ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជម្លៀស​មនុស្ស​ចេញ​ដល់​57.000​នាក់ ព្រោះ​ភ្នំភ្លើង​នៅ​កោះ​បាលី​

6 ឆ្នាំ មុន

បណ្តា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌូ​ណេ​ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ថា

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បណ្តា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌូ​ណេ​ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ថា ប្រជាជន​ជាង​៥៧.០០០​នាក់​នៃ​កោះ​ទេសចរណ៍​បាលី​ដែល​រស់នៅ​ជិត​ភ្នំភ្លើង​មួយ​ត្រូវ​បាន​ជម្លៀស​ចេញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​សកម្មភាព​ភ្នំភ្លើង​នេះ​មានការ​កើនឡើង​ញ៉ាំង​ឱ្យ​មានការ​ភ័យ​ខ្លាច​ពី​ការ​ផ្ទុះ​គ្រប់ពេល ។

ភ្នំភ្លើង AGUNG មាន​កម្ពស់​ជាង​៣.០០០​ម៉ែត្រ ហើយ​ស្ថិត​នៅ​ចម្ងាយ​៧៥​គីឡូម៉ែត្រ ពី​ទីតាំង​ទេសចរណ៍​សំខាន់ KUTA និង SEMINYAK ។ វា​បាន​បញ្ចេញ​ស្នូរ​ចាប់តាំងពី​ខែសីហា​មក​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​កន្លះ​សតវត្ស​មក​ហើយ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ លោក SUTOPO PURWO NUGROHO ថ្លែង​ថា លទ្ធភាព​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​នេះ​មាន​ខ្ពស់ ក៏​ប៉ុន្តែ​គេ​ពុំ​អាច​ព្យាករណ៍​ថា វា​ផ្ទុះ​នៅ​ពេល​ណា​ឡើយ ។ ការ​កើនឡើង​នៃ​ចំនួន​ញ័រ​រង្គើ​មក​ពី​សកម្មភាព​ភ្នំភ្លើង​នេះ​បង្ហាញ​ថា កំ​អែ​របស់​វា​បន្ត​ឡើង​មក​ខាងលើ ។ សម្រាប់​ថ្ងៃ​ទី​២៥ កញ្ញា តែ​មួយ​គត់​មានការ​ញ័រ​រង្គើ​ដល់​ទៅ​៥៦៤​លើក។

ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​នៅ​កោះ​បាលី​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​តាំងពី​ថ្ងៃ​ទី​២២ កញ្ញា មក ដោយ​ស្នើ​ឱ្យ​ប្រជាជន​ស្ថិត​នៅ​រង្វង់​ជាង​៩​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ ។ មនុស្ស​ប្រមាណ​ជា​៦២.០០០​នាក់ រស់នៅ​ក្នុង​តំបន់​គ្រោះថ្នាក់ ។ មេគោ​ជិត​២.០០០​ក្បាល​នៅ​ជុំវិញ​ភ្នំភ្លើង AGUNG ក៏​ត្រូវ​ជម្លៀស​ចេញ​ដែរ ។

ព្រ​លាន​យន្តហោះ​អន្តរជាតិ DENPASAR ទីប្រជុំជន​កោះ​បាលី​ដែល​ក្នុង​១​ឆ្នាំ​ៗ​ទទួល​អ្នកទេសចរ​ជា​ច្រើន​លាន​នាក់​សម្រាប់​ពេល​នេះ​ពុំ​រង​ការ​ប៉ះពាល់​ឡើយ ក៏​ប៉ុន្តែ​អាជ្ញាធរ​ព្រ​លាន​នេះ​បាន​តាមដាន​សភាពការណ៍​យ៉ាង​ប្រកិត ហើយ​អាច​ប្រកាស​ពី​ការ​បិទ​ជាយថាហេតុ ។

ភ្នំភ្លើង AGUNG បាន​ផ្ទុះ​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​១៩៦៣ ដោយ​បញ្ចេញ​ផេះ​ហុយ​រហូត​ដល់​ក្រុង​ហ្សា​ការ​តា ៕