្ញៀវយ៉ាងចំហរនៅពេលនេះ តើលោកស្នងការ នឹងមានចំណាត់ការបែបណាទៅលើម្ចាស់សង្វៀន ? កោះសន្តិភាព មិនអាចទំនាក់ទំនងភ្លាមៗ សុំការបំភ្លឺពីលោកថៅកែ«ខុច ឬ តាខុច» ដែលគេអះអាងថា គាត់ជាម្ចាស់សង្វៀនមាន់ខាងលើនេះបានទេ នៅរសៀលថ្ងៃទី១៨ មីនា នេះ។
![Picture]()
ប៉ុន្តែបើតាមប្រភពព័ត៌មាន នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១៨ មីនា មានអ្នកសារព័ត៌មានមួយក្រុមបានចុះទៅរុកសំបុកសង្វៀនមាន់តាខុច បែកសំបុកហើយ តែអ្នកសារព័ត៏៌មានទាំងនោះ ក៏រងការមាក់ងាយយ៉ាងចាស់ដៃផងដែរ ពីលោកដង្វៅមាន់នេះ។
ក្រោយពីមានបង្ហោះតាមបណ្ដាញសង្គម នូវសកម្មភាពសង្វៀនមាន់តាខុចនេះ មហាជនខ្លះបានរិះគន់ក្រុមអ្នកសារព័ត៌មានមួយក្រុមនោះថា «ជាឆ្អឹងទទឹង.កអ្នកលេងល្បែង និងជាអ្នកដើរវាយបំបែកឆ្នាំងបាយរបស់មន្ត្រីខិលខូច» ៕
ចែករំលែកព័តមាននេះ