ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុលម្អិត… ករណីហូបសាច់សត្វព្រៃឆៅស្លា.ប់មនុ​ស្ស​៧នាក់​​យ៉ាង​​រន្ធត់

6 ឆ្នាំ មុន

ដោយ​សារ​តែ​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ឆៅ ​(​ដែល​ចម្អិន​មិន​ឆ្អិន​) !

ខេត្តកំពង់ធំ ៖ យ៉ាង​ហោច​ណាស់​ មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​ស្លាប់ ១២​នាក់​​ឈឺ​ធ្ងន់ និង​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​ទៀត​​​ឈឺ​ស្លាប់​ដោយ​សារ​តែ​ការ​បរិភោគ​សាច់សត្វ​ព្រៃ​ឆៅ ​(​ដែល​ចម្អិន​មិន​ឆ្អិន​) !

ពាក់ព័ន្ធ​នឹង​ករណី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ខាងលើ​នេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​កោះសន្តិភាព​ទទួល​បានឱ្យ​ដឹង​ថា​បាន​កើតឡើង​នៅ​ច្រក​តោ ស្ថិត​ក្នុង​ឃុំ​មាន​ឫទ្ធិ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ជិត​បរិវេណ​ព្រៃ​ឡង់ ។

លោក​អនុសេនីយ៍ឯក ចាន់ មាន​ជ័យ មេ​ប៉ុស្តិ៍​មាន​ឫទ្ធិ​បាន​ប្រាប់​ថា នៅ​ច្រក​តោ​នេះ ​មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ច្រើន​មក​ស្នាក់​នៅ ហើយ​ការ​ស្លាប់​នេះ បើ​តាម​របាយការណ៍​មាន​ចំនួន​៧​នាក់ រួម​មាន​មន្ត្រី​ឧទ្យាន​នុ​រក្ស​ការពារ​ឧទ្យាន​ធនធានធម្មជាតិ​ព្រៃ​ឡង់​ម្នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​ទៀត ក្នុង​នោះ​ពលរដ្ឋ​នៅ​ក្នុងភូមិ​ត្បូង​ទឹក ឃុំ​មាន​ឫទ្ធិ​របស់​លោក​ចំនួន​២​នាក់​ស្លាប់ ទី​១-​ឈ្មោះ អ៊ុ​ល ជី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​២-​ឈ្មោះ ហ៊ិ​ន ញ៉ឹម ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ។ ចំណែក​ប្រជា​ពលរដ្ឋ​៤​នាក់​ទៀត​រស់នៅ​ឃុំ​សណ្តាន់ ។

លោក បាន ហេង មេឃុំ​សណ្តាន់​ប្រាប់​ថា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​ចំនួន​៤​នាក់​បាន​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់​រួម​មាន​ទី​១-​ឈ្មោះ ផេង ច្រាញ់ ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ ទី​២-​ឈ្មោះ សាំ គួ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​៣-​ឈ្មោះ ហ៊ីង ភ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ទី​៤-​ឈ្មោះ ប៉ាត ឌី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ចំណែក​ឈ្មោះ កុយ ហ៊​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កំពុង​ឈឺ​ធ្ងន់​ដឹក​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​សណ្តាន់​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ ។ អ្នក​ទាំង​៥​រស់នៅ​ភូមិ​ឈូក ឃុំ​សណ្តាន់ ។ រីឯ​ខាង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ដែល​ដាក់​ឱ្យ​ឈរជើង​ការពារ​នៅ​តំបន់​ធនធានធម្មជាតិ​ព្រៃ​ឡង់​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ចំនួន​សរុប​១៣​នាក់​បាន​ឈឺ​ចូល​សម្រាក​ពេទ្យ​ក្នុង​នោះ​ស្លាប់​ម្នាក់ ។

១-​ឈ្មោះ ចាប់ ជាន ២-​ឈ្មោះ ព្រុំ ពង ៣-​ឈ្មោះ គី ម៉ា​ប់ ៤-​ឈ្មោះ អេ​ន អ៊ា​ន់ ៥-​ឈ្មោះ ដោក ឌ​ត ៦-​ឈ្មោះ កែវ គី​លី​ន ៧-​ឈ្មោះ អៀ​ប ឌី​ណា ៨-​ឈ្មោះ ស៊ឹ​ម គឹ​ម​ស៊ន ៩-​ឈ្មោះ អ៊ុ​ក អៀង ១០-​ឈ្មោះ គង់ វ៉ា​ន ១១-​ឈ្មោះ លី សុខា​ឧត្តម ១២-​ឈ្មោះ  គឹ​មគង់ ។ ១២​នាក់​នេះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ទី​១៣-​អ្នក​ដែល​បាន​ស្លាប់​ឈ្មោះ ឆេ​ង សុខ​ឈី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​គគី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ។

ជុំវិញ​ករណី​មាន​មនុស្ស​ស្លាប់​រហូត​ដល់​៧​នាក់​ខាងលើ​នេះ​លោក​វេ​ជ្ច​បណ្ឌិត ស្រី ស៊ី​ន និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ថាបើ​យោង​តាម​លទ្ធផល​ធ្វើតេស្ត​ទៅ​លើ​អ្នកជម្ងឺ​របស់​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​ខេត្ត ព្រម​ជាមួយ​និង​ការ​ចុះ​សាកសួរ​ដល់​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ករណី​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ខាងលើ​នេះ​មិនមែន​បណ្តាល​មក​អំពី​កើត​ជម្ងឺឆ្លង​អ្វី​នោះ​ទេ ។

លោក​និយាយ​ថា ការ​ស្លាប់​នេះ​គឺ​បណ្តាល​មក​ពី​ពួក​គាត់​បាន​នាំ​គ្នា​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​នៅ​ឆៅ ចម្អិន​មិន​បាន​ឆ្អិន ដូច​ជា​សាច់​ជ្រូកព្រៃ សាច់​ឈ្លូស ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ភ្លា​ហូប​ឆៅ​ៗ​តែ​ម្តង​ខណៈ​សាច់សត្វ​ព្រៃ​នោះ​វា​មាន​ផ្ទុកមេរោគ ។ នៅ​ពេល​យើង​បរិភោគ​ឆៅ វា​បណ្តាល​ឱ្យ​កើតជា​ជម្ងឺ​ឈឺ​សាច់ដុំ និង​ហើម​ដៃ​ហើមជើង ឈឺ​ចុកចាប់​ពេញខ្លួន​រហូត​ដល់​ស្លាប់​បាន ។

ក្នុង​នោះ​ផង​ដែរ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ សូមកុំ​ឱ្យ​នាំ​គ្នា​ទទួល​ទាន​សាច់សត្វ​គ្រប់​ប្រភេទ ដែល​នៅ​ឆៅ ពីព្រោះ​វា​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើង​ទាំងអស់​គ្នា ។ ជា​ពិសេស​ ការ​ទទួលទាន​សាច់សត្វ​ព្រៃ​វា​ខុសច្បាប់​ផង​ដែរ បើ​យើង​ទាំងអស់​គ្នា​មិន​នាំ​គ្នា​បរិភោគ​សាច់សត្វ​ព្រៃ​ទេ​នោះ ក៏​គ្មាន​អ្នក​សម្លាប់​យក​មក​លក់​ដែរ ៕