ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បើក​អង្គ​សិក្ខាសាលា ស្តី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សោ​ម៉ា​ទេវី ខេត្តសៀមរាប មាន​បើក​អង្គ​សិក្ខាសាលា

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សោ​ម៉ា​ទេវី ខេត្តសៀមរាប មាន​បើក​អង្គ​សិក្ខាសាលា ស្តី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ ជា​របៀបវារៈ​ទៀងទាត់​នៃ​ការ​អភិវឌ្ឍន៍ ក្នុង​គម្រោង​វិនិយោគ​លើ​ការ​ប្រែប្រួល​អាកាសធាតុ ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ ជា​រដ្ឋលេខាធិការ​មក​ពី​ក្រសួងបរិស្ថាន​,​កសិកម្ម​, សុខាភិបាល​, ធនធានទឹក ឧតុនិយម​, សាធារណការ​, អភិវឌ្ឍន៍ជនបទ និង​អាជ្ញាធរ​ខេត្តសៀមរាប អង្គការ​ដៃគូ រួម​ទាំង​អស់លោក លោកស្រី ជា​ប្រធាន អនុប្រធាន​មន្ទីរ​កិច្ចការ​នារី មក​ខេត្តកំពត​,​បាត់ដំបង​,​សៀមរាប ,​កំពង់ធំ និង​ខេត្តព្រៃវែង ជា​សិក្ខាកាម​សរុប ១០១​នាក់ ដែល​បាន​ចូលរួម​។

បន្ទាប់​ពី​កិច្ច​ស្វាគមន៍​របស់​លោក​ជំទាវ យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ចំណាប់ អារម្មណ៍​របស់​លោក​ជំទាវ ស៊ី​វណ្ណ បុ​ទុម រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​គណៈកម្មាធិការ យេ​ន​ឌ័​រ និង​ការ​ប្រែប្រួល​អាកាសធាតុ និង​លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ពី​គោលបំណង​នៃ​អង្គ​សិក្ខាសាលា​រួច​មក មាន​ប្រសាសន៍​បើក​អង្គ​សិក្ខាសាលា​នា​ឱកាស​នោះ​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី ក៏​បាន​គូសបញ្ជាក់​ថា អង្គ​សិក្ខាសាលា​នេះ គឺជា​ការ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​វិសមភាព​យេ​ន​ឌ័​រ ដើម្បី​ជា​គម្រោង​ឆ្លើយ​តប​នឹង​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ ចូល​ទៅ​ក្នុង​គម្រោង​វិនិយោគ និង​ការ​ប្រែប្រួល​អាកាសធាតុ ក៏​ដូច​ជា​គម្រោង​ឆ្លើយ​តប​ទៅ​នឹង​ភាព​ធន់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​កញ្ចប់​(​គ​) (២០១៦-២០១៩)​។

លោក​ជំទាវ វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ក្រសួង​បាន​លើក​នូវ​ផែនការ សកម្មភាព​របស់​ក្រសួង ដើម្បី​ជា​ឧបករណ៍​ដ៏​សំខាន់ សម្រាប់​ការ​សម្របសម្រួល​ក្នុង​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ ដើម្បី​សិទ្ធិ និង​ឋានៈ​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម ហើយ​បាន​ដាក់​បញ្ចូល​បន្ថែម​វិស័យ​ជា​អ​ទិ​ភាព សសរស្តម្ភ​ទី​៦ ក្នុង​ផែនការ​នារីរតនៈ​ទី​៤ ដោយ​ផ្តោត​លើ​ការងារ​ឆ្លើយ​តប និង​ការ​បន្ស៊ាំ ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​អនុ​វិស័យ​នៃ​តំបន់​ទន្លេមេគង្គ ទន្លេសាប និង​ការងារ​អភិវឌ្ឍន៍​បៃតង​។ លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី ក៏​បាន​លើក​ពី​គោលបំណង​ថ្ងៃនេះ គឺ​ដើម្បី​កសាង​សមត្ថភាព ស្តី​ពី​យេ​ន​ឌ័​រ និង​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​កា​រលើ​កម្ពស់​ការ​យល់​ដឹង​របស់​ស្ថាប័ន និង​សហគមន៍ អំពី​ទិន្នន័យ​ព័ត៌មាន​បែងចែក​តាម​ភេទ​ដើម​គ្រា និង​សូចនាករ​យេ​ន​ឌ័​រ ព្រមទាំង​វិធីសាស្ត្រ ក្នុង​ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន នៃ​វិស័យ​ពាក់ព័ន្ធ និង​យន្តការ សម្របសម្រួល​នៅ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​សេចក្តី​ព្រាង​ផែនការមេ ស្តី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ និង​ការ​ប្រែប្រួល​អាកាសធាតុ ព្រមទាំង​ធ្វើ​សុពលភាព​លើ​ផែនការ​អាទិភាព​ទាំង​៣ របស់​ផែនការមេ ស្តី​ពី​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ និង​ប្រែប្រួល​អាកាសធាតុ ការ​កំណត់​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ជ្រើសរើស​សាកល្បង​ចំនួន​៤ ក្នុង​ខេត្ត​ដែល​បាន​ជ្រើសរើស​។

ក្នុង​នោះ​ដែរ​លោក​ជំទាវ​វេជ្ជបណ្ឌិត ក៏​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់ ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក​ក៏​ដូច​នៅ​ក្នុង​តំបន់​ផង​ដែរ​។​ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា ក៏​ត្រូវ​តែ​មានការ​ស្វែង​យល់​អំពី​ការ​បម្រែបម្រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​បង្កបង្កើន​របស់​ប្រជា​កសិករ​។ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ហេតុ​អ្វី​បានជា​ស្ត្រី​ចូល​ទៅ​ក្នុង​ការ​ប្រែប្រួល​អាកាសធាតុ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាកស្រុក​នៅ​ក្នុង និង​ក្រៅប្រទេស ដើម្បី​ស្វែងរក​ការងារ​ធ្វើ​។ ម្យ៉ាងទៀត​ការ​ធ្វើ​ចំណាកស្រុក​នេះ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​បុរស​ៗ មាន​ច្រើន​ជាង ស្ត្រី​។

ដូច្នេះ​ហើយ​បន្ទុក​ទាំងឡាយ​ក៏​ត្រូវ​ធ្លាក់​លើ​ស្ត្រី ជា​អ្នក​ធានា​រ៉ាប់រង ទ្រទ្រង់​ជីវភាព​នៅ​ក្នុង​ក្រុម​គ្រួសារ ។ ដោយ​កត្តា​ទាំងនេះ​ហើយ គឺ​តម្រូវ​ឲ្យ​ស្ត្រី​យើង​ទទួល​បាន​នូវ​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ក្នុង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ទើប​ក្រសួង​បាន​បញ្ចូល​ទៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​របស់​ក្រសួង គឺ​ស្ត្រី​ត្រូវ​តែ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​របស់​ខ្លួន​ទៅ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​។ លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី ក៏​មានការ​សង្ឃឹម​ជឿជាក់​ផង​ដែរ​ថា អង្គ​សិក្ខាសាលា​នេះ នឹង​ផ្តល់​នូវ​ចំណេះដឹង​ដល់​សិក្ខ​កាម​ទាំងអស់ ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់ ព្រមទាំង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ យក​ទៅ​អនុវត្ត​ក្នុង​មូលដ្ឋាន​ខ្លួន​ផង​ដែរ​៕