ខេត្តកំពត ៖ ល្បែងស៊ីសងតាមអនឡាញ ចាប់បើកដំណើរការឡើងវិញហើយដោយមានមេការដើរដាក់តាមរោងលក់កាហ្វេនិងកន្លែងលក់ដូរជាទីប្រជុំជន ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ។

ដោយឡែក នៅស្រុកកំពង់ត្រាច មានដាក់ទូរទស្សន៍អនឡាញតាមហាងការហ្វេជាប់20កន្លែង រួមមានយូគី មានឆ្នោតឡូតូ ចាក់ត្រូវមួយសងដប់ និងដាក់លុយភ្នាល់បញ្ជល់មាន់ស្រែកហ៊ោរទ្រហឹងអឺងអាប់ ចាប់ពីម៉ោង០៨ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង២រហូតដល់ម៉ោង៥ល្ងាច លែងគិតរឿងរកស៊ីអ្វីទាំងអស់ គិតតែល្បែងទៅហើយ។

បើយោងតាមការអោយដឹងពីប្រជាពលរដ្ឋនៅដាស់ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច បាននិយាយប្រាប់អោយដឹងថា ល្បែងស៊ីសងតាមទូរទស្សន៍អនឡាញដាក់តាមហាងកាហ្វេនិងទីប្រជុំជននេះ មានចាក់ឡូតូ និងយូគីរួមទាំងបញ្ជល់មាន់បានស្ងប់ស្ងាត់ម្ដងហើយ ប៉ុន្តែឥឡូវនេះខាងក្រុមហ៊ុនគេដើរដាក់តាមតូបលក់ដូរវិញ ។

ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ការដាក់ល្បែងស៊ីសងតាមហាងកាហ្វេនិងទីប្រជុំជនបែបនេះ វាផ្ទុយពីលក្ខណៈភូមិ-ឃុំសុវត្ថិភាព ។ ប្រជាពលរដ្ឋបាននិយាយថា គាត់និងព្យាយាមមានមតិក្នុងវេទិការសាធារណៈនៅមូលដ្ឋានរបស់ខ្លួនជាមួយអាជ្ញាធរស្រុកកំពង់ត្រាច ។ លោកអភិបាលរងស្រុកកំពង់ត្រាចធ្លាប់បានមានប្រសាសន៍ថា ល្បែងដាក់តាមអនឡាញនោះដូចជាគេមានអាជ្ញាប័ណ្ណ ប៉ុន្តែលោកថាមិនទាន់ច្បាស់ទេ ។

ដោយឡែក នៅស្រុកបន្ទាយមាស ក៏មានដាក់លេងពពាក់ពពូននៅហាងលក់កាហ្វេផ្លូវចូលទៅរោងចក្រជីហ្វូស្វាតទូកមាស ស្ថិតនៅភូមិទូកមាស ឃុំទូកមាសខាងលិចស្រុកបន្ទាយមាស កំពុងតែលេងគគ្រឹកគគ្រេងផងដែរ ខណៈពេលអាជ្ញាធរក៏សំងំស្ងៀមស្ងាត់ឈឹងបែបនេះ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ