ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​សេ​អ៊ូ​ល​នឹង​ដេញថ្លៃ​សម្រាប់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០៣៦ ដោយ​គ្មាន​កូរ៉េ​ខាងជើង

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េ​ខាងត្បូង នឹង​បន្ត​ដំណើរការ​ដេញថ្លៃ​របស់​ខ្លួន ដើម្បី​ធ្វើ​ម្ចាស់

កូរ៉េ​ខាងត្បូង ៖ ទីក្រុង​សេ​អ៊ូ​ល​របស់​កូរ៉េ​ខាងត្បូង នឹង​បន្ត​ដំណើរការ​ដេញថ្លៃ​របស់​ខ្លួន ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ​២០៣៦ ដោយ​ពុំ​ចាំបាច់​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ជាមួយនឹង​រដ្ឋធានី​ព្យុ​ង​យ៉ាង​របស់​កូរ៉េ​ខាងជើង​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Oh Se-hoon អភិបាលក្រុង​សេ​អ៊ូ​ល​ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

ចំ​ពេល​មាន​ក្តី​សង្ឃឹម​សម្រាប់​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើងជា​មួយ​កូរ៉េ​ខាងជើង ទីក្រុង​សេ​អ៊ូ​ល​បាន​ផ្ញើ​សំណើ​សម្រាប់​ការ​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០៣២ ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ទៅ​កាន់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) កាលពី​ឆ្នាំ​២០២១ ពោល​គឺ​មុន​ពេល​ដែល​ទីក្រុង​ប្រ៊ី​សបាន Brisbane របស់​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​ជា​ម្ចាស់ផ្ទះ​។

ការ​ដេញថ្លៃ​រួម​គ្នា​សម្រាប់​ឆ្នាំ​២០៣២ គឺ​ដើម្បី​ស្វែងរក​ការ​កសាង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដូចនឹង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​តំបន់ Pyeongchang ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ភាគ​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៨ ដោយ​អំឡុង​ពេល​នោះ អត្ត​ព​លិ​ក​ប្រទេស​កូរ៉េ​ទាំង​ពីរ បាន​ដើរ​ដង្ហែ​ក្បួន​ក្រោម​ទង់ជាតិ​បង្រួបបង្រួម​ក្នុង​ពិធី​បើក និង​ដាក់​ក្រុមកីឡា​វាយកូនគោល​លើ​ទឹកកក​ផ្នែក​នារី​រួម​បញ្ចូល​គ្នា​ផង​ដែរ​។

លោក Oh បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​ថា «​ខ្ញុំ​គិត​ថា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ ២០៣២ នឹង​ត្រូវ​វិនាស​និង​បរាជ័យ ដោយសារ​ទំនាក់ទំនង​អន្តរ​កូរ៉េ ដែល​មិន​អាច​ទាយ​ទុកជា​មុន​បាន​»​។

ប្រធាន IOC លោក Thomas Bach បាន​ស្វាគមន៍​ចំពោះ​ការ​ដេញថ្លៃ​រួម​គ្នា​នៅ​ពេល​នោះ ដែល​លោក​បាន​ហៅ​ថា គំនិត​ផ្តួចផ្តើម​ជា​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ទំនាក់ទំនង​នេះ បាន​រសាត់​ឆ្ងាយ​ទៅ​វិញ ហើយ​កូរ៉េ​ខាងជើង​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​បាលី​ស្ទីក​ជា​កំណត់​ត្រា​ក្នុង​ឆ្នាំ​មុន​របស់​ខ្លួន​ផង​ដែរ​។

លោក Oh Se-hoon អភិបាលក្រុងសេអ៊ូល

ទីក្រុង​ព្យុ​ង​យ៉ាង​តែងតែ​ធ្វើការ​គំរា.មកំហែង​ទីក្រុង​សេ​អ៊ូ​ល រួម​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន (​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង​) ជា​កន្លែង​ដែល​ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា កូរ៉េ​ខាងជើង​ប្រហែលជា​កំពុង​រៀបចំ​ដើម្បី​បន្ត​ការ​សាកល្បង​អាវុ.ធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​របស់​ខ្លួន ចាប់តាំងពី​ឆ្នាំ​២០១៧​។

បន្ថែម​ពីលើ​នេះ លោក Oh បាន​និយាយ​ថា ទីក្រុង​សេ​អ៊ូ​ល​នឹង​នៅ​តែ​អាច​បត់បែន​បាន​ចំពោះ​គំនិត​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​មួយ​ចំនួន​នៅ​ក្នុង​តំបន់​គ្មាន​យោធា ឬ​ទីក្រុង​ព្យុ​ង​យ៉ាង ប្រសិនបើ​ទំនាក់ទំនង​មាន​ភាព​ប្រសើរ​ឡើង​គ្រប់គ្រាន់​នៅ​ពេល​នោះ​។

ទោះ​យ៉ាងណា​ក៏​ដោយ មន្ត្រី​មួយ​រូប ដែល​មិន​បញ្ចេញ​ឈ្មោះ​របស់​គណៈកម្មាធិការ​កីឡា និង​អូ​ឡាំ​ពិ​ក​កូរ៉េ (KSOC) បាន​និយាយ​ថា ខ្លួន​មិន​បាន​ទទួល​សេចក្តីថ្លែងការណ៍​ផ្លូវការ​ពី​ចេតនា​របស់​ទីក្រុង​សេ​អ៊ូ​ល ឬ​ទីក្រុង​ប៊ូ​សាន លើ​ការ​ដេញថ្លៃ​ធ្វើ​ម្ចាស់​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០៣៦ នោះ​ទេ​។ មន្ត្រី​រូប​នោះ​បន្ថែម​ថា វា​អាស្រ័យ​លើ​ទីក្រុង​នីមួយ​ៗ ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ជាតិ ដើម្បី​សម្រេច​ថា តើ​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​គ្នា​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ឬ​យ៉ាងណា?

ក្នុង​ចំណោម​គូប្រជែង​ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​ដេញថ្លៃ​នេះ ប្រទេស​កា​តា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើការ​ជំរុញ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០៣៦ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup កាលពី​ឆ្នាំ​មុន ហើយ​ជាមួយ​គ្នា​នោះ ឥណ្ឌា អា​ល្លឺ​ម៉​ង់ ម៉ិ​ក​ស៊ិ​ក និង​អេ​ហ្ស៊ី​ប​ក៏​ត្រូវ​បាន​រាយការណ៍​ថា កំពុង​ពិចារណា​លើ​ការ​ដេញថ្លៃ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ