ទីក្រុងកៀវ, ប្រទេសអ៊ុយក្រែន៖ រដ្ឋាភិបាលអ៊ុយក្រែនសម្ដែងការគាំទ្រយ៉ាងពេញទំហឹង បន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ចេញដីការចាប់ខ្លួនលោកពូទីន ប្រមុខដឹកនាំរុស្ស៊ី ពីបទសង្ស័យប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម។ ICC ថ្លែងថាឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយលោកពូទីនគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៊ីចាប់ផ្ដើមវាយប្រហារអ៊ុយក្រែន។ ICC ជាតុលាការជម្រើសចុងក្រោយសម្រាប់កាត់ទោសបុគ្គលដែលសង្ស័យពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់នៅក្នុងសំណុំរឿងអ៊ុយក្រែន, រដ្ឋអាជ្ញារបស់ ICC លោកខារីម ខាន់ (Karim Khan) ជាអ្នកកាន់សំណុំរឿងស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅលើទឹកដីអ៊ុយក្រែនតាំងថ្ងៃទី១នៃសង្គ្រាមអ៊ុយក្រែន។ ICC សង្ស័យថាលោកពូទីនធ្វើឱ្យមានការបណ្ដេញកុមារ និងការបង្ខំឱ្យជនស៊ីវិលផ្លាស់ទីលំនៅពីអ៊ុយក្រែនទៅប្រទេសរុស្ស៊ី។ ICC ក៏បានចេញដីការចាប់ខ្លួនលោកស្រីម៉ារីយ៉ា ល្វោវ៉ា បេឡូវ៉ា(Maria Lvova-Belova) ជាប្រធានគណៈកម្មការទទួលបន្ទុកខាងសិទ្ធិកុមារ ពីបទចោទប្រកាន់ដូចលោកពូទីនផងដែរ។
លោកពូទីន (ឆ្វេង) និងលោកស្រី ម៉ារីយ៉ា (ស្ដាំ) ត្រូវ ICC ចេញដីការចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រតិកម្មតបទៅនឹងចំណាត់ការរបស់ ICC, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឌីមីត្រូ គូលេបា (Dmytro Kuleba) ចាត់ទុកថាកងចក្រយុត្តិធម៌កំពុងតែវិលទៅមុខជានិច្ច។ លោកសូមគាំទ្រសេចក្ដីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលចេញដីការចាប់ខ្លួនលោកពូទីន និងលោកស្រីម៉ារីយ៉ា ពីបទបង្ខំឱ្យកុមារផ្លាស់ប្ដូរទីលំនៅ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaចំណែកអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនក៏គាំទ្រចំណាត់ការនេះផងដែរ។ លោកចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រសម្រាប់អ៊ុយក្រែន និងសម្រាប់ប្រព័ន្ធយុត្តិធម៌អន្តរជាតិ។ លោកថ្លែងថានេះជាការបោះជំហានជាប្រវត្តិសាស្ត្រឆ្ពោះទៅរកការជួយស្រោចស្រង់យុត្តិធម៌ឡើងវិញ។ ប្រធានបុគ្គលិកនៃខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនថ្លែងថាការចេញដីការចាប់ខ្លួនលោកពូទីនគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។

អ៊ុយក្រែនបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ ICC ដើម្បីធ្វើកិច្ចការនេះ។ យើងកំពុងស៊ើបអង្កេតករណីបង្ខិតបង្ខំឱ្យកុមារជាង១,៦ម៉ឺននាក់ចេញពីមាតុភូមិទៅប្រទេសរុស្ស៊ី។ អ៊ុយក្រែនខិតខំយកពួកគេត្រឡប់មកវិញបាន៣០៨នាក់។ សូមជម្រាបថាតាំងពីយូរមកហើយ, រដ្ឋាភិបាលទីក្រុងម៉ូស្គូតែងតែបដិសេធជាហូរហែចំពោះការចោទប្រកាន់ផ្សេងៗដែលថាខ្លួនបានប្រព្រឹត្តអំពើឃោរឃៅនៅក្នុងរយៈពេលមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន។

ប្រទេសរុស្ស៊ីមិនបានផ្ដល់សច្ចាប័នដើម្បីសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិទេ។ ដូច្នេះ គេមិនដឹងថាតើ ICC អាចអនុវត្តតាមដីការរបស់ខ្លួនយ៉ាងដូចម្ដេច។ តាមដឹងមកថា ICC អាចមានដែនសមត្ថកិច្ចធ្វើការនៅក្នុងប្រទេសដែលផ្ដល់សច្ចាប័នតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ