ខេត្តស្ទឹងត្រែង៖ ផ្លែម៉ាក់ប្រាងជាប្រភេទដំណាំឈើហូបផ្លែម្យ៉ាង មានរូបរាងតូចជាងពង់មាន់នៅពេលខ្ចីវាមានពណ៌បៃតង និងពេលទុំមានពណ៌លឿង មានសំបកស្តើងសាច់ពណ៌លឿងទុំសរសៃ និងមានរស់ជាតិជូរ និងផ្អែម មានគ្រាប់ដ៏រឹងមាំនៅកណ្តាលគ្រាប់នៃផ្លែ ។ ម៉ាក់ប្រាងចាប់ផ្តើមចេញផ្កានៅកំឡុងខែធ្នូ និងចាប់ផ្តើមទុំអាចប្រមូលផលបានក្នុងកំឡុងខែមីនា ។
![Picture]()
លោកស្រី ថៃ បាក់លី កសិករនៅភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង បានរៀបរាប់ថា គ្រារដូវប្រមូលផលលោកស្រីអាចលក់ទៅកាន់ទីផ្សារក្នុងតម្លៃ៨.០០០រៀល ក្នុងមួយគីឡូក្រាម ។ លោកស្រីបន្តថា ម៉ាក់ប្រាងមួយដើមត្រូវចំណាយពេលថែទាំរយៈពេល៥ទៅ៦ឆ្នាំ ដំបូងបានផលចន្លោះពី១០ទៅ២០គីឡូក្រាម និងកើនឡើងជាបន្តបន្ទាប់ទៅតាមអាយុកាលឆ្នាំបន្តបន្ទាប់ផងដែរ ។
![Picture]()
នេះជាដើមដែលផ្សាំមែក ចំណែកដើមបណ្តុះពីគ្រាប់តាមបែបលក្ខណៈធម្មជាតិអាចមានអាយុរហូត១០ឆ្នាំនិងលើសពីនោះ ទើបអាចប្រមូលផលបាន។ លោកស្រីបន្តថា ដើមម៉ាក់ប្រាងដែលមានវ័យកណ្តាល ប្រមូលផលបានចន្លោះ៣០០គីឡូក្រាមរីឯដើមធំ ផ្តល់ផលចាប់ពី៥០០ទៅ៦០០គីឡូក្រាម ហើយផ្លែវាអតិថិជននិយមទិញទៅបរិភោគ ព្រោះជាផ្លែឈើធម្មជាតិ ក្នុងមួយឆ្នាំមានតែម្តង និងមានរស់ជាតិឆ្ងាញ់ ។
ម៉ាក់ប្រាងជាឈើហូបផ្លែមួយមុខ មានឈ្មោះនៅក្នុងបញ្ជីកសិកម្មតាំងពីដើមតរៀងមក ហើយកាលពីសម័យដើមច្រើនព្រះសង្ឃដាំនៅក្នុងទីអារាម មានម៉ាក់ប្រេង ម៉ាក់ប្រាង បច្ចុប្បន្ន កសិករដាំដុះ បានផលច្រើន ធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងបាននាំចេញទៅលក់នៅទីផ្សារផងដែរ។
![Picture]()
នាពេលថ្មីៗនេះប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្កើតគណៈកម្មាធិការតម្រង់ទិសនៃគម្រោងបន្លែផ្លែឈើកម្ពុជា វាយតម្លៃដាក់បញ្ចូល ផ្លែម៉ាក់ប្រាងចូលជាផលិតផលមួយភូមិមួយ ដើម្បីឈានដល់ការនាំចេញទៅកាន់ទីផ្សារ។ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ចាក់ថា លោកនិងចាត់អោយមន្ត្រីជំនាញផ្តល់នូវបច្ចេកទេសថែទាំលើដំណាំឈើហូបផ្លែមួយប្រភេទនេះបន្ថែម ដើម្បីទទួលបានទិន្នផលកាន់តែល្អ ហើយរៀបចំដាក់បញ្ចូលទៅជាផលិតផលមួយភូមិមួយទៅតាមរដូវកាល ។
លោកបន្តថា ផ្លែឈើមួយមុខនេះមានទីផ្សារល្អ ព្រោះមានរស់ជាតិឆ្ងាញ់ប្លែកពីផ្លែឈើផ្សេងៗទៀត ហើយនៅក្នុងខេត្ត ក៏ត្រូវការបញ្ជាទិញច្រើន មួយចំណែកទៀតបាននាំចេញទៅទីផ្សារនានានៅតាមបណ្តាខេត្ត ជាពិសេសទៅរាជធានីភ្នំពេញ ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ