(អន្តរជាតិ)៖ ថ្មីៗនេះ តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែកតួឯកស្រីល្អបំផុត នៅឆ្នាំ២០២៣…
(អន្តរជាតិ)៖ ថ្មីៗនេះ តារាសម្តែង មីឆែល យូ (Michelle Yeoh) បានបង្កើតជាប្រវត្តិសាស្ត្រក្លាយជាតារាសម្តែងស្រីអាស៊ីដំបូងគេដែលបានឈ្នះពានអូស្ការ ផ្នែកតួឯកស្រីល្អបំផុត នៅឆ្នាំ២០២៣ តាមរយៈការសម្តែងជាតួឯកក្នុងរឿង Everything Everywhere All at Once។
តោះក៏មកស្គាល់ថាតើតារាភាពយន្ត មីឆែល យូ (Michelle Yeoh) វ័យ៦០ឆ្នាំ ជានរណា? អ្នកស្រីមានដើមកំណើតនៅប្រទេសម៉ាឡេស៊ី កើតនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៦២ នៅទីក្រុង Ipoh ប្រទេសម៉ាឡេស៊ី។ អ្នកស្រីត្រូវបានគេស្គាល់ជាតារាភាពយន្តស្រីដ៏អស្ចារ្យបំផុតម្នាក់ ជាពិសេសតាមរយៈការសម្តែងបែបសកម្មភាពគ្រោះថ្នាក់ និងក្បាច់គុនយ៉ាងប្រសព្វ។
អ្នកស្រី Yeoh កើតក្នុងគ្រួសារអ្នកមាននៅម៉ាឡេស៊ី។ តាំងពីតូចមក អ្នកស្រីចូលចិត្តចូលរួមក្នុងសកម្មភាពកីឡានិងរបាំផ្សេងៗ រួមទាំងបាល់បោះ និងហែលទឹក ជាពិសេសលើរបាំបាឡេ។ កាលនៅវ័យជំទង់ អ្នកស្រីបានចូលរៀននៅសាលា Royal Academy of Dance នៅទីក្រុងឡុងដ៍ ប៉ុន្តែរបួសខ្នងបានបញ្ចប់ក្តីសុបិនចង់ក្លាយជាអ្នករាំរបាំបាឡេអាជីព។ ជាមួយនឹងរូបសម្រស់ស្រស់ស្អាត នៅឆ្នាំ១៩៨៣ ម្តាយរបស់អ្នកស្រីបានជំរុញឱ្យ អ្នកស្រី Yeoh ចូលប្រលងបវរកញ្ញាម៉ាឡេស៊ី ហើយក៏បានគ្រងមកុដជា Miss World Malaysia និងបានចេញទៅប្រកួត Miss World ១៩៨៣ ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីឡើយ។
ក្រោយមកអ្នកស្រីក៏បានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មជាមួយ Jackie Chan នៅឆ្នាំ១៩៨៤ ។ ការផ្សាយពាណិជ្ជកម្មនេះនាំឱ្យមានការចុះកិច្ចសន្យាសម្តែងជាមួយក្រុមហ៊ុនផលិតកម្មហុងកុង ដោយអ្នកស្រីបានប្តូរឈ្មោះទៅជា Michelle Khan ។
នៅឆ្នាំ១៩៨៤ អ្នកស្រី Yeoh បានបង្ហាញខ្លួនជាតារាសម្តែងបែបក្បាច់គុន ក្នុងវិស័យភាពយន្តហុងកុងដែលរឿងនោះមានចំណងជើង The Owl vs. Bumbo និង ទោះបីជាតួរង អ្នកស្រីត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងជាមួយនឹងសមត្ថភាពបង្ហាញក្បាច់គុនរបស់ខ្លួន។ ក្នុងឆ្នាំ១៩៨៥ អ្នកស្រីបានសម្តែងក្នុងខ្សែភាពយន្តក្បាច់គុន Yes, Madam! ដែលនិយាយអំពីប៉ូលីសស្រីពីរនាក់ ដោយពេលនោះអ្នកស្រីសម្តែងជាតួឯក។ នៅឆ្នាំ ១៩៨៨ អ្នកស្រីបានរៀបការជាមួយផលិតករភាពយន្ត លោក Dickson Poon ហើយបានចូលនិវត្តន៍។ ពេលនោះ អ្នកស្រី Yeoh នៅអាយុ២៨ឆ្នាំ សង្ឃឹមថានឹងបង្កើតគ្រួសារក៏ដោយ ប៉ុន្តែអ្នកស្រីមិនអាចមានកូនបានដែរ បន្ទាប់មកអ្នកទាំងពីរបានលែងលះគ្នាក្នុងឆ្នាំ ១៩៩២ អ្នកស្រីក៏បានចាប់អាជីពសម្តែងឡើងវិញ។
ក្នុងឆ្នាំ១៩៩២ អ្នកស្រី Yeoh បានសម្តែងជាមួយ jackie chan ក្នុងរឿង Police Story 3: Supercop និងបង្ហាញខ្លួនជាបន្តបន្ទាប់ បានធ្វើឱ្យអ្នកស្រីជាតារាឈានមុខគេនៅហុងកុង។ ទោះបីជាយ៉ាងណាក៏ដោយ Yeoh បានរងរបួសធ្ងន់ធ្ងរជាច្រើនក្នុងអំឡុងពេលអាជីពរបស់នាង។ ជាឧទាហរណ៍ ក្នុងអំឡុងពេលថតរឿង The Stunt Woman ក្នុងឆ្នាំ១៩៩៥ នាងសម្តែងខុសបច្ចេកទេសរបួសស្ទើរតែបាក់ខ្នង។ ពេលកំពុងសម្រាកព្យាបាល នាងបានពិចារណាចូលនិវត្តន៍ម្តងទៀត ប៉ុន្តែការសន្ទនាដែលនាងមានជាមួយអ្នកដឹកនាំរឿងជនជាតិអាមេរិក Quentin Tarantino ដែលជាអ្នកគាំទ្របានលើកទឹកចិត្តនាងឱ្យបន្តការសម្ដែង។
ក្នុងឆ្នាំ១៩៩៧ អ្នកស្រី Yeoh កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈការបង្ហាញខ្លួនក្នុងភាពយន្តហូលីវូដ Tomorrow Never Dies ដែលជាខ្សែភាពយន្ត James Bond ដែលនាងដើរតួជាភ្នាក់ងារចិន។ នាងទទួលបានភាពល្បីល្បាញជាសកលជាមួយនឹងរឿង Crouching Tiger និង Hidden Dragon។
មហាជនកាន់តែស្គាល់រូបអ្នកស្រីក្នុងឆ្នាំ២០០៨ Yeoh បានបង្ហាញខ្លួននៅក្នុងរឿង The Mummy: Tomb of the Dragon Emperor និងជាពិសេសនៅក្នុងរឿង The Lady ឆ្នាំ២០១១ ដែលជារឿងនិយាយពីជីវប្រវត្តិអំពីលោកស្រី Aung San Suu Kyi ដែលជាសកម្មជនតស៊ូដែលការខិតខំប្រឹងប្រែងដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកប្រទេសភូមា បានធ្វើឱ្យលោកស្រី Aung San Suu Kyi ទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ ។ នៅឆ្នាំបន្ទាប់អ្នកស្រី Yeoh បានបង្ហាញខ្លួននៅក្នុងរឿងរបស់ Marvel គឺ Guardians of the Galaxy និងភាពយន្ត Crazy Rich Asians ដែលជារឿងមនោសញ្ចេតនាផ្អែកលើប្រលោមលោកដែលលក់ដាច់បំផុតរបស់ Kevin Kwan។
សម្រាប់ជីវិតឯកជន អ្នកស្រី Yeoh បានស្រឡាញ់គ្នាជាមួយនឹងលោក ជីន ថូត (Jean Todt) ដែលជាអតីតប្រធានក្រុមប្រណាំង Ferrari ជនជាតិបារាំង នៅឆ្នាំ២០០៤ អ្នកទាំង២បានភ្ជាប់ពាក្យនៅឆ្នាំ២០០៦ មកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានតម្រុយនឹងរៀបការនៅឡើយ។ គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសម្បត្តិសុទ្ធរបស់ Michelle Yeoh គឺមានរហូតដល់ទៅ ៤០លានដុល្លារ៕
ចែករំលែកព័តមាននេះ