ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ទន្លេស្រែពក​ប៉ះពាល់​លំនៅ​ដ្ឋា​ន ស្រែ​ចម្ការ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធ្ងន់ធ្ងរ​នៅ​ស្រុក​លំ​ផាត់ ខណៈ​អភិបាលខេត្ត​ចុះ​ពិនិត្យ​ផ្ទាល់

17 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទាល់​ពី​ស្ថានភាព នៃ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង…

ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទាល់​ពី​ស្ថានភាព នៃ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្វើ​អោយ​ទន្លេស្រែពក​ហក់​ឡើង​លិច ភូមិដ្ឋាន ស្រែ​ចំការ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​លំ​ផាត់ ក្នុង​ខេត្តរតនគិរី ។ នេះ​បើ​យោង​តាម​ផេ​ក មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​បាន​ផ្សាយ​នា​ថ្ងៃ​ល្ងាច​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ ។

មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​បញ្ជាក់​ថា ក្នុង​ឱកាស​នៃ​ការ​ចុះ​ពិនិត្យ​ផ្ទាល់​អំពី​ស្ថានភាព​នៃ​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​លំ​ផាត់ នា​ពេល​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា​ធ្វើការ​វាយតម្លៃ​នៃ​ការ​ខូចខាត​ឱ្យ​បាន​ច្បាស់លាស់ និង​លើក​ផែនការ​ជាក់លាក់ ដើម្បី​ជា​វិធានការ​ជួយ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ការងារ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ដំណាំ​ស្រូវ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ឆាប់រហ័ស ព្រមទាំង​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ និង ត្រៀម​ឆ្លើយ​តប​ជា​ប្រចាំ ជា​ពិសេស​ទីតាំង​ដែល​ងាយ​រង​ការ​ជន់​លិច ។

ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មាន​ភាព​ម្ចាស់​ការ ក្នុង​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​មាន​ក្នុងភូមិ​សាស្ត្រ​ខ្លួន គឺ​ត្រូវ​ប្រើ​ឲ្យ​អស់​គ្រប់​វិធានការ ក្នុង​ការ​ដោះស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​អោយ​បាន​ទាន់​ពេលវេលា​។

គួរ​បញ្ជាក់​ថា ៖ របាយការណ៍​ស្តី​ពី​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ ស្រុក​លំ​ផាត់ បាន​បង្ហាញ​ថា ស្រុក​លំ​ផាត់​បាន​រង នៅ​សម្ពាធ​ទាប​ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះ​ទឹកជំនន់​ទាំង​១៦​ភូមិ នៅ​ឃុំ​ជ័យ​ឧត្តម ឃុំ​សេ​ដា និង ឃុំ​កា​ឡែ​ង មាន​ដូច​ខាងក្រោម​៖

១.​ឃុំ​សេ​ដា​.​ប៉ះពាល់ ០៧​ភូមិ លំនៅ​ដ្ឋា​ន​មាន​ចំនួន​១៦៣ ខ្នង ២៤៣​គ្រួសារ មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ចំនួន​១.៨៧៥ នាក់ ស្រី ៩១០​នាក់​ដីស្រែ​ចំនួន ៨៨៤ ហិ​កតា​ដីចំការ និង​ដំណាំ​រួម​ផ្សំ ចំនួន​១.៦៩០ ហិ​កតា មាន់​.​ទា​.​ជ្រូក​.​ក្របី​.​គោ សុ​រប​ចំនួន ១៥០​ក្បាល ផ្លូវ​មាន​ចំនួន ០៣ កន្លែង សរុប​ជា​ប្រវែង​ចំនួន ៣៤ គីឡូ​ម៉ែត្រការ៉េ គ្រួសារ​សរុប​៣២៣​គ្រួសារ ប្រជាពលរដ្ឋ​សរុប​១.៤៤៩​នាក់ ស្រី​៧១០​នាក់ ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​សរុប​១៤០​គ្រួសារ ប្រជាពលរដ្ឋ​សរុប​៥៤០​នាក់ ស្រី​២១០​នាក់ កុមារ​៤៥​នាក់ ស្ត្រី​មេម៉ាយ​៣៥​នាក់ និង​ជន​ពិការ​សរុប​១៥​នាក់​។

២. ឃុំ​កា​ឡែ​ង ប៉ះពាល់​ចំនួន​៣​ភូមិ លំនៅ​ឋាន​ចំនួន ៦០ គ្រួសារ មាន​ប្រជាពលរដ្ឋ​ចំនួន​១៤៩​នាក់ ស្រី​៦៦ នាក់​ដីស្រែ​ចំនួន ១៨ ហិ​កតា​ដីចំការ និង​ដំណាំ​រួម​ផ្សំ​ចំនួន​១៨០​ហិ​កតា​។

៣. ឃុំ​ជ័យ​ឧត្តម ទឹកជំនន់​ទាំង​៦​ភូមិ មានគ្រួសារ​សរុប ១,៥៣២​គ្រួសារ​មនុស្ស​សរុប​៦,២២៥​នាក់ ស្រី​៣,០៧៨​នាក់ គ្រួសារ​ទឹក​លិច​ចំនួន ១,០០៨​គ្រួសារ​មនុស្ស​សរុប​៣,០២៤​នាក់ ស្រី​១,៦០៧​នាក់ ប៉ះពាល់​ចំនួន ០៦​ភូមិលំនៅ​ដ្ឋា​ន​ចំនួន​៥៤​ខ្នង មាន​ប្រជាពលរដ្ឋ​ចំនួន ២១២ នាក់ ស្រី​១១​នាក់ ដីស្រែ​ចំនួន ៧៥៥ ហិ​កតា​ដីចំការ និង​ដំណាំ​រួម​ផ្សំ ចំនួន​៣១៥ ហិ​កតា​ផ្លូវ​ប្រវែង​ចំនួន​៤,៩៣៥​ម៉ែត្រ និង​លូ​០៧​កន្លែង វត្ត​អារាម​ចំនួន​០១​វត្ត ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​ទីទួល​សុ​វត្តិភាព​សរុប​៧១​គ្រួសារ ប្រជាពលរដ្ឋ​សរុប​២៣៤​នាក់ ស្រី​១២៤ នាក់ កុមារ​៤៥​នាក់ ។

៤. ប៉ះពាល់​សាលារៀន​ចំនួន​០៤​សាលា រួម​មាន សាលា​បឋម​សិក្សា​កែង​សាន់ សាលា​បឋម​សិក្សា​បាន​ម៉ៃ សាលា​បឋម សិក្សា​ស្រែ​ឈូក សាលា​បឋម​សិក្សា​អូរ​កាន និង​មាន​ផល​ប៉ះពាល់ លិច​អណ្តូងទឹក​សរុប​ចំនួន​៤​អណ្តូង បង្គន់​អនាម័យ​ចំនួន​៥​ខ្នង​១០​បន្ទប់ ៕