ទីក្រុងឡាអេ, ប្រទេសហូឡង់៖ ក្រោយពេលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីការចាប់ខ្លួនរូបលោករួចមក តើលោកហ៊ានធ្វើដំណើរចេញទៅក្រៅប្រទេសរុស្ស៊ីដែរឬទេ?នេះជាសំណួរដ៏ធំមួយដែលនឹងបកស្រាយដោយប្រធានអង្គជំនុំជម្រះប្រចាំតុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេតែម្ដង តាមរយៈបទសម្ភាសជាមួយទូរទស្សន៍អាល់ចាស៊ីរ៉ា (Aljazeera)។ សូមរម្លឹកថា ICC ចេញដីការចាប់លោកពូទីន, ធ្វើឱ្យអ៊ុយក្រែនគាំទ្រពេញទំហឹង

បើយោងតាមប្រភពពី ICC, គេគិតថាក្រោយពេលតុលាការចេញដីការតាមចាប់ខ្លួនលោកពូទីនបែបនេះហើយ ប្រហែលជាលោកគ្មានហ៊ានធ្វើដំណើរទៅក្រៅប្រទេសរុស្ស៊ីទេ។ ជាពិសេស លោកពិតជាមិនហ៊ានធ្វើដំណើរទៅប្រទេសដែលគាំទ្រអ៊ុយក្រែន។ បើលោកហ៊ានលេងសើចនៅក្នុងរឿងនេះ, លោកនឹងប្រថុយខាតបង់យ៉ាងធំ។ ប្រទេសទាំងនោះអាចនឹងសម្អាងទៅលើដីការរបស់ ICC ហើយរក្សាសិទ្ធិចាប់ខ្លួនលោកដើម្បីប្រគល់ទៅឱ្យតុលាការ។

មន្ត្រីជាន់ខ្ពស់របស់ ICC គិតថាបើត្រឹមធ្វើដំណើរទៅប្រទេសចិនប្រហែលជាមិនមានបញ្ហាអ្វីទេ ព្រោះប្រទេសចិនមែនមែនជាភាគីហត្ថលេខីកតិកាសញ្ញាទីក្រុងរ៉ូម(Rome statute)។ ក្រោយការចេញដីការនេះ លោកពូទីនមិនអាចធ្វើដំណើរស្រេចតែនឹងចិត្តនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) ថ្លែងថាដីការរបស់ ICC គ្មានន័យខ្លឹមសារអ្វីទាំងអស់។

លោកស្រីថារុស្ស៊ីមិនមែនជាហត្ថលេខីនៃកតិកាសញ្ញាទីក្រុងរ៉ូម។ ដូច្នេះគ្មានកាតព្វកិច្ចត្រូវអនុវត្តទៅតាមកតិកានេះទេ។ រុស្ស៊ីធ្លាប់ចុះហត្ថលេខាលើកតិកាសញ្ញានេះកាលពីឆ្នាំ២០០០។ ប៉ុន្តែរុស្ស៊ីពុំដែលផ្ដល់សច្ចាប័នទៅលើកតិកាសញ្ញានេះម្ដងណាទេដើម្បីចូលជាសមាជិកពេញសិទ្ធិរបស់ ICC។ ក្រោយមក រុស្ស៊ីសម្រេចចិត្តដកខ្លួនចេញពីកតិកាសញ្ញានេះកាលពីឆ្នាំ២០១៦។

ប្រធាន ICC បានឆ្លើយបំភ្លឺសំណួរមួយចំនួនដូចខាងក្រោម
សំណួរ៖ រដ្ឋាភិបាលរុស្ស៊ីមិនទទួលស្គាល់ ICC។ រុស្ស៊ីធ្លាប់ចុះហត្ថលេខាលើកតិកាសញ្ញាទីក្រុងរ៉ូម ប៉ុន្តែមិនដែលផ្ដល់សច្ចាប័នម្ដងណាទេ។ តើករណីនេះមានន័យយ៉ាងដូចម្ដេចសម្រាប់លោកពូទីន?
លោក Hofmanski៖ រឿងទាំង២នេះជាករណីដាច់ដោយឡែកពីគ្នា។ យោងតាមលក្ខខណ្ឌរបស់ ICC, តុលាការមានសិទ្ធិជំនុំជម្រះបទឧក្រិដ្ឋទាំងឡាយណាដែលប្រព្រឹត្តឡើងនៅក្នុងដែនដីនៃរដ្ឋជាសមាជិក ឬរដ្ឋដែលទទួលស្គាល់ថា ICC មានដែនសមត្ថកិច្ចអាចជំនុំជម្រះបទឧក្រិដ្ឋនោះបាន។ អ៊ុយក្រែនបានទទួលស្គាល់សិទ្ធិរបស់ ICC ចំនួន២ដងរួចមកហើយ នៅឆ្នាំ២០១៤ម្ដង និងឆ្នាំ២០១៥ម្ដងទៀត។
លោក Hofmanski ប្រធាន ICCរដ្ឋចំនួន៤៣បានយកសំណុំរឿងអ៊ុយក្រែនដាក់ប្ដឹងទៅតុលាការ។ បានសេចក្ដីថាប្រទេសទាំងនោះគិតថា ICC មានដែនសមត្ថកិច្ចពេញលេញនៅក្នុងការជំនុំជម្រះសំណុំរឿងនេះ។ តុលាការមានដែនសមត្ថកិច្ចជំនុំជម្រះបទឧក្រិដ្ឋដែលប្រព្រឹត្តទៅលើនរណាម្នាក់នៅលើទឹកដីអ៊ុយក្រែនចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៣រហូតមកដល់ពេលបច្ចុប្បន្ន។ មិនសំខាន់ថាជនដៃដល់មានសញ្ជាតិអ្វីនោះទេ សំខាន់គឺបទឧក្រិដ្ឋប្រព្រឹត្តនៅលើទឹកដីអ៊ុយក្រែន។
សំណួរ៖ ឧបមាថាលោកពូទីនធ្វើដំណើរចេញក្រៅប្រទេសរុស្ស៊ី តើគាត់អាចនឹងត្រូវចាប់ខ្លួនដែរឬទេ?
លោក Hofmanski៖ ប្រាកដជាយ៉ាងដូច្នេះ។ យោងទៅតាមលក្ខខណ្ឌរបស់ ICC, រដ្ឋជាសមាជិកត្រូវមានកាតព្វកិច្ចផ្ដល់ការសហការយ៉ាងពេញទំហឹងជាមួយតុលាការ។ រួមទាំងកាតព្វកិច្ចចាប់ខ្លួននរណាម្នាក់តបតាមដីការបង្គាប់ឃុំខ្លួនផងដែរ។

សំណួរ៖ ប្រទេសចិនកំពុងខិតខំធ្វើឱ្យមានកិច្ចចរចាសន្តិភាព។ តើលោកមិនគិតថាចំណាត់ការរបស់ ICC ធ្វើឱ្យសង្គ្រាមកាន់តែអូសបន្លាយ?
លោក Hofmanski ៖ នោះជារឿងនយោបាយ។ សម្រាប់យើង, យើងធ្វើកិច្ចការរបស់យើង។ យើងជាតុលាការដែលធ្វើការផ្អែកទៅលើច្បាប់។ យើងចាត់វិធានការតបតាមសំណើរបស់តំណាងអយ្យការដែលជាស្ថាប័នឯករាជ្យ។ ម៉្យាងទៀត យើងធ្វើកិច្ចការដែលយើងត្រូវធ្វើ៕
អត្ថបទដែលពាក់ព័ន្
ICC ចេញដីការចាប់លោកពូទីន, ធ្វើឱ្យអ៊ុយក្រែនគាំទ្រពេញទំហឹង
ចែករំលែកព័តមាននេះ