ខេត្តបន្ទាយមានជ័យ ៖ ដងស្ទឹងមង្គលបូរី និងសិរីសោភ័ណ ដែលកំពុងប្រឈមខ្វះទឹកប្រើប្រាស់នោះ ត្រូវបានមន្ទីរជំនាញចុះរៀបចំទប់ជាកង់ៗ និងបានណែនាំឱ្យប្រជាកសិករបូមទឹកបញ្ចូលស្រូវប្រាំងមានកំណត់ និងមិនឱ្យខ្ជីខ្ជារនោះទេ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា ជាការណែនាំពីអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ហើយមន្ត្រីជំនាញនិងអាជ្ញាធរស្រុកបានចុះពិនិត្យមើលពីស្ថានភាពទឹកស្ទឹងមង្គលបូរី បានប្រឈមការខ្វះខាត ព្រោះទឹកស្ទឹងរីងស្ងួតអស់ជាកន្លែងៗ ត្រូវបានបិទទប់ស្កាត់ទឹកទុកបម្រុង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់មិនឱ្យខ្វះខាត ។

លោកបានបញ្ជាក់ថា សេវាករទឹកស្អាតមង្គលបូរីប្រើប្រាស់ទឹកស្ទឹងផង និងអាងបម្រុងទុកមិនអោយខ្វះដូចឆ្នាំមុនៗហើយមន្ត្រីជំនាញក៏កំពុងយកចិត្តទុកដាក់ចុះពិនិត្យសិក្សាបិទជាកង់ មិនអោយទឹកហូរធ្លាក់ទៅផ្នែកខាងក្រោមអស់ទុកសម្រាប់អ្នកលើប្រើ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា នៅដងស្ទឹងសិរីសោភ័ណអាចប្រឈមដូចគ្នា តែអាជ្ញាធរនិងមន្ត្រីជំនាញកំពុងចុះពិនិត្យត្រូវបានបិទជាកង់ៗដូចនៅស្ទឹងមង្គលបូរីដូចគ្នា មូលហេតុដោយសារទឹកស្រកលឿន ប្រជាកសិករបូមទឹកបញ្ចូលស្រូវប្រាំដែលមិនបានប្រមូលផលត្រូវបានបូមទឹកបញ្ចូលទើបទឹកស្ទឹងរីងលឿនស្រកអាចប្រឈមខ្វះ បើគ្មានវិធានការទប់ស្កាត់ ។

លោកបានបញ្ជាក់ថា ក្រុងសិរីសោភ័ណមានចំនួន៥សង្កាត់ រស់នៅស្របមាត់ស្ទឹងសិរីសោភ័ណ មានសង្កាត់ព្រះពន្លា សង្កាត់ភ្នៀត សង្កាត់អូរអំបិល សង្កាត់ទឹកថ្លា សង្កាត់កោះពងសត្វ ប្រជាពលរដ្ឋប្រើប្រាស់ទឹកចូលរួមសន្សំសំចៃនិងការបូមបញ្ជូនស្រូវត្រូវមានកម្រិតមិនឱ្យលើសលុបអាចខ្វះទឹកបាន បើមិនចូលរួមប្រើប្រាស់សន្សំសំចៃ។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបញ្ជាក់ថា មន្ត្រីនៃមន្ទីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យមើលតាមដងស្ទឹងមង្គលបូរី និងសិរីសោភ័ណ ត្រូវបានចុះបិទជាកង់ៗទប់ស្កាត់ទឹកទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ហើយចុះណែនាំប្រជាកសិករអោយចេះប្រើប្រាស់ទឹកសម្រាប់បញ្ជូនស្រូវដែលត្រូវទទួលផលមិនអោយប្រើប្រាស់ខ្ជីខ្ជារអាចប្រើត្រឹមតែទទួលផលបានហើយ ហើយមន្ត្រីជំនាញចុះពិនិត្យណែនាំជា
ប្រចាំ ។




ចែករំលែកព័តមាននេះ