ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេងពូកែខុសរបៀប…! ច្នៃ​​ផាវ​​ផ្អោប​ជាប់​​គ្នា​ច្រើន​គ្រាប់ ​បា.ញ់​ផ្ទុះ​​​​​ដូច​​​​គ្រាប់​​​បែក

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង ក្នុង​ស្ថានភាព​របួស​សុសសាច់ និង​២​នាក់​រង​របួសធ្ងន់ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល

រាជធានីភ្នំពេញ ៖​ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង ក្នុង​ស្ថានភាព​របួស​សុសសាច់ និង​២​នាក់​រង​របួសធ្ងន់ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ដែល​ពួក​គេ​មាន​គ្នា​៧​នាក់ បាន​ប្រើប្រាស់​ចំពាមកៅស៊ូលេង​បាញ់​ផាវ​គ្រាប់បែក​ដាក់​គ្នា​ទៅ​វិញ​​ទៅ​មក ជា​មួយ​ក្មេង​១​ក្រុម​ទៀត ដែល​ជា​អ្នក​ភូមិ​ផ្សេង​គ្នា ជា​ការ​លេង​កម្សាន្ត​ទាំង​ងងឹតងងល់ នា​វេលា​យប់​ពេល​បណ្ដែត​ដូនតា​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ។

ពេល​នោះ ​ក្រុម​ក្មេង​រង​គ្រោះ​បាន​បាញ់​តែ​១​គ្រាប់​ម្ដង​ៗ​ប៉ុណ្ណោះ ជា​ការ​លេងសើច ។ ចំណែកឯ​ក្រុម​ម្ខាង​ទៀត​ មិន​បាន​លេង​បាញ់​ម្ដង​១​គ្រាប់​នោះ​ទេ គឺ​បាន​ច្នៃ​ចង​ផាវ​គ្រាប់បែក​នោះ​ផ្អោប​ជាប់​គ្នា​ជា​ច្រើន​គ្រាប់​រុំ​ដោយ​ស្កុ​ត រួច​បាន​បាញ់​សំដៅលើ​ក្រុម​ក្មេង​រង​គ្រោះ​បណ្ដាល​ឲ្យ​ផ្ទុះ​លាន់ឮ​ដូច​គ្រាប់បែក​មែនទែន ត្រូវ​ដួល​ស្លាប់​និង​រង​របួស​រដូករណែល​ចំនួន​៤​នាក់ ក្លាយជា​សោកនាដកម្ម​គួរ​ឱ្យ​សោក​​ស្តាយ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ចំណែកឯ​ក្រុម​ក្មេង​ដែល​ជា​អ្នក​បាញ់​នោះ បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់ ។ មុន​នេះ​អាជ្ញាធរ​បាន​ដាក់​បំរាម​មិន​ឱ្យ​មានការ​លក់​ផាវ​គ្រាប់បែក​ប្រភេទ​​​នេះ​ទេ ព្រោះ​បារម្ភ​ពី​គ្រោះថ្នាក់​ជាយថាហេតុ បន្ទាប់​ពី​រថយន្ត​ដឹក​ផាវ​គ្រាប់បែក​ដ៏​ច្រើន​មួយ​បាន​ផ្ទុះ​ឆេះ​ខ្ទេចខ្ទី​នៅ​ខេត្ត​បន្ទាយ​មានជ័យ និង​ស្លាប់​មនុស្ស​រហូត​ដល់​៣​នាក់​ស្ទើរតែ​រក​បំណែក​សាកសព​មិនឃើញ​ផង ។ហេតុ​កាណ៍​នោះ​បាន​កើតឡើង​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កញ្ញា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ ឈ្មោះ វិត សុផល អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥(​ក​) រៀន​នៅ​សាលា​បឋម​សិក្សា​អង្គ​ស្តុក មាន​ម្តាយ​ឈ្មោះ ជិន អ៊ុ​ក អាយុ​៥៣​ឆ្នាំ មានមុខ​របរ​លក់​បាយ គឺជា​ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​បាន​ប្តី​រត់​ចោល​ទៅ​មាន​ប្រពន្ធ​ថ្មី តាំងពី​ក្មេង​ប្រុស​រង​គ្រោះ​រូប​នេះ ទើប​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ ។ ចំណែកឯ​ក្មេង​ប្រុស​៣​នាក់ ដែល​រង​របួសធ្ងន់​និង​ស្រាល​នោះ ១-​ឈ្មោះ ឃួ​ន តុលា អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ជាមួយ​គ្នា ២-​ឈ្មោះ តឿ គុណ អាយុ​១៥​ឆ្នាំ មាន​មុ​របរ​នៅផ្ទះ អ្នក​ទាំង​២​នាក់​រង​របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ គន្ធ​បុប្ផា​ទី​៣  និង​៣-​ឈ្មោះ ផល បញ្ញា អាយុ​១៥​ឆ្នាំ មានមុខ​របរ​សិស្ស​ថ្នាក់​ទី​៧(A) សាលា​អនុ​វិ​ទ្យ​ល័យ​ឪឡោក រង​របួសស្រាល​ហើយ​ពួក​គេ​ទាំង​៣​នាក់​នេះ  មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ដោយឡែក​ក្រុម​ក្មេង​ម្ខាង​ទៀត​ដែល​ច្នៃ​គ្រាប់បែក​នោះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​បែប​នេះ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន ។ តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុន​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ទាំង​៤​នាក់​រួម​ជាមួយនឹង​ក្មេង​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​៣​នាក់​ទៀត ទាំងអស់​មាន​គ្នា​ចំនួន​៧​នាក់ ប្រដាប់​ដោយ​ចំពាមកៅស៊ូ និង​ផាវ​គ្រាប់បែក ក្នុង​ម្នាក់​ៗ​ចាប់ពី​ជាង​១០​គ្រាប់​ទៅ​២០​គ្រាប់ បាន​នាំ​គ្នា​លេង​បាញ់​ផាវ​គ្រាប់បែក នៅ​ក្នុង​ពិធី​បណ្ដែត​ដូនតា នា​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។ ពេល​នោះ​បាន​ជួប​ក្រុម​ម្ខាង​ទៀត ដោយ​មិន​បានដឹង​ថា មាន​គ្នា​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ និង​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជិត​គ្នា​នោះ​ដែរ។

បន្ទាប់​មក​ពួក​គេ​បាន​អុជ​ផាវ​គ្រាប់បែក រួច​បាន​ប្រើ​ចំពាមកៅស៊ូ​បាញ់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ក្រុម​ក្មេង​ប្រុស​រង​គ្រោះ​បាញ់​ម្ដង​តែ​១​គ្រាប់​ប៉ុណ្ណោះ ។ ចំណែកឯ​ក្រុម​ម្ខាង​ទៀត​បាន​ច្នៃ​ផាវ ដោយ​ចង​ផ្អោប​ជាប់​គ្នា​៥​ទៅ​៦​គ្រាប់ រួច​រុំ​ស្កុ​ត​ហើយ​បាន​អុជ​រួច​បាញ់​សំដៅ​ទៅ​ក្រុម​ក្មេង​ប្រុស​រង​គ្រោះ បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​ចំ​ចុងដង្ហើម​ផុង​ប៉ុន​ចាន​ច​ង្កិះ​ដួល​ផ្កាប់មុខ​ស្លាប់​ម្នា​ក់់រង​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​បែប​នេះ​តែ​ម្ដង ។

ផាវ​គ្រាប់បែក​ដែល​បាន​សម្លាប់​មនុស្ស​នេះ បើ​តាម​ការ​សន្និដ្ឋាន​មិន​ត្រឹមតែ​ដាក់​ច្រើន​គ្រាប់​ប៉ុណ្ណោះ​ទេ ពួក​គេ​បាន​ច្នៃ​ដោយ​បាន​យក​ផាវ​២​គ្រាប់ ធ្វើ​ជា​១​គ្រាប់​ថែម​ទៀត គឺ​បាន​គាស់​បើក​ផាវ​យក​រំសេវ​ចាក់​បញ្ចូល​គ្នា ដើម្បី​ឲ្យ​មាន​កម្លាំង​ផ្ទុះ​ខ្លាំង មិនតែប៉ុណ្ណោះ​ផាវ​គ្រាប់បែក​នោះ​ក៏​ខុស​គ្នា​ដែរ គឺ​មួយ​ប្រភេទ​២​ឬ​៣​គ្រាប់ តម្លៃ​៥​រយ​រៀល​ដែល​មាន​កម្លាំង​មិនសូវ​ជា​ខ្លាំង​ប៉ុន្មាន​ទេ និង​មួយ​ប្រភេទ​ទៀត​១​គ្រាប់​តម្លៃ​៥​រយ​រៀល ដែល​មាន​កម្លាំង​ខ្លាំង ហើយ​ពួក​គេ​បាន​យក​មក​ច្នៃ​ចង​ផ្អោប​ជាប់​គ្នា​ទើប​ផ្ទុះ​យ៉ាង​កក្រើក​បណ្ដាល​ឱ្យ​មាន​សោកនាដកម្ម​យ៉ាងនេះ ។

ប៉ូលិស​ស្រុក​អង្គស្នួល​បង្ក្រាប​ក្រុម​ក្មេង​លេង​ផាវ​និង​រឹបអូស​ពី​ផ្ទះ​លក់
ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចំនួន​៤​រួម​មាន​នគរបាល​ប៉ុស្ដិ៍​ឆក់​ឈើ​នាង ប៉ុស្ដិ៍​ពើក ប៉ុស្ដិ៍​ក្រាំង​ម្កាក់ និង​ប៉ុស្ដិ៍​ព្រៃ​ពួច ចុះ​ធ្វើការ​បង្ក្រាប​បំបែកហ្វូង​ក្មេង​ៗ​ដែល​នាំ​គ្នា​ដុត​ផាវ​ក្នុង​ពិធី​បណ្ដែត​ដូនតា ក្រោយ​ថ្ងៃ​ភ្ជុំបិណ្ឌ គឺ​ចាប់ពី​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កញ្ញា រហូត​ដល់​ព្រឹក​ថ្ងៃ​ដដែល​នោះ​ឃាត់ខ្លួន​៨​នាក់ និង​ដកហូត​ផាវ​គ្រាប់បែក​ជា​ច្រើន​គ្រាប់ រួម​ជាមួយ​ផាវ​កាំជ្រួច​ជា​ច្រើន​ដើម និង​ចំពាមកៅស៊ូ​មួយ​ចំនួន ។ 

មិនតែប៉ុណ្ណោះ​ក្រោយ​ពេល​ឃាត់ខ្លួន​ធ្វើការ​សាកសួរ​ដឹង​ពី​ទីតាំង​លក់​ផាវ កម្លាំង​នគរបាល​ខាងលើ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ដកហូត យក​ពី​កន្លែង​លក់​នោះ​បានជា​ច្រើន​ថែម​ទៀត ។ នគរបាល​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាបការ​ដុត​ផាវ​ខាងលើ​នោះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទប់​ស្កាត់​រាល់​បទល្មើស​និង​គ្រោះថ្នាក់​ជាយថាហេតុ ដល់​អាយុជីវិត​របស់​ពួក​គេ​និង​អ្នក​ដ៏​ទៃ​ផង​ដែរ ព្រោះ​ថ្មី​ៗ​នេះ​មាន​អ្នក​ស្លាប់​និង​រង​របួស​ដោយសារ​តែ​ផាវ​គ្រាប់បែក​នេះ​ជា​បន្តបន្ទាប់ ។ ថ្វី​ដ្បិតតែ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល មិន​ទាន់​មាន​អ្នក​ស្លាប់​និង​របួស​ដោយសារ​វា ប៉ុន្តែ​នៅ​កន្លែង​ផ្សេង​កើតឡើង​រួច​មក​ហើយ ។ មិនតែប៉ុណ្ណោះ​មុន​និង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​នោះ​នគរបាល​ប៉ុស្ដិ៍​ក៏​ដូច​ជា​នគរបាល​ស្រុក បាន​ធ្វើការ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​អ្នកលក់​និង​ហាមឃាត់​មិន​ឱ្យ​លក់​បន្ត​ទៀត ព្រមទាំង​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រាប់​កូនចៅ​កុំឱ្យ​លេង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​ស្ដាប់​ទាល់តែ​សោះ ។ ទីបំផុត​នៅ​តែ​មាន​សម្លេង​ផ្ទុះ​យ៉ាង​កក្រើក​ដដែល ទើប​នគរបាល​សម្រេចចិត្ត​ធ្វើការ​បង្ក្រាប​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​នគរបាល​បាន​បន្ត​ទៅ​កាន់​ឃុំ​ព្រៃ​ពួច ឃុំ​ក្រាំង​ម្កាក់ និង​ឃុំ​ពើក​ជា​បន្ត​ទៀត តែ​ឃាត់ខ្លួន​មនុស្ស​អត់​បាន​ទេ ។ ខណៈនោះ​នៅ​ក្នុង​ឃុំ​ព្រៃ​ពួច កម្លាំង​បាន​រឹបអូស​ផាវ​គ្រាប់បែក​ចំនួន​១៥០​គ្រាប់​, ដែកកេះ​២, ចំពាមកៅស៊ូ​២, កាបូបស្ពាយ​១ ហើយ​នៅ​ក្នុង​ឃុំ​ក្រាំង​ម្កាក់ ដកហូត​បាន​ផាវ​គ្រាប់បែក​ចំនួន​១១៤​គ្រាប់​,​ព្រមទាំង​ឃុំ​ពើក ដកហូត​បាន​ផាវ​គ្រាប់បែក​ចំនួន​១០០​គ្រាប់​ដោយ​ក្មេង​ៗ​ទាំងនោះ​បោះចោល​ហើយ​រត់គេច​ខ្លួន​បាត់​អស់ ។

ចំណែក​ក្មេង​ៗ​ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​ក្នុង​ឃុំ​ឆក់​ឈើ​នាង​នោះ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​មក​ពី​ឈ្មោះ អុល នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ផាវ​គ្រាប់បែក​បាន​ទិញ​មកពីផ្សារ​បែក​ចាន ឃុំ​បែក​ចាន និង​ផ្សារ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ដើម្បី​ដុត​លេង​នា​ពេល​បណ្ដែត​ដូនតា​ថ្ងៃ​ភ្ជុំបិណ្ឌ ។

នគរបាល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ចម្លើយ​សារភាព​ហើយ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែលកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពើក រួម​ជាមួយ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ និង​លោក​មេ​ភូមិ​ចុះ​ទៅ​តូប​លក់​ផាវ​នៅ​ក្នុង​ផ្សារ​អង្គស្នួល ដែល​មាន​ម្ចាស់​ឈ្មោះ គង់ លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខ​របរ​​​លក់​ចាប់ហួយ​ដោយ​ដកហូត​បាន​ផាវ​គ្រាប់បែក​ចំនួន​៣៦​កញ្ចប់​ស្មើ​៣.៦០០​គ្រាប់ ។ ផាវ​ឈើគូស​ចំនួន​១៦០​ប្រអប់​ស្មើ​និង​៣.២០០​ដើម ។ កាំជ្រួច​ចំនួន​១២​ដុំ​ស្មើ​និង​១៤៤​ដើម ព្រមទាំង​បាន​ធ្វើការ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ទិញ​យក​មក​លក់​បន្ត​ទៀត ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​សល់​ទីតាំង​លក់​ផាវ​ខ្លះ​មិន​ទាន់​បាន​ចុះ​ទៅ​បង្ក្រាប​នៅឡើយ ហើយ​សរុប​លទ្ធផល​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នោះ កម្លាំង​នគរបាល​បាន​ដកហូត​បាន​ផាវ​គ្រាប់បែក ៣៦​កញ្ចប់​ស្មើ​និង​៤.១៥០​គ្រាប់​, ផាវ​ឈើគូស​១៦០​ប្រអប់​ ស្មើនឹង​៣.២០០​ដើម ។ កាំជ្រួច​ធ្វើ​ក្នុងស្រុក​៤៧​ដើម ។ កាំជ្រួច​ខ្នាត​តូច​១២​ដុំ​ស្មើនឹង​១៤៤​ដើម​ផលិត​នៅ​ប្រទេស​ថៃ ។ ចំពាមកៅស៊ូ​ចំនួន​៥ ដែកកេះ​ចំនួន​៧, កាបូប​ដាក់​ផាវ​ចំនួន​៣ ។ ដោយឡែក​ក្មេង​ទាំង​៨​នាក់​ខាងលើ កម្លាំង​កំពុង​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ប្រគល់​ជូន​អាណាព្យាបាល​វិញ ៕